
សត្វប្រើស ជ្រូកព្រៃ និងទន្សោង យ៉ាងហោច ៦ក្បាលបានងាប់នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្ដរមានជ័យ ដែលគិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥។ នេះបើតាមសង្ឃដីការបស់ព្រះតេជព្រះគុណ ថូ ធូរស់ ព្រះប្រធានគណៈកម្មការសហគមន៍រុក្ខា វ័ន មកកាន់សារព័ត៌មានឌីជីថលថ្មីៗ នាថ្ងៃទី២ ខែមេសា។
ព្រះអង្គ ថូ ធូរស់ បានផ្ដល់សង្ឃដីកាថា នៅរដូវប្រាំងនេះ សត្វព្រៃជួបបញ្ហាប្រឈមធំៗចំនួនពីរ គឺអន្ទាក់ និងខ្វះប្រភពទឹកផឹក ដែលបណ្ដាលឱ្យពួកវាងាប់ស្ទើររាល់ខែ។ គិតចាប់ពីខែធ្នូ ឆ្នាំ ២០២៤ ដល់ខែមីនា ឆ្នាំ ២០២៥ មានសត្វព្រៃយ៉ាងហោច ៦ក្បាល ត្រូវបានគេប្រទះឃើញងាប់រប៉ាត់រប៉ាយនៅក្នុងព្រៃសហគមន៍រុក្ខាវ័ន។ ដោយឡែក សត្វដែលរួចផុតជីវិតវិញ ក៏រស់នៅយ៉ាងវេទនាដែរ ដ្បិតខ្លះរងរបួស និងពិការជើង។
ព្រះប្រធានគណៈកម្មការសហគមន៍រុក្ខាវ័ន មានសង្ឃដីកាបន្តថា រដូវប្រាំង ឆ្នាំ២០២៥នេះ មានសត្វងាប់ច្រើនជាងបណ្ដាឆ្នាំមុន ធៀបនឹងរយៈពេលដូចគ្នា។ ប៉ុន្តែការងាប់របស់សត្វទន្សោងវិញ បានថយចុះពី៣ក្បាល មកត្រឹម១ក្បាលប៉ុណ្ណឹង ធៀបនឹងរយៈពេលឆ្នាំ ២០២៤។ សម្រាប់ករណីទន្សោងងាប់នេះដែរ អាជ្ញាធរ និងប្រជាសហគមន៍ ឃាត់បានជនល្មើសដែលរាយឧបករណ៍ឆក់ចំនួន ២ នាក់ និងបានដាក់ទោសទណ្ឌតាមច្បាប់រួចហើយ។
ព្រះតេជព្រះគុណ ថូ ធូរស់ បន្តសង្ឃដីកាបែបនេះ៖ «ចាប់ពីខែធ្នូមក យើងឃើញថា ទឹកបានរីងជាបន្តបន្ទាប់ ដែលធ្វើឱ្យសត្វអត់សូវមានកន្លែងផឹកទឹកទេ ដូច្នេះ នៅពេលពួកវា (សត្វព្រៃ) ទៅរកស៊ីឆ្ងាយៗ ហើយដើររកកន្លែងផឹកទឹកអត់បាន គឺនឹងប្រឈមងាប់ហើយ។ បើសិនពួកវារកកន្លែងផឹកទឹកបាន ក៏មិនធានាសុវត្ថិភាពដែរ ព្រោះថា អន្ទាក់ត្រូវបានព្រានរាយនៅតាមថ្លុក ឬមាត់ទឹកផ្សេងៗ ដែលបានសម្លាប់សត្វព្រៃ និងធ្វើឱ្យរបួស ឬពិការជើង ជាដើម។»។
ព្រៃសង្ឃសហគមន៍រុក្ខាវ័នមានផ្ទៃដី ៣០ ២៥៤ហិកតា ដែលមានទាំងផ្ទៃដីគោក និងទឹកស្ទឹងផងដែរ។ ទោះយ៉ាងណា សត្វព្រៃភាគច្រើន មិនហ៊ានចុះផឹកទឹកស្ទឹងនោះទេ ដោយ សារខ្លាចសកម្មភាពនេសាទរបស់ពលរដ្ឋជុំវិញ។ ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាដូច្នេះ មុននឹងបន្តបារម្ភថា សត្វព្រៃរងភាពអត់ឃ្លានកាន់តែច្រើន បើសិនគ្មានភ្លៀងធ្លាក់នៅចន្លោះខែមេសា និងមិថុនា។ ទោះបីយ៉ាងណា សហគមន៍ព្រៃសង្ឃរុក្ខាវ័ន និងមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ មិនបានឈរមើលនោះទេ ដោយគ្រប់គ្នាបានពិភាក្សាលើគម្រោងជីកស្រះ, ទប់ទំនប់ទឹក និងបុកអណ្ដូង ដែលគ្រោងធ្វើនៅខែមេសានេះ ដើម្បីធានាទឹកឱ្យសត្វផឹកគ្រប់គ្រាន់។
ព្រះអង្គមានសង្ឃដីកាដូច្នេះថា៖ «ចាប់ពីខែនេះ ដល់ខែឧសភា ឬមិថុនា បើសិនមិនមានភ្លៀងធ្លាក់ទេ សត្វនឹងប្រឈមមុខនឹងការដាច់ទឹកផឹកកាន់តែច្រើន ព្រោះថា នៅតាមស្ទឹងដែលធ្លាប់តែផឹកនោះ មានប្រជាពលរដ្ឋចូលទៅនេសាទ ធ្វើឱ្យសត្វអត់ហ៊ានចុះផឹកទេ។ ប៉ុន្តែ រឿងនេះ អាត្មាក៏បានជជែកជាមួយប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យដែរថា ដោយយើងនឹងរៀបចំជីកស្រះ និងទប់ទំនប់ទឹក ក៏ដូចជា បុកអណ្ដូង ដើម្បីឱ្យសត្វផឹកនៅខែមេសានេះ។»។
ទាក់ទងនឹងបញ្ហាខ្វះទឹកនេះ កន្លងមក លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន តែងតែគិតគូរខ្ពស់ពីបញ្ហាខ្វះខាតទឹកសម្រាប់សត្វព្រៃនៅប្រាំង។ ជារៀងរាល់ឆ្នាំ ក្រសួងបានទប់ស្កាត់ការបង្ហូរទឹកចេញប្រព័ន្ធបឹងធម្មជាតិ ជាពិសេសបន្តជីកស្រះ និងស្ដារឡើងវិញនូវបឹងបួធម្មជាតិនានា ដើម្បីធ្វើយ៉ាងណារក្សាទឹកទុកឱ្យសត្វស្លាប និងជីវចម្រុះផ្សេងៗអាចចិញ្ចឹមជីវិត៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

