
សៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាប បានកម្ទេចបំពង់ស៊ីមុំាងម៉ូតូដែលកែច្នៃខុសបច្ចេកទេស និងដែលបានបង្រ្កាបបាននាពេលកន្លងមក ដើម្បីបង្ហាញដល់សាធារណជន ក៏ដូចជាសារដាស់តឿនដល់ ពលរដ្ឋ ពិសេសយុវជនកុំឱ្យប្រើប្រាស់បន្តទៀត។
ស្នងការខេត្តសៀមរាប លោក ហួត សុធី បានឱ្យដឹងថា បំពង់ស៊ីមុំាងម៉ូតូកែច្នៃជាង៣០០ និងភ្លើងហ្វា ដែលបំពាក់លើម៉ូតូ និងរ៉ឺម៉កកង់បី ដែលយកមកកម្ទេចពេលនេះ គឺត្រូវបានបង្រ្កាបនៅតាមក្រុង និងស្រុកទូទាំងខេត្តក្នុងរយៈពេលមួយឆ្នាំមកនេះ។ លោក ហួត សុធី បន្តថា ឧបករណ៍ទាំងនេះ បានបង្កផលប៉ះពាល់ និងរំខានដល់សន្តិសុខសណ្ដាប់ធ្នាប់ជាខ្លាំង ដូចជាធ្វើឱ្យពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សម្រាន្តមិនលក់ជាដើម។
លោក ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប
នៅមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែមេសា លោក ហួត សុធី បញ្ជាក់ថា ក្រោយបង្រ្កាបបាន សមត្ថកិច្ចបានអប់រំណែនាំ និងឱ្យម្ចាស់យានជំនិះយកសម្ភារដែលត្រូវបច្ចេកទេស មកដោះដូរ និងមិនមានការផាកពិន័យអ្វីឡើយ។ យ៉ាងណាលោក ហួត សុធី អះអាងថា ករណីម្ចាស់យានជំនិះនៅតែធ្វើ និងចាប់បានជាលើកទី២ នោះសមត្ថកិច្ចនឹងដកហូតយានជំនិះ ទុកនៅស្នងការមួយរយៈ ដូចករណីបង្ហោះម៉ូតូជាដើម។
លោកស្នងការកត់សម្គាល់ថា ក្រោយបង្រ្កាបបាន និងអប់រំណែនាំ ករណីបំពាក់បំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ រៀងស្ងាត់បន្តិច ហើយលោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ពីផលប៉ះពាល់ ហើយលែងប្រើប្រាស់បន្តទៀត។
ក្រៅពីបង្រ្កាបអ្នកប្រើប្រាស់ លោក ហួត សុធី អះអាងថា សមត្ថកិច្ចក៏បានចុះអប់រំ និងណែនាំដល់ម្ចាស់អាជីវកម្ម ក៏ដូចជាកន្លែងកែច្នៃនានា ឱ្យឈប់ចែកចាយ ឬធ្វើបន្តទៀត ដើម្បីរួមគ្នាថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ខេត្តសៀមរាបឱ្យបានល្អប្រសើរ។
ក្រៅពីនេះ ក៏មានការអប់រំកន្លែងកែច្នៃ ដោយចុះអប់រំ ណែនាំ អាជីវកម្មមួយចំនួន សំណូមពរកុំឱ្យលក់របស់ហាមឃាត់នេះ ដើម្បីចូលរួមសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងខេត្ត៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com

