សិស្សថ្នាក់ទី៨មួយក្រុម​នៅបន្ទាយមានជ័យ អាចបង្កើតថាមពលអគ្គិសនីពីកម្លាំងទឹកវិល

13/02/2025 10:10 am ភ្នំពេញ

ភ្នំពេញ៖ យុវសិស្ស​ថ្នាក់ទី៨មួយក្រុមនៅខេត្តបន្ទាយមានជ័យ មានសមត្ថភាព បង្កើតនូវថាមពលអគ្គិសនី ពីកម្លាំងទឹកកួច ឬទឹកវិល។ គម្រោងថាមពលទឹកកួច ឬថាមពលទឹកវិលរបស់ក្រុមយុវជនសិស្ស នេះ ជាដំណោះស្រាយថាមពលស្អាតមួយប្រកបដោយនិរន្តរភាព និងជាថាមពល ដែលអាចទុកចិត្ត បានសម្រាប់តំបន់ដាច់ស្រយាល ឬក្រៅបណ្តាញអគ្គិសនី ដែលមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត។



«គម្រោង​ថាមពលទឹកកួច» ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ។ គម្រោងនេះ ត្រូវបានបង្កើតឡើងដោយ យុវសិស្ស នុត សែម,​ សុហេង និង ថាវរៈ ​ដែលមានអាយុចន្លោះពី១៣ដល់១៥ឆ្នាំ មកពីសាលា សន្តសាវីយេ ក្នុងខេត្តបន្ទាយមានជ័យ។



បើតាមយុវសិស្ស ថាវរៈ ដែលមានអាយុ១៣ឆ្នាំ ​ការយកគម្រោងថាមពលទឹកកួច មកបង្ហាញនៅក្នុងពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា នេះ ដើម្បីផ្សព្វផ្សាយពីអត្ថប្រយោជន៍ និងបង្កើនសក្កានុពលនៃថាមពលទឹកកួចនៅកម្ពុជា។ ថាវរៈ បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ថា ៖ «​ ថាមពលទឹកកួចនេះ គឺប្រើប្រាស់លំហូរធម្មជាតិនៃទឹក ដើម្បី បង្កើតថាមពលកកើតឡើងវិញ។  ដូច្នេះ កាលណាទឹកហូរកាន់តែខ្លាំង​ នោះចរន្តអគ្គិសនី ក៏កាន់តែច្រើនដែរ»។  

ដើម្បីឱ្យប្រព័ន្ធថាមពលទឹកកួច ដំណើរទៅបានល្អ គឺត្រូវមានការរៀបចំ ឬគ្រប់គ្រងទឹកនៅក្នុងអាងទឹករាងជារង្វង់ ដើម្បីបង្វិលគួរប៊ីន ក្នុងកម្រិតល្បឿនណាមួយ ដើម្បីផលិតចរន្តអគ្គិសនី។

ថវរៈ ហ៊ាននិយាយយ៉ាងច្បាស់ថា ៖ « គម្រោងនេះ គឺមិនប៉ះពាល់ដល់បរិស្ថានហើយសន្សំសំចៃ និងល្អ សម្រាប់ប្រភពទឹកទាប ដូចជាទន្លេ ស្ទឹង និងអូរ ជាដើម។ វាកាត់បន្ថយផលប៉ះពាល់បរិស្ថាន   និងជាដំណោះស្រាយថាមពល ប្រកបដោយនិរន្តរភាព និងផ្តល់ថាមពលមួយដែលអាចទុកចិត្ត បានសម្រាប់តំបន់ដាច់ស្រយាល ឬក្រៅបណ្តាញដែលមាន តម្រូវការហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត»។

បើតាម ថវរៈ ថាមពលទឹកកួចនេះ គឺជាជម្រើសប្រកបមួយដោយនិរន្តរភាព និងផលប៉ះពាល់ទាបជាងប្រព័ន្ធវារីអគ្គិសនីបែបប្រពៃណី។  យុវជនវ័យ១៣ឆ្នាំរូបនេះ បានបន្ថែមថា​  តាមរយៈការប្រើប្រាស់លំហូរធម្មជាតិនៃទឹកនៅក្នុងប្រព័ន្ធទឹកវិល ដើម្បីបង្កើតថាមពលបច្ចេកវិទ្យានេះ ​ផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ផលិតថាមពលកកើតឡើងវិញ។ « វាល្អសម្រាប់កម្មវិធីខ្នាតតូច ក្រៅបណ្តាញ កាត់បន្ថយការរំខានដល់បរិស្ថាន និងគាំទ្រការបង្កើតថាមពលស្អាតពីទន្លេ អូរ និងប្រភពទឹកទាប»។


បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមជនបទ គឺកំពុងប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីជាលក្ខណៈគ្រួសារ។  ភាគច្រើន នៃប្រជាពលរដ្ឋទាំងនោះ គឺស្ថិតនៅតាមតំបន់ភ្នំ។ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ផ្សេងៗ ដូចជា ទន្លេ ស្ទឹង ដែលមានប្រភពទឹកច្រើន គួរប្រើប្រាស់ប្រព័ន្ធទឹកវិលនេះ ក្នុងការបង្កើតអគ្គិសនីដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។​
 
យុវជនវ័យ១៣ឆ្នាំរូបនេះ មើលឃើញថា ការធ្វើទំនើបកម្មបច្ចេកវិទ្យា គឺមានសារៈសំខាន់ និងល្អប្រសើរសម្រាប់កម្ពុជា។ ក៏ប៉ុន្តែ ក្នុងដំណើរឆ្ពោះទៅរកភាពជឿនលឿននេះ គ្រប់គ្នា គឺមិនត្រូវភ្លេចពីការថែទាំធម្មជាតិឡើយ  ព្រោះការអភិវឌ្ឍបច្ចេកវិទ្យាខ្លះ គឺធ្វើឱ្យប៉ះពាល់ដល់ធម្មជាតិ។ ថវរៈ បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលកើតចេញពីប្រព័ន្ធថាមពលទឹកបែបប្រពៃណី ដូចជា ទំនប់វារីអគ្គិសនី  និងគួរប៊ីន គឺមានភាគច្រើនផលប៉ះពាល់បរិស្ថាន, ចំណាយខ្ពស់ ហើយពឹងផ្អែកលើប្រភពទឹកធំៗទៀត។ ថវរៈ បានបញ្ជាក់ថា ប្រព័ន្ធទាំងនេះ គឺរំខានដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងបរិស្ថានហើយត្រូវការហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើនថែមទៀត៕ 

ព័ត៌មានទាក់ទង