ភ្នំសំពៅ ឯកភ្នំ បាណន់ និងប្រាសាទបាសែត ជាតំបន់ទេសចរណ៍វប្បធម៌​សក្តានុពល​នៅបាត់ដំបង

07/03/2025 10:26 am ភ្នំពេញ

ភ្នំពេញ៖ ខេត្តបាត់ដំបង ជា​ខេត្ត​ដែលមាន​សក្ដានុពល​ទេសចរណ៍​បែបវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ហើយក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខេត្ត​នេះ​សម្បូរបែប​នៃ​កន្លែង​ទេសចរណ៍​ផងដែរ​។ ​ ការរក្សាប្រពៃណីវប្បធម៌ ប្រាសាទ និងសំណង់ចាស់ៗ បានធ្វើឱ្យខេត្តនេះ ជាទីទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្រាប់ភ្ញៀវទេសចរបរទេសនិយមទៅកម្សាន្តតាមរមណីយដ្ឋានបែបវប្បធម៌ប្រវត្តិសាស្ត្រ ដូចជាប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទបាសែត និងភ្នំសំពៅជាដើម។ រីឯ ភ្ញៀវជាតិ និយមទៅកម្សាន្តកន្លែងទេសចរណ៍បែបធម្មជាតិ កន្លែងលេងទឹក និងឡូរីបាត់ដំបង។



ខេត្តបាត់ដំបងសម្បូរ តំបន់ទេសចរណ៍ល្បីៗជាច្រើន ជាពិសេសតំបន់ទេសចរណ៍វប្បធម៌ ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពទាក់ទាញទេសចរឱ្យមកកន្សាន្តក្នុងខេត្តបាត់ដំបង។ តំបន់ទេសចរណ៍វប្បធម៌ក្នុងខេត្តបាត់ដំបង មានចំនួន ១១កន្លែង ក្នុងនោះវប្បធម៌ប្រវិត្តសាស្រ្ត ៥កន្លែង, វប្បធម៌ធម្មជាតិ ៣កន្លែង, សហគមន៍ទេសចរណ៍វប្បធម៌១កន្លែង និងសារមន្ទីរ២កន្លែង។
 
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លើកឡើងថា ៖ «តំបន់ទេសចរវប្បធម៌ក្នុងខេត្តបាត់ដំបង ជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញចិត្តទេសចរឱ្យមកកម្សាន្តជាហូរហែ។ ទេសចរ​​និយម​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​បែបវប្បធម៌​ប្រ​វត្ថិ​សាស្ត្រ ដូចជា​ប្រាសាទ​បាណន់ ប្រាសាទឯកភ្នំ ប្រាសាទ​បា​សែត និង​ភ្នំ​សំពៅ​ជាដើម​។ តំបន់ទេសចរណ៍វប្បធម៌ភ្នំសំពៅ ដ៏ចំណាស់នៅបាត់ដំបង ជាទីទេសចរណ៍វប្បធម៌ទាក់ទាញទេសចរជាងគេក្នុងខេត្តបាត់ដំបង»។



រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រភ្នំសំពៅ ​ស្ថិតនៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបាត់ដំបង។
 
ចំណែក ប្រាសាទឯកភ្នំ ដែលមានរចនាបថ​ស្រដៀង ទៅនឹងប្រាសាទអង្គវត្ត ដោយមាន​កសិន្ធុព័ទ្ធជុំវិញ ក៏ជាតំបន់ទេសចរណ៍វប្បធម៌មានទេសចរទៅកម្សាន្តច្រើនផងដែរ។ ប្រា​សាទឯកភ្នំ ជាប្រាសាទមានអាយុកាលដ៏វ័យចំណាស់មួយ ស្ថិតនៅភូមិស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។
 
ម្យ៉ាងទៀតប្រាសាទនេះ នៅតែជាកន្លែងរមណីយដ្ឋានវប្បធម៌ ដែលមានធម្មជាតិស្រស់ បំព្រង ដើមឈើ ដុះជុំវិញជាច្រើនដើម បង្កើតជាម្លប់ដ៏ត្រឈឹងត្រឈៃ ទាក់ទាញភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិមកកម្សាន្ត។ 
 
តួយ៉ាង ពហុតំបន់ទេសចរណ៍វប្បធម៌ បានចូលរួមយ៉ាងសំខាន់​ក្នុងការលើកកម្ពស់សេដ្ឋកិច្ច​ខេត្ត ស្របទៅនឹងការរៀបចំផែនការទីក្រុងវៃឆ្លាតផងដែរ។ បច្ចុប្បន្ន មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង ក៏បាន​ពង្រឹង​សេវាកម្ម​តំបន់​ទេសចរណ៍​វប្បធម៌ទាំងអស់ តាម​បណ្ដា​ស្រុក ជាពិសេស​ស្រុក​បាណន់ និង​ស្រុក​សំឡូត ដើម្បី​ធ្វើឱ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ​ខេត្តបាត់ដំបង​រយៈពេល​យូរ​​។

ក្រៅពីនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានពង្រឹងលើវិស័យទេសចរណ៍ប្រកបដោយគុណភាព គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការងារ ដល់ប្រជាជនដែលបម្រើការតាមមូលដ្ឋានទេសចរណ៍ និងប្រយោលប្រមាណជាង២ម៉ឺននាក់។ តំបន់ទេសចរណ៍បែបវប្បធម៌ ស្ទឹង ទន្លេ ភ្នំ កសិទេសចរណ៍ អេកូទេសចរណ៍ ប្រពៃណីវប្បធម៌ អាគារ វត្តបុរាណ ម្ហូបប្រចាំតំបន់ រមណីយដ្ឋានធម្មជាតិ និងកែច្នៃច្រើនកន្លែង ក៏ជាភាពទាក់ទាញ របស់ខេត្តបាត់ដំបងដែរ។

រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំសោភ័ណភាពក្នុងខេត្ត និងតំបន់គោលដៅទេសចរណ៍​រួចរាល់ ដើម្បីត្រៀមទទួលទេសចរផងដែរ។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍​ខេត្តបាត់ដំបង បញ្ជាក់ថា៖ «​ ភ្ញៀវទេសចរតែងសម្រុកមកលេងនៅខេត្តនេះ​ ច្រើនកុះករ យើងបានរៀបចំតំបន់គោលដៅទេសចរណ៍រួចរាល់ ដើម្បីទទួលភ្ញៀវទេសចរ។ ខ្ញុំសង្ឃឹមថា ឆ្នាំនេះខេត្តបាត់ដំបង នឹងទទួលបានទេសចរកាន់តែច្រើន ជាងឆ្នាំមុនៗទៀត។»។
 
សូមជម្រាបថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ នឹងធ្វើឡើងរយៈពេល ១ខែ​ក្រោម​ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ក្នុងឱកាសនោះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចាត់ទុកទិវានេះ ជាការ​បំផុស​ឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពីសេសយុវជន ចូលរួមកម្លាំងគ្នាក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ វប្បធម៌ចម្រុះសហគមន៍ជនជាតិដើមភាគតិចកម្ពុជា។
 
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំឭកដល់​គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃ មិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានទាក់ទង