ម៉ាស៊ីនអង្គុលីលេខ អាយុប្រហែល៤០ឆ្នាំ ត្រូវបានដាក់តាំងក្នុងហាងកាហ្វេទំនើប

11/02/2025 10:41 am ភ្នំពេញ

ក្រៅ​ពី​ឧបករណ៍​សោតទស្ស ភាជន៍​​​​ ​ជញ្ជីង និង​បាវ​បុរាណ​​ នៅ​ជាន់ក្រោម​សាខា​ហាង​កា​ហ្វេ TEMPLE នៃ​វិថី​ឧកញ៉ាជ្រុនយូហាក់ (ផ្លូវ២៩៤) សង្កាត់​បឹង​កេងកង ខណ្ឌបឹង​កេងកង រាជធានី​ភ្នំពេញ គេ​ដាក់​តាំង​លម្អម៉ាស៊ីនអង្គុលីលេខ ១គ្រឿង​។ វា គឺ​​ជា​ម៉ាក abc ប្រភេទ 8800 ដែល​ជាម៉ាស៊ីន​វាយ​អក្សរ​ឡាតាំង។ ​វាមាន​អាយុកាល៤០​ឆ្នាំ។ ​ពី​ដើម វាបំពាក់​​ជ័រ​ពណ៌​ស ក៏ប៉ុន្តែមកដល់​ពេល​នេះ ​វាបាន​ក្លាយ​ទៅ​ជា​ពណ៌​ពង​មាន់​វិញ ព្រោះ​តែចាស់​ពេក។ ម៉ាស៊ីន​នេះ ​មាន​បណ្ដោយ ៣៩៥មីលីម៉ែត្រ ទទឹង ៣៥០ មីលីម៉ែត្រ និង​កម្ពស់ ១៤០ មីលី​ម៉ែត្រ។ វា​ប្រើកម្លាំង​ដៃ។ តាម​ទី​ផ្សារ​វត្ថុ​បុរាណ អង្គុលីលេខ​ប្រភេទ​នេះ ​មាន​តម្លៃ ២០​ដុល្លារ​​​ឡើង​ទៅ។


សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ៖


ម៉ាស៊ីនអង្គុលីលេខ​ដំបូង​គេ​បង្អស់ ​ត្រូវ​បាន​បង្កើត​ដោយ​លោក MILL Henry នៅ​​​អង់គ្លេស នា​ឆ្នាំ​១៧១៤។ ដោយ​ឡែក​ វា​មិន​បាន​ជោគជ័យទេ ពីព្រោះ​ប្រហែល​ជា​លឿន​ពេក វាមុន​សម័យ។

អង្គុលីលេខ ​បាន​ជោគជ័យ​ក្នុង​អំឡុង​សតវត្ស​ទី ១៩ ​វិញ។ មាន​ការ​រីកចម្រើន ដែល​បាន​ធ្វើ​ឱ្យ​ម៉ាស៊ីន​វាយ​អក្សរ​ងាយទៅៗ។ ចុង​សតវត្ស​ទី​១៩ គេ​បង្កើត​ក្ដារ​ចុច​ស្តង់ដារ​អក្សរ​ឡាតាំង QWERTY និង AZERTY ដែល​ឧបករណ៍​ទំនើប ​នៅ​តែ​ប្រើ​រហូត​ដល់សព្វ​ថ្ងៃ​នេះ។ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ គេ​បង្កើត​អង្គុលីលេខ​អគ្គិសនី ខណៈ​ការ​ប្រើ​កំព្យូទ័រ​​ចាប់ផ្ដើម​ពេញ​និយម។ ដោយសារ​ការ​រីកចម្រើន​នៃ​បច្ចេកទេស​ព័ត៌មាន​វិទ្យា តាំង​ពី​២០ឆ្នាំ​មក​ហើយ គេ​លែង​ប្រើ​ម៉ាស៊ីនអង្គុលីលេខ។

ហាង​ TEMPLE ជា​អាហារដ្ឋាន ហាង​កាហ្វេ និង​ឌីស្កូទែក ​ដែល​តុបតែង​ជាមួយ​វត្ថុ​បុរាណ។ Temple គឺជា​ពាក្យ​បារាំង ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ប្រាសាទ។ ពី​ដំបូង​ត្រូវ​បាន​បង្កើត​យីហោ​នេះ ​នៅ​ក្រុង​សៀមរាប ពីព្រោះវត្ថុ​បុរាណ​សម​នឹង​ប្រាសាទ​បុរាណ ដែល​មាន​ចំនួន​២០០ នៅ​ឯ​អង្គរ។ ហើយ​តាំង​ពី​ជំងឺ​កូវីដ​បាន​ផ្ទុះ​ឡើង ក៏​មាន​ហាង TEMPLE នៅ​រាជធានី​ភ្នំ​ពេញ​ផង​ដែរ​​៕

ព័ត៌មានទាក់ទង