
សៀមរាប៖ ព្រះរាជដំណាក់តូច នៅក្នុងក្រុងសៀមរាប ដែលត្រូវបានអគ្គិភ័យឆេះកាលពី២ឆ្នាំមុន ឥឡូវបានជួសជុលស្អាតឡើងវិញហើយ។ នៅថ្ងៃទី១០ ខែកុម្ភៈ ពិធីចម្រើនព្រះបរិត្តប្រោះព្រំ សុំសេចក្តីសុខចម្រើនឆ្លងព្រះរាជដំណាក់តូច ត្រូវបានរៀបចំឡើង ក្រោមវត្តមាន សម្ដេច គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ថ្នាក់ដឹកនាំខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបលោក លី វណ្ណៈ បានបញ្ជាក់ថា ព្រះរាជដំណាក់តូច ដែលស្ថិតនៅជ្រុងខាងលិចនៃព្រះរាជដំណាក់ក្រុងសៀមរាបនេះ គឺត្រូវបានធ្វើថ្មីទាំងស្រុង។ នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ អគ្គិភ័យបានឆាបឆេះ ព្រះរាជដំណាក់នេះ នៅវេលាម៉ោងជាង១០យប់ ដោយមិនដឹងមូលហេតុ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលជាខ្លាំង។ នៅម៉ោងប្រមាណ១២យប់ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ហើយព្រឹកថ្ងៃបន្ទាប់ ក្រុមជាង៥រូប ត្រូវបាននាំយក ទៅសួរនាំ ខណៈទីតាំងនេះត្រូវបានរាយការណ៍ថា កំពុងជួសជុលទាំងយប់ទាំងថ្ងៃនាពេលនោះ។
យ៉ាងណាក៏ដោយមកដល់នេះ មូលហេតុពិតប្រាកដនៃការឆាបឆេះ មិនត្រូវបានអាជ្ញាធរប្រកាសប្រាប់សាធារណជននោះទេ។ ភ្លាមៗបន្ទាប់ពីឆេះ ព្រះរាជដំណាក់នេះត្រូវបានហ៊ុមរបង និងរៀបចំជួសជុលឡើងវិញ៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com

