
ក្រពើភ្នំពូជសុទ្ធចំនួន ១០ក្បាល ត្រូវបានលែងក្នុងធម្មជាតិ នៅ«ឧទ្យានជាតិវីរៈជ័យ» ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ការលែងក្រពើភ្នំនេះ ធ្វើឡើងក្រោមកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាសញ្ញានៃការរស់រានសត្វក្រពើភ្នំឡើងវិញ បន្ទាប់ពីបាត់វត្តមានពួកវាពីឧទ្យានជាតិមួយនេះជាង២ទសវត្សរ៍មកហើយ។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ បានលើកឡើងថា ២៥ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ, ដៃគូរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងអភិរក្ស និងស្តារសត្វក្រពើភ្នំកុំឱ្យផុតពូជពីធម្មជាតិ។ ក្នុងនោះ អង្គការបានលែងក្រពើភ្នំជាច្រើនចូលទៅក្នុងព្រៃធម្មជាតិ ដែលធ្វើឱ្យពួកវាមានលទ្ធភាពបង្កាត់ពូជពងកើនឡើងផងដែរ។
ការលែងទៅក្នុងព្រៃធម្មជាតិ ត្រូវបានគេប្រើបច្ចេកវិទ្យាកត់ត្រាសំឡេង ដើម្បីតាមដានការផ្លាស់ទី និងការរស់រានមានជីវិតរបស់ក្រពើភ្នំ។ ទិន្នន័យនេះ មានសារៈសំខាន់ក្នុងការងារអភិរក្ស និងស្តារពួកវាឡើងវិញ។
បើតាម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ២០១១ រហូតបច្ចុប្បន្ន កម្ពុជាបានលែងសត្វក្រពើភ្នំពូជសុទ្ធចំនួន១២លើក ទៅក្នុងព្រៃធម្មជាតិ នៃតំបន់ជួរភ្នំក្រវាញ។ ទាក់ទិននឹងការងារនេះ ក្រសួងកសិកម្មនឹងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអង្គការអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែ ពួកវាបង្ហាញខ្លួនច្រើនជាងគេនៅប្រទេសកម្ពុជា។ នេះជា មោទកភាពសម្រាប់កម្ពុជាដែលមានប្រភេទសត្វកម្ររស់នៅ។ បច្ចុប្បន្ន ក្រសួងបរិស្ថាន បានអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។
បច្ចុប្បន្ន ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមានសម្បុកពងកូនក្រពើភ្នំចំនួន ៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។ ដោយឡែក ឧទ្យានជាតិវីរៈជ័យ ក៏ធ្លាប់មានក្រពើភ្នំរស់នៅតាំងពីដើមមកដែរ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារក្រពើកម្រក្នុងតំបន់នេះអាចទទួលបានជោគជ័យ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

