អ្នកដោះមីន២នាក់ បានស្លាប់ក្នុងឧបទ្ទវហេតុ​ផ្ទុះមីនតោន នៅខេត្តឧត្តរមានជ័យ

16/01/2025 3:02 pm ភ្នំពេញ

ភ្នំពេញ៖ អ្នក​បោស​សម្អាត​មីន​២នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​មីន​តោន នា​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា នេះ។ ហេតុការណ៍នេះ បានកើតឡើងក្នុង​ចម្ការ​មីន​លេខ BS/CMAA/37102 ​ស្ថិត​នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ។ ជនរងគ្រោះទាំង២នាក់នោះ ឈ្មោះ ពៅ នេពីន​ ​និង​ឈ្មោះ អឿន ចាន់ដារ៉ា គឺជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)។



អាជ្ញាធរ​មីន​បានបញ្ជាក់ថា មន្ត្រី​ដោះ​មីន​​ឈ្មោះ ពៅ នេពីន​ ​និង អឿន ចាន់ដារ៉ា  ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​មីនតោន នា​ពេល​កំពុង​បំពេញ​ប្រតិបត្តិការ ចាក់​ និង​កាយ ក្នុង​ចម្ការ​មីន នា​ម៉ោង ​៧ និង៤៥​នាទី​ព្រឹក ថ្ងៃ​ទី១៦ ខែមករា​នេះ។ លោក​ លី ធុជ  ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​ផ្ញើ​សារ​លិខិត​រំលែក​មរណទុក្ខផ្ញើ​ជូន​ក្រុម​គ្រួសារ​​សព​អ្នក​បោស​សម្អាត​មីន​ ដែល​បាន​ពលីជីវិត​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​មីន​នេះ។​
 
លោក លី ធុជ ចាត់ទុកការស្លាប់របស់លោក ពៅ នេពីន​ ​និង អឿន ចាន់ដារ៉ា គឺជា​ការបាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាចក្លាហាន ដែលតែងចូលរួមធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជារៀងរហូតមក ពិសេសដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។ 
 
​គួរជម្រាបថា​ ចម្ការ​មីន​លេខ BS/CMAA/37102 ​ដែលស្ថិត​នៅ​ភូមិ​ត្រពាំងប្រិយ៍ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យនេះ ត្រូវ​បាន​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រតិបត្តិការ​ស្រាវជ្រាវ​ HALO Trush ហើយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) គឺ​ជា​ប្រតិបត្តិករ​បោស​សម្អាត។ ចម្ការ​មីន​នេះ ពី​មុន​ជា​ផ្លូវ​ចាស់​ ដែល​កង​ទ័ព​ខ្មែរ​ក្រហម​បាន​ដាក់​មីន​នៅ​រាយ​ប៉ាយ៕

ព័ត៌មានទាក់ទង