អបអរសាទរ! ប្រទះឃើញ កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ

12/03/2025 4:54 pm ភ្នំពេញ

កូនផ្សោតទើបកើតថ្មី១ក្បាលទៀត ត្រូវបានក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និង​អង្គការ WWF ប្រទះឃើញ កាលពីថ្ងៃទី១១ ខែមីនា នៅអន្លង់កាំពី  ភូមិកាំពី ឃុំសំបុក ស្រុ​កចិត្របុរី ខេត្តក្រចេះ។ នេះគឺជាកូនផ្សោតទី៥ ដែលបានកើត នៅដើមឆ្នាំ២០២៥នេះ។ នេះ បើតាម​ការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។



ក្រុមអ្នកស្រាវជ្រាវ សន្និដ្ឋាន​ថា កូនផ្សោតនេះ ទើបកើត​បានប្រមាណ ២ថ្ងៃប៉ុណ្ណោះ និង​កើត​​ពីមេផ្សោត​ដែល​មានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន​៣ក្បាលផ្សេងទៀត។ នេះបើតាមក្រសួងកសិកម្ម។

​ក្រ​សួង​កសិកម្ម ​​បញ្ជាក់ថា ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្ត​បន្ទាប់ ពោល​នៅឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ ខណៈ​ឆ្នាំ២០២៣ សត្វផ្សោត កើន​ដល់៩៩ក្បាល។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេ​មេគង្គ​​កម្ពុជា មានចំនួន ១០៤ ក្បាល និងរាប់ទាំងកូនផ្សោតកើតថ្មី ចំនួន៥ក្បាល នៅដើមឆ្នាំ២០២៥នេះ នាំឱ្យផ្សោតទន្លេមេគង្គកម្ពុជា កើនដល់ ១០៩ក្បាល គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោត​មួយ​ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវា​ត្រូ​វ​បាន​ចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ ពួកវា ​ ​កំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពី​ជល​ផល និងអនុក្រឹត្យ ស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ​កម្ពុជា។ 

សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួម​មានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)​។

ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ហើយ​ពលរដ្ឋកម្ពុជា មានជំនឿថា «ទីណា​មានផ្សោត ទីនោះមានត្រី»។ ចំណែកទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វ​ផ្សោត​។
 
ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោត​ប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ ទីតាំង តាមដងទន្លេមេគង្គ​លាតសន្ធឹងពីខេត្ត ក្រចេះ​ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។ នេះបើតាមអង្គការ WWF៕ 

ព័ត៌មានទាក់ទង