រដ្ឋបាលខេត្តសម្រេចរកទីតាំងថ្មីដើម្បីរៀបចំ «សួនតេជោសន្តិភាព»

12/02/2025 11:16 am ភ្នំពេញ

សៀមរាប៖ បន្ទាប់ពីមានប្រតិកម្មជាហូរហែពីមតិសាធារណជនរឿងហៅឈ្មោះ «សួនតេជោសន្តិភាព» ដែលរដ្ឋបាលខេត្តគ្រោងរៀបចំជាសួនថ្មីនោះមក នៅពេលនេះអាជ្ញាធរសម្រេចរកទីតាំងថ្មី ដើម្បីកសាង​សួននេះ​ដាច់ដោយឡែកពីបរិវេណជុំវិញសួនព្រះរាជដំណាក់។



អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានទទួល​គោលការណ៍ថ្មី ដោយសម្រេចរកទីតាំងថ្មី និងដាច់ដោយឡែកសម្រាប់រៀបចំ «សួនតេជោសន្តិភាព»។

ក្នុងបទសម្ភាសនាព្រឹកថ្ងៃទី១២ កុម្ភៈនេះ លោក លី វណ្ណៈ បានលើកឡើងដូច្នេះ៖« កន្លងមក​យើងគ្រោងនឹងដាក់​ឈ្មោះថា សួនតេជោសន្តិភាព ដោយសារយើងមានផែនការរៀបចំ​សួនតេជោសន្តិភាពហ្នឹង។ ប៉ុន្តែដោយសារមានការប្រទាំងប្រទូសអ៊ីចឹង យប់មិញនេះសម្ដេចតេជោ​បានទាក់ទងមកតាម​ឯកឧត្តម​អភិបាលខេត្ត គាត់ថាប្រសិនបើប្រជាពលរដ្ឋមិនចង់ ឱ្យមានការផ្លាស់ប្តូរ​អីច្រើន គាត់ឱ្យរកមើលទីទាំងណាដែលធំជាងហ្នឹង ហើយធ្វើឱ្យស្អាតជាងហ្នឹង ព្រោះទីតាំងមុខហ្គ្រង់ (សណ្ឋាគារហ្រ្គង់) វាតូចដែរ»។ 

នាយករដ្ឋបាលខេត្តសៀមរាបរូបនេះបញ្ជាក់ថា រដ្ឋបាលខេត្តកំពុងសិក្សារកទីតាំងថ្មីដើម្បីកសាង សួនតេជោសន្តិភាព និងមិនប៉ះពាល់សួនទាំងបី ដែលនៅជុំវិញសួនព្រះរាជដំណាក់ ដែលមានរបងព័ទ្ធជុំវិញឡើយ។ 




បន្ថែមពីនេះ មន្រ្តីរូបនេះក៏ចង់ឱ្យសាធារណជនរៀនបើកចិត្ត និងសិក្សាពីអ្វីដែលជាការពិតផង ពិសេសរឿងឈ្មោះ និងទីតាំងសួនព្រះរាជដំណាក់ មិនមែនចេះតែហៅតាមតែចិត្តឯងនោះទេ ហើយរដ្ឋបាលខេត្តក៏មិនដែលចង់ប្ដូរឈ្មោះទីតាំងណាមួយដែរ។ លោក លី វណ្ណៈ ថ្លែងដូច្នេះ៖« ខ្ញុំក៏ចង់ផ្សព្វផ្សាយជូនបងប្អូនទាំងអស់គ្នាដែរថា យើងមិនដែលចង់ទៅកែប្រែឈ្មោះផ្លូវការ​នៅកន្លែងណាមួយទេ ដូចរាល់ថ្ងៃគាត់ (ពលរដ្ឋ) ហៅរង្វង់មូលគ្រុឌ ឈ្មោះនេះអ្នកសៀមរាបអាចស្គាល់ តែសម្រាប់អ្នកមកពីក្រៅមិនស្គាល់ទេ ព្រោះរង្វង់មូលនោះឥឡូវអត់មានគ្រុឌទេ»។

នៅថ្ងៃទី៦ កុម្ភៈ រដ្ឋបាលខេត្តសៀមរាបបានជូនដំណឹងពីការរៀបចំកែលម្អ សួនច្បារតេជោសន្តិភាព នៅប៉ែកខាងលិច ដែលស្ថិតនៅមុខសណ្ឋាគារ វិចតួរីយ៉ា អង្គរ រីសត និងស្ប៉ា ដើម្បីត្រៀមរៀបចំ​កម្មវិធីមួយចំនួនក្នុង​ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខែ មេសា។ រដ្ឋបាលខេត្តបញ្ជាក់ថា ឈ្មោះនេះជាការហៅបណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះសួនច្បារទាំងនោះ មិនទាន់មានឈ្មោះជាផ្លូវការ។

ប៉ុន្តែការហៅបណ្ដោះអាសន្ននេះ ធ្វើឱ្យសាធារណជន ពិសេសពលរដ្ឋខេត្តសៀមរាប ផ្ទុះប្រតិកម្មជាខ្លាំង ខណៈពួកគេទម្លាប់ហៅសួនព្រះរាជដំណាក់នេះយូរយារមកហើយ។

ចំពោះសួនព្រះរាជដំណាក់វិញ លោក លី វណ្ណៈ បញ្ជាក់ថា កន្លងមកក៏ពុំមានឯកសារ​បញ្ជាក់ពីទំហំជាក់លាក់នោះដែរ ប៉ុន្តែបន្ទាប់ពីជួសជុល និងរៀបចំសួនថ្មីនៅអំឡុងឆ្នាំ២០២២នោះមក  រដ្ឋបាលខេត្តក៏បានចុះបញ្ជីកម្មសិទ្ធិ ប្រគល់ឱ្យក្រសួងព្រះបរមរាជវាំង។ សួនព្រះជដំណាក់ មានទំហំជុំវិញរបង ដែលមានរូបសំណាកមេទ័ពទាំង១២ ទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម និងយាយទេព តែប៉ុណ្ណោះ។ សួនជុំវិញនោះ មិនទាន់មានឈ្មោះជាផ្លូវការទេ ដែលបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសិក្សា និងរៀបចំដាក់ឈ្មោះ៕

ព័ត៌មានទាក់ទង