
ភ្នំពេញ៖ ខេត្តតាកែវ គ្រោងកសាងប្រាសាទថ្មីមួយ នៅកណ្ដាលបឹងតាកែវ ស្ថិតក្នុងក្រុង ដូនកែវ ដើម្បីទាក់ទាញសក្ដានុពលផ្នែកទេសចរណ៍។ មិនត្រឹមតែប៉ុណ្ណឹងទេ អាជ្ញាធរខេត្តភាគខាងត្បូងមួយនេះ ក៏ត្រៀមកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងផ្លូវក្រវាត់មាត់បឹងសម្រាប់ឱ្យពលរដ្ឋដើរលំហែ និងជិះកង់ផងដែរ។
អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី១១ ខែកុម្ភៈថា តាំងពីដើមមក កណ្ដាលបឹងតាកែវនេះ មានប្រាសាទចំណាស់មួយ ដែលត្រូវបានបារាំង ប្រើប្រាស់សម្រាប់កិច្ចពិភាក្សាសម្ងាត់នានា គ្រាដែលពួកគេដាក់អាណានិគម លើកម្ពុជា។ បច្ចុប្បន្ន ប្រាសាទនេះ បានបាក់បែក និងលិចចូលក្នុងទឹកទៅហើយ។ ដូច្នេះ ការសាងសង់ប្រាសាទថ្មីនេះ គឺដើម្បីរំឭកដល់ប្រវត្តិសាស្រ្ត និងការគិតអំពីសោភ័ណភាព ផ្ទៃបឹង ដើម្បីទាក់ទាញទេសចរបន្ថែម។ មិនមែនទុកជាទីសកា្ករៈគោរពបូជានោះទេ។
លោក ប្រាប់បញ្ជាក់ថា៖«នាសម័យបារាំងគ្រប់គ្រងយើង (កម្ពុជា) នៅពេលគេចង់និយាយកិច្ចការសម្ងាត់មួយចំនួន គេតែងតែឱ្យពលរដ្ឋខ្មែរ វៀតណាម និងបារាំង ចែវទូកទៅទីតាំងប្រាសាទនេះ។ បច្ចុប្បន្ន ប្រាសាទហ្នឹងរលំអស់ហើយ។ ដូច្នេះ ការសង់ប្រាសាទថ្មីនេះ គឺចង់រំឭកដល់អតីតកាលផង និងគិតអំពីសោភ័ណផ្ទៃបឹងដើម្បីទាក់ទាញទេសចរផង។»។
បច្ចុប្បន្ន ប្លង់នៃប្រាសាទ ត្រូវបានគេគូររួចរាល់ហើយ ដោយគ្រាន់តែរងចាំការឯកភាពពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប៉ុណ្ណោះ។ ប្រាសាទថ្មីនេះ នឹងធ្វើឡើងតាមរចនាបថសំខាន់ នៃប្រាសាទខ្មែរមួយចំនួន ដូចជាប្រាសាទបាយ័ន ប្រាសាទអង្គវត្ត និងប្រាសាទភ្នំដា ជាដើម ភ្ជាប់ជាមួយស្ពានឆ្លងប្រវែង ២៥០ម៉ែត្រ និងទទឹង ៣ម៉ែត្រ បន្ថែមដែរ។
លោក វ៉ី សំណាង មិនអាចបញ្ជាក់ពីពេលវេលាចាប់ផ្តើមសាងសង់នៅឡើយទេ តែលោក អភិបាលខេត្តរូបនេះ បញ្ជាក់ថា សំណង់ប្រាសាទនេះ អាចប្រើពេលប្រហែល ២ទៅ ៣ឆ្នាំ ដោយប្រើប្រាស់ថវិការៃអង្គាសពីសប្បុរសជន។
លោក វ៉ី សំណាង ប្រាប់ដូច្នេះថា៖«យើងអត់យកថវិកាជាតិមកសង់ប្រាសាទនោះទេ គឺយើងនឹងធ្វើបុណ្យផ្កាសាមគ្គី ដើម្បីរៃអង្គាស់ពីពួកគាត់ (សប្បុរសជន) ដើម្បីធ្វើ។ ហើយមកទល់ពេលនេះ យើងដំឡើងគម្រោង និងគូរប្លង់រួចអស់ហើយ នៅតែដាក់ឆ្លងក្រសួងវប្បធម៌ប៉ុណ្ណោះ»។
ក្រៅពីប្រាសាទ រដ្ឋបាលខេត្តតាកែវ ក៏ត្រៀមកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ និងផ្លូវ ក្រវាត់មាត់បឹង សម្រាប់ឱ្យពលរដ្ឋដើរកម្សាន្ត និងជិះកង់ ផងដែរ។ នេះបើតាម លោក វ៉ី សំណាង ដោយរំពឹងថា គម្រោងទាំងនេះនឹងក្លាយជាផ្នែកសំខាន់ ក្នុងការជំរុញកំណើន ទេសចរឱ្យមកកម្សាន្តខេត្តតាកែវ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

