ព្រះវិហារ៖ ភ្នំត្បែង ជាកន្លែងសម្រាប់ទេសចរ ជាពិសេសអ្នកចូលចិត្តដើរព្រៃបោះតង់ មកទទួលបទពិសោធថ្មី យ៉ាងសម្បូរបែប។ ទឹកជ្រោះ ហូរកាត់តាមភ្នំ ប្រមាណ១០កន្លែង ដើរកាត់ព្រឹក្សា ស្តាប់សំឡេងសត្វ ស្វែងយល់ពីជំនឿប្រពៃណី នៃអារាមតាំងយូរជាដើម។
សហគមន៍តំបន់ការពារធម្មជាតិភ្នំត្បែងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ដើម្បីឡើងទៅកាន់កំពូលភ្នំត្បែង ទេសចរ ត្រូវឡើងជណ្តើរប្រវែង ១គីឡូម៉ែត្រ ហើយបន្តជិះគោយន្ត ៥គីឡូម៉ែត្របន្ថែមទៀត។
លោក ព្រាប ប្រាថ្នា ប្រធានផ្នែកជីវភាពសហគមន៍នៃគម្រោងUSAID បានរៀបរាប់ថា វត្តមានទេសចរ មកកាន់ទីនេះធ្វើឲ្យប្រជាសហគមន៍ ទទួលបានចំណូលតាមរយៈការស្ពាយសម្ភារៈឡើងភ្នំ អ្នកនាំភ្ញៀវ គោយន្ត តង់ស្នាក់ ម្ហូបសហគមន៍ ជាដើម។
ដោយឡែកគម្រោង USAID ជាផ្នែកមួយ ក្នុងការជួយទ្រទ្រង់ អភិរក្សធនធានធម្មជាតិ។ លើសពីនេះនេះ USAID បានផ្តល់ជាបន្ទប់ទឹក រោងបាយ អំពូលភ្លើង ជាដើម ដើម្បីសម្រួលដល់សហគមន៍ និងទេសចរ។
មុនគម្រោង USAID អភិរក្ស ដែលបានចាប់ផ្ដើមពីឆ្នាំ២០២៣ គម្រោង USAID ព្រៃឡង់ ក៏បានជួយជ្រោមជ្រែងសហគមន៍ផ្សេងទៀតនៅលើភ្នំត្បែង ខេត្តព្រះវិហារ ដូចជា សហគមន៍ការពារធម្មជាតិតាំងយូរ សហគមន៍ការពារធម្មជាតិចាក់អង្រែ និងតំបន់ការពារធម្មជាតិដាតាវឹក។
តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា មានភូមិសាស្ត្រជាប់ស្រុកចំនួន៥ នៃខេត្តព្រះវិហារ គឺស្រុកសង្គមថ្មី ស្រុកគូលែន ស្រុករវៀង ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។ ភ្នំត្បែង គឺជាទីតាំងប្រវត្តិសាស្ត្រ ដែលពលរដ្ឋកម្ពុជាគោរពបូជា តាមជំនឿ ដោយសារមានថ្មចំនួន៣ដុំនៅលើនោះ៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

