ផ្សោតទន្លេមេគង្គកម្ពុជា មាន១០៧ក្បាល ត្រឹមខែកុម្ភៈនេះ

11/02/2025 11:31 am ក្រចេះ

​កូនផ្សោតកើតថ្មី ១ក្បាលទៀតហើយ បានកើតនៅដើមខែកុម្ភៈនេះ ដែលធ្វើឱ្យចំនួន​ផ្សោត​ក្នុងទន្លេមេគង្គ នៅក្នុងភូមិសាស្រ្តប្រទេសកម្ពុជា កើនពី ១០៤ក្បាល នៅឆ្នាំ ២០២៤ ដល់ ១០៧​ក្បាល។


 
បើតាមការផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែកុម្ភៈ កូន​ផ្សោតថ្មី​នេះ មានអាយុប្រហែល ២ថ្ងៃ។ ​វាត្រូវ​បានក្រុមការងារស្រាវជ្រាវ​នៃ​រដ្ឋបាល​ជល​ផល និងអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) ប្រទះឃើញ និងថតបាន​ពេលកំពុងហែល ជាមួយក្រុមផ្សោតពេញវ័យ៨ក្បាលផ្សេងទៀត កាលពីទី៩ ខែកុម្ភៈ នៅ​អន្លង់ជ្រោយបន្ទាយ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
 
នេះគឺជាផ្សោតទី៣ ដែលបានកើត នៅរវាងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។​ ក្រ​សួង​កសិកម្ម ​​បញ្ជាក់ថា ពីមួយទៅមួយឆ្នាំ ចំនួនផ្សោតទន្លេមេគង្គ កើនឡើងជាបន្ត​បន្ទាប់ ពោល​នៅឆ្នាំ២០២២ ត្រូវបានរាប់បញ្ចូលត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ សត្វផ្សោត កើន​ដល់៩៩ក្បាល។ ចំណែកឆ្នាំ២០២៤ វត្តមានសត្វផ្សោតទន្លេមេគង្គកម្ពុជា មានចំនួន ១០៤ ក្បាល និងកើនដល់ ១០៧ក្បាល គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
 
សត្វផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក (Orcaella brevirostris) គឺជាសត្វផ្សោត​មួយ​ប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបតែ៦ប្រភេទគត់ នៅក្នុងពិភពលោក ហើយវា​ត្រូ​វ​បាន​ចាត់ថ្នាក់ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។
 
សត្វផ្សោតប្រភេទនេះ មានរស់នៅតែក្នុងប្រព័ន្ធទន្លេទន្លេចំនួន៣ប៉ុណ្ណោះ ក្នុងពិភពលោក រួម​មានទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េវ៉ាឌី (មីយ៉ាន់ម៉ា) និងទន្លេមហាកាម (ឥណ្ឌូណេស៊ី)​។
 
ផ្សោតទន្លេមេគង្គ ក៏ជារតនសម្បត្តិជាតិមានជីវិត ហើយ​ពលរដ្ឋកម្ពុជា មានជំនឿថា «ទីណា​មានផ្សោត ទីនោះមានត្រី»។ ចំណែកទន្លេមេគង្គ ជាមាតានៃជីវិត និងជាជម្រកនៃសត្វ​ផ្សោត​។
 
ក្នុងរដូវប្រាំង ចាប់ពីខែមករាដល់ខែឧសភា នៅពេលដែលកម្រិតទឹកធ្លាក់ចុះ សត្វផ្សោត​ប្រមូលផ្តុំគ្នារស់នៅក្នុងអន្លង់ទឹកជ្រៅចំនួន ៨ ទីតាំង តាមដងទន្លេមេគង្គ​លាតសន្ធឹងពីខេត្ត ក្រចេះ​ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង ក្នុងចម្ងាយ ១៨០គីឡូម៉ែត្រ។ នេះបើតាមអង្គការ WWF៕ 
 


 

ព័ត៌មានទាក់ទង