សិវលិង្គធំជាងគេសម័យអង្គរ អាចមានទម្ងន់ជាង១០តោននៅលើកំពូលភ្នំបូក

19/03/2025 2:42 pm សៀមរាប

សៀមរាប៖ សិវលិង្គធំជាងគេនៅសម័យអង្គរ ស្ថិតនៅលើកំពូលភ្នំបូក ស្រុកបន្ទាយស្រី ដែលមានប្រាសាទភ្នំបូក នៅលើកំពូលភ្នំនេះ។ ប្រាសាទភ្នំបូក ត្រូវបានកសាងក្នុងរាជ្យព្រះយសោវរ្ម័នទី១ ដែលជាប្រាសាទលើកំពូលភ្នំ ដូចប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម។


 


ប្រាសាទភ្នំបូក ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម មានរាងជា ត្រីកោណ ដែលមានប្រាសាទភ្នំបាខែង ស្ថិតនៅកណ្ដាល។ ខ្ញុំបានចាក់ចម្ងាយ google earth ពីប្រាសាទភ្នំបាខែង ទៅកាន់ប្រាសាទភ្នំបូក ដែលមានចម្ងាយ ១៤ ៥៤១ម៉ែត្រ។ ចម្ងាយត្រង់ពីប្រាសាទភ្នំបាខែង មកកាន់ប្រាសាទភ្នំក្រោម មានប្រវែង ១៦ ០២៣ ម៉ែត្រ។ ចម្ងាយត្រង់ពីប្រាសាទភ្នំក្រោម ទៅកាន់ប្រាសាទភ្នំបូក មានប្រវែង ២៧ ២៤៣ម៉ែត្រ។ 

 

ចម្លាក់សិវលិង្គនៅលើប្រាសាទភ្នំបូក មានទំហំធំជាងគេ ក្នុងចំណោមចម្លាក់សិវលិង្គនានាក្នុងសម័យអង្គរ។ លោក ហួរ សុធន បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ចម្លាក់សិវលិង្គនេះ មានទម្ងន់ប្រមាណ ១៤តោន។ 
«លិង្គនេះ មានកម្ពស់ប្រមាណ ៤.៣ម៉ែត្រ និងមានអង្កត់ផ្ចិត១.២០ម៉ែត្រ។ …លិង្គនេះ អាចមានទម្ងន់ថ្ម ប្រមាណ ១៤តោន។» លោក ហួរ សុធន ថ្លែងដូច្នេះ។ 
 
សិវលិង្គនេះ បានបែកបាក់ និងខូចខាតខ្លាំង។ ដើម្បីរក្សាតម្លៃជាសកល អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយ និងជួសជុលចម្លាក់សិវលិង្គនេះឡើងវិញ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា ក៏បានធ្វើរោង ដើម្បីការពារទឹកភ្លៀង ដែលអាចធ្វើឱ្យខូចរចនាសម្ព័ន្ធខឿន និងចម្លាក់សិវលិង្គនេះ។ 

 

លើកំពូលភ្នំបូកនេះ ទេសចរ អាចទស្សនាចម្លាក់ក្បូរក្បាច់តាមតាមជញ្ជាំងប្រាសាទ និងអាចលម្ហែអារម្មណ៍ជាមួយធម្មជាតិលើកំពូលភ្នំ ដែលមានកម្ពស់ប្រមាណ ២២០ម៉ែត្រ។ បើទេសចរឈរលើកំពូលភ្នំនោះ អ្នកនឹងអាចមើលឃើញវាលស្រែដាច់កន្ទុយភ្នែក បូករួមជាមួយការរស់នៅរបស់ពលរដ្ឋនៅភ្នំគូលែន ភ្នំក្រោម ទន្លេសាប និងឧទ្យានជាតិអង្គរ ដែលមានភ្នំបាខែងនៅកណ្តាល៕

 

ព័ត៌មានទាក់ទង