ស្រ្តីខ្មែរឥស្លាម​ ម៉ារី​ ប្រឹងប្រែង​​កែច្នៃត្រីខ្មែរឱ្យមាន​ស្ដង់ដារ និងមានលក់នៅផ្សារទំនើប

16/01/2025 10:56 am ភ្នំពេញ

ភ្នំពេញ៖​ អ្នកស្រី​ ឡឹប​ ម៉ារី​ ម្ចាស់សហគ្រាស​ យូនីកា​ ដែលជាកន្លែងកែច្នៃត្រី​ ធ្វើត្រីងៀត​ ត្រី​ហ្វីឡេ​ ត្រីឆ្អើរ​ និងប្រហុក។ ម្ចាស់សហគ្រាសខ្មែរឥស្លាម​រូបនេះ​ បានពង្រីកខ្លួន​ និង​អភិវឌ្ឍន៍​សមត្ថភាពបន្ថែម​ ដើម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ​ និងមាននៅផ្សារទំនើប។


 


ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ មករានេះ បានទៅកាន់សហគ្រាសគាំទ្រដោយគម្រោង CAPFish-Capture គឺសហគ្រាស យូនីកា។ បច្ចុប្បន្ននេះ សហគ្រាសយូនីកា បានកែច្នៃផលិតផលជលផលជាច្រើនទាំងទឹកសាប និងទឹកប្រៃ ដែលដាក់លក់ក្នុងផ្សារទំនើប និងផ្សារបរិស្ថានធម្មជាតិជាច្រើន។ 
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន  អ្នកស្រី ឡឹប ម៉ារី បានលើកឡើងថា ចាប់ពីតាំងបើកសហគ្រាសកែច្នៃត្រីក្នុង២០១៤ យូនីកា តែងតែព្យាយាមអភិវឌ្ឍន៍សមត្ថភាពបន្ថែម  ដើម្បីកែច្នៃត្រីខ្មែរឱ្យមានស្ដង់ដារ និងមាននៅផ្សារទំនើប។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក ម្ចាស់សហគ្រាសរូបនេះ រំពឹងនាំចេញទៅក្រៅប្រទេសផងដែរ។ 
 
កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (CAPFish) ជាកម្មវិធីជលផល ក្រោមហិរញ្ញប្បទាន គាំទ្រពីសហគមន៍អឺរ៉ុប មានគោលបំណងរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បី សម្រេចបានចក្ខុវិស័យរយៈពេលវែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រ។
 
សូមបញ្ជាក់ថា គម្រោងមានគោលដៅអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផលប្រកបដោយបរិយាប័ន្ន ផ្តោតលើការពង្រឹងសមត្ថភាពអាជ្ញាធរមាន សមត្ថកិច្ច ក្នុងការបង្កើតប្រព័ន្ធត្រួតពិនិត្យផ្លូវការដើម្បីបន្តជួយគាំទ្រនិងអភិវឌ្ឍន៍សហគ្រាសជលផល ក្រោយប្រមូលផល តាមរយៈការកសាងសមត្ថភាព អភិវឌ្ឍន៍ជំនាញ អនុវត្តប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ បង្កើតយន្តការគាំទ្រនិងដាក់ចេញនូវកម្មវិធីគាំទ្រសហគ្រាសជលផល ដើម្បីធានាបាននូវនិរន្តរភាពសម្រាប់ វិស័យនេះ៕

ព័ត៌មានទាក់ទង