
តុកកែមួយប្រភេទ ដែលគេទើបតែរកឃើញនៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង ត្រូវបានអ្នកវិទ្យាសាស្រ្តដាក់ឈ្មោះថា Hemiphyllodactylus khpoh និងបានបញ្ជាក់ថា វា ជាសត្វប្រភេទថ្មី ដែលមិនធ្លាប់មាននោះទេនៅលើពិភពលោក។
លោក ខ្វៃ អាទិត្យ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករាថា សត្វ ប្រភេទថ្មីនេះ ត្រូវបានអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា, ក្រសួងបរិស្ថាន និងក្រុមអ្នក ជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra រកឃើញនៅតំបន់ភ្នំថ្មកំបោរ ស្ថិត ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
បច្ចុប្បន្ន វាត្រូវបានអ្នកវិទ្យាស្រ្ត បញ្ជាក់ថា ជាសត្វប្រភេទថ្មី ដោយផ្អែកលើទិន្នន័យផ្នែករូប សាស្រ្ត និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀត ក្នុងអម្បូរតែមួយ។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញមានតែមួយក្បាលប៉ុណ្ណោះ នៅតំបន់ភ្នំថ្មកំបោរ ខេត្តបាត់ដំបង។ ការណ៍នេះ ធ្វើឱ្យអ្នកជំនាញ ពិបាកប៉ាន់ស្មានអំពី ចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ។
ការរកឃើញតុកកែ Hemiphyllodactylus នេះ ត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកថា បានបង្ហាញពីការរីកចម្រើននូវប្រភេទជីវៈចម្រុះថ្មីៗ ដែលចាប់កំណើតនៅកម្ពុជា។ លោក ខ្វៃ អាទិត្យ ដោយបន្ថែមថា៖«ការរកឃើញជីវៈចម្រុះថ្មីនេះ គឺជាការបង្ហាញពីការរីកចម្រើននូវប្រភេទជីវៈចម្រុះថ្មីៗ ដែលពិភពលោកអត់មាន ហើយកើតមាននៅប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ វាក៏បង្ហាញពីចូលរួមការពារសម្បត្តិធម្មជាតិបានល្អនៅតាមតំបន់ការពារធម្មជាតិនាពេលកន្លងមក។ ដូច្នេះទើបធ្វើឱ្យលេចវត្តមាន ធនធានធម្មជាតិកម្រ។»។
គួរបញ្ជាក់ថា កម្ពុជាមានសត្វព្រៃប្រមាណ ២ ០៨៥ ប្រភេទ ក្នុងនោះ ថនិកសត្វ ១៤៧ ប្រភេទ បក្សី ៥៤៣ ប្រភេទ ល្មូន ១៤៥ ប្រភេទ ថលជលិក ៥៩ ប្រភេទ ត្រី ១ ០៩៣ ប្រភេទ និងសត្វល្អិត ៩៨ប្រភេទ។ លើសពីនេះ កម្ពុជា ក៏បានចាត់ទុកជាប្រទេសដែលមានវត្តមានប្រភេទសត្វកម្រ និងកំពុងគំរាមកំហែងច្រើនផងដែរ ដែលមានដូចជា ទន្សោង ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស និងចាបតេត ដំរីអាស៊ី និងខ្ទីងជាដើម៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

