
សម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរដំបូងគេបង្អស់ត្រូវបានរកឃើញ នៅតាមឆ្នេរខ្សាច់ទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាដើមឆ្នាំ២០២៥។ នេះជាដំណឹងល្អ ដែលក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក នាថ្ងៃទី២៧ ខែមករា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ WCS រៀងរាល់ឆ្នាំចាប់ពីមកខែមករា ដល់ខែឧសភា គឺជារដូវពងកូនរបស់សត្វកន្ធាយក្បាលកង្កែប។ WCS បានបញ្ជាក់ថា ការរកសម្បុកសត្វកន្ធាយក្បាលកង្កែប២កន្លែង នៅតាមឆ្នេរខ្សាច់ទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ គឺជាសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥។
ការណ៍នេះ ជាសញ្ញាណវិជ្ជមាន ដែលWCS រំពឹងរកឃើញចំនួនសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនប្រចាំនេះ។
ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក ដែលមានពងសរុប ៧ ២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។ ប៉ុន្តែ ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយក្បាលកង្កែបនេះ បានធ្លាក់ចុះ ដោយរកឃើញតែសម្បុក១០ប៉ុណ្ណោះក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤។
សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វដែលទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ។ ប៉ុន្តែ ដល់ឆ្នាំ២០០៧ ក្រុមការងារស្រាវជ្រាវអណ្ដើក និងកន្ធាយបានរកឃើញវត្តមានរបស់វាឡើងវិញនៅចន្លោះប្រមាណ៤៨គីឡូម៉ែត្រនៃដងទន្លេមេគង្គពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
កម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបរបស់អង្គការ WCS និងរដ្ឋបាលជលផល គឺធ្វើឡើងក្នុងគោលដៅអភិរក្ស ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះ ឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕
ដោយ៖ គង់ អារុណពុទ្ធីរិទ្ធ
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

