
ភ្នំពេញ៖ លោក យឹម ប៊ុនថន គឺជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត ដែលចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ»។ ដើម្បីទុកជាអនុស្សាវរីយ៍ លោក ប៊ុនថន បាននិពន្ធចម្រៀង ចំនួន៤បទ។ ប៊ុនថន ចង់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីសំណេរអង្គរ និងតំបន់អង្គរ។
លោក យឹម ប៊ុនថន នឹងសាកល្បងចំណេះដឹងសរសេរតាមអានរបស់ខ្លួន ក្នុងកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ជាអ្នកចូលចិត្តតន្រ្តីផង និងស្រឡាញ់អក្សរសាស្រ្តផង លោក ប៊ុនថន ស្រឡាញ់ និងសប្បាយចិត្ត ដែលមានបេក្ខជនជាច្រើនចូលរួម លើកតម្កើងអក្សរសាស្រ្តជាតិ។
បេក្ខជន មកពីខេត្តសៀមរាបរូបនេះ ចង់ឱ្យក្មេងៗ និងអ្នកជំនាន់ក្រោយសិក្សាមិនចេះចប់ នៃអក្សរសាស្រ្ត។ បេក្ខជនអាយុ៥២ឆ្នាំរូបនេះ បានរៀបរាប់ថា បទសំណេរអង្គរ បានយកលំនាំបទ កុលបុត្រមហានគរ របស់អ្នកនាង សុន ស្រីពេជ្រ។ ចំណែកបទ សំណេរអង្គរសូមស្វាគមន៍ យកលំនាំបទ ស្រស់ដូចគ្នា របស់លោក ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា។ រីឯបទ ទស្សនាអង្គរ បានយកលំនាំបទ ស្រអែមដងស្ទឹងសង្កែ របស់លោក ស៊ិន ស៊ីសាមុត។ ដោយឡែកបទ រាំវង់សំណេរអង្គរ បានយកលំនាំបទ គន់មើលក្នុងសួន របស់លោក ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា។
បទសំណេរអង្គរ បានរៀបរាប់រួមអំពីកម្មវិធី និងទីតាំង។ បទទី២ គឺបទ បេះដូងកក់ក្តៅ (រាំវង់សំណេរអង្គរ) បានរាប់រៀបអំពីទិដ្ឋភាព និងបរិយាកាស នៅទីតាំងសរសេរសំណេរអង្គរ ផ្ទាល់តែម្តង។ បទទី៣ មានចំណងជើងថា សំណេរអង្គរសូមស្វាគមន៍ បានបរិយាយអំពីបេក្ខជនប្រុសស្រី ព្រះសង្ឃ ដែលបានដាក់ពាក្យសរសេរតាមអាន និងពោលថ្លែងអរគុណដល់អ្នករៀបចំកម្មវិធី។ បទទស្សនាអង្គរ និយាយអំពីប្រាសាទដ៏អស្ចារ្យជាច្រើន ក្នុងរមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍សំខាន់ៗ។
លោក ប៊ុនថន និយាយទាំងសំឡេងរំភើប៖ «ខ្ញុំសប្បាយចិត្ត ដែលបានចុះឈ្មោះចូលរួមកម្មវិធីសំណេរលើកទី២នេះ ហើយក៏សោកស្តាយដែលកាលពី លើកទី១មិនបានចូលរួម ព្រោះចុះឈ្មោះមិនទាន់។»
សូមជម្រាបថាព្រឹត្តិការណ៍ ការប្រឡងសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» គឺជាចលនាមួយបំផុសស្មារតីរបស់មហាជន ជាពិសេស យុវជន ឱ្យស្រឡាញ់ និងថែរក្សាអក្សរសាស្ត្រជាតិខ្មែរ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

