
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ កុម្ភៈនេះ អាណាព្យាបាលសិស្សជាច្រើននាក់ បានមកតវ៉ាបញ្ហាខ្វះគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សាទួលកី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយផ្ទុះករណីនេះ មន្ទីរអប់រំរាជធានីភ្នំពេញ និងអាជ្ញាធរបានចុះដោះស្រាយភ្លាមៗ និងឱ្យគ្រូកិច្ចសន្យាដែលបានបញ្ឈប់ត្រឡប់មកបង្រៀនឡើងវិញ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាអ្នកផ្ដល់ថវិកាឧបត្ថម្ភ។
ស្ថិតនៅលើផ្លូវជាតិលេខ៣ សាលាបឋមសិក្សាទួលកី ដែលនៅមិនឆ្ងាយពីរង្វង់មូលចោមចៅ ក្នុងរាជធានីភ្នំពេញ បានជួបបញ្ហាខ្វះគ្រូបង្រៀន។ កង្វះគ្រូបង្រៀន នាំឱ្យសិស្សថ្នាក់ទី១ និងទី២ ចំនួន១៥០នាក់ រៀនក្នុងថ្នាក់តែមួយ ជាមួយគ្រូបង្រៀនម្នាក់។ ភាពតូចចង្អៀតនៃថ្នាក់រៀន និងចំនួនសិស្សច្រើនលើសលប់ បានធ្វើឱ្យអាណាព្យាបាលជាច្រើន ចេញមកតវ៉ាស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្ថែមគ្រូក្របខណ្ឌ ខណៈសាលាកំពុងខ្វះគ្រូបង្រៀន។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមទូរសព្ទថា បញ្ហានេះ បានដោះស្រាយរួចហើយ ដោយតម្រូវឱ្យគ្រូបង្រៀនកិច្ចសន្យាចំនួន២នាក់ វិលត្រឡប់មកបង្រៀនឡើងវិញ។ ដើម្បីឱ្យការដំណើរការបង្រៀន និងរៀនរបស់សិស្សប្រព្រឹត្តទៅដូចដើមវិញ លោក ឃួង ស្រេង បានសម្រេចផ្ដល់ថវិកាឧបត្ថម្ភដល់គ្រូកិច្ចសន្យាដែលបានបញ្ឈប់រហូតដល់ក្រសួងផ្ដល់ប្រាក់បៀវត្សឡើងវិញ។
ប្រធានមន្ទីរអប់រំ រៀបរាប់បញ្ហាខ្វះគ្រូនៅសាលាបឋមសិក្សាទួលកីដូច្នេះ៖«កន្លងទៅសាលាបឋមសិក្សាទួលកី បានស្នើសុំគ្រូកិច្ចសន្យាចំនួន៣នាក់ ប៉ុន្តែក្នុងឆ្នាំនេះ មានគ្រូ២នាក់ទៀតចូលនិវត្តន៍ ដូច្នេះនាំឱ្យខ្វះគ្រូ។ ព្រោះក្រសួងអប់រំ ឱ្យតែ៣នាក់ដែលបានស្នើសុំនៅឆ្នាំមុន»។
បើតាមលោក ហែម ស៊ីណារ៉េត គិតចាប់ពីថ្ងៃបើកបវេសនកាលមកដល់ពេលនេះ មានរយៈពេល៣ខែ ដែលគ្រូបង្រៀនកិច្ចសន្យា២នាក់ បានបង្រៀនសិស្ស។ ប៉ុន្តែ ក្រោយក្រសួងមិនបន្ថែមគ្រូបង្រៀន គណៈគ្រប់គ្រងសាលាបឋមសិក្សាទួលកី ក៏បញ្ឈប់គ្រូទាំង ២នាក់ ព្រោះមិនមានប្រាក់បៀវត្សបើកជូន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហែម ស៊ីណារ៉េត អះអាងថា មន្ទីរអប់រំ បានប្រជុំជាមួយក្រសួងអប់រំ ដើម្បីធ្វើសំណើសុំគ្រូបន្ថែមទៅកាន់ក្រសួងមុខងារសាធារណៈ។ សារព័ត៌មានថ្មីៗមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងអប់រំបានទេ ដោយលោកស្រី ឃួន វិច្ឆិកា ឆ្លើយថា៖«ករណីនេះ(បញ្ហាខ្វះគ្រូ) ក្រសួងបានដោះស្រាយរួចហើយ»។
ដោយឡែក ក្រសួងមុខងារសាធារណៈវិញ លោក យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមតេឡេក្រាមថា អង្គភាពជំនាញរបស់ក្រសួងមុខងារសាធារណៈ កំពុងពិនិត្យករណីនេះផ្អែកលើព័ត៌មាន និងទិន្នន័យ ដែលមាន និងទទួលបានពីក្រសួងអប់រំ។
«ក្រុមការងារក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ នឹងជួបប្រជុំពិភាក្សាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ក្នុងការឆ្លើយតបនឹងបញ្ហាចំពោះមុខ ដើម្បីធានាឱ្យមានគ្រូបង្រៀន ផ្តល់ការបង្រៀនដល់កូនចៅប្រជាពលរដ្ឋយើង»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យក់ ប៊ុនណា។
បើតាមលោក ហែម ស៊ីណារ៉េត បញ្ហាខ្វះគ្រូបង្រៀននេះ មិនមែនកើតមានតែសាលាបឋមសិក្សាទួលកីនោះទេ ពោលសាលាបឋមសិក្សាចំនួន ៦៥ផ្សេងទៀត នៅរាជធានីភ្នំពេញ ក៏ខ្វះគ្រូដែរ។ សូមបញ្ជាក់ថា សាលាបឋមសិក្សាទួលកី មានសិស្សជាង ៩០០នាក់ និងមានគ្រូបង្រៀនក្របខណ្ឌត្រឹម ៨នាក់ប៉ុណ្ណោះ ខណៈគ្រូបង្រៀន២ពេល ៣នាក់ និងគ្រូបង្រៀនចូលនិវត្តន៍ ២នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សាលាមត្តេយ្យ និងសាលាបឋមសិក្សា ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ខណ្ឌ ដែលរដ្ឋាភិបាលបានធ្វេីប្រតិភូកម្មសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

