
ភ្នំពេញ៖ បេក្ខជន ១ ២២០អង្គ/នាក់ មកពី២២រាជធានី-ខេត្ត រួមទាំងបរទេស បានចូលរួមប្រកួតសរសេរតាមអាន «សំណេរអង្គរ» ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមករា។ ក្នុងចំណោមបេក្ខទាំងអស់ មានព្រះសង្ឃ៨២ អង្គ។
បើតាមគណៈកម្មការរៀបចំសំណេរអង្គរ ក្នុងចំណោមព្រះសង្ឃដែលចូលរួមប្រកួតសំណេរអង្គរ មាន៦៤អង្គ មានព្រះជន្មច្រើនជាង១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន២៤អង្គ, សៀមរាប១៦អង្គ,ប ន្ទាយមានជ័យ៩អង្គ,រាជធានីភ្នំពេញ៦អង្គ,កំពង់ចាម៥អង្គ ហើយកណ្ដាល និងត្បូងឃ្មុំ៤អង្គដូចគ្នា។
ចំណែកឯព្រះតេជគុណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលគង់នៅវត្តកំផែង ខេត្តបាត់ដំបង បានឧបត្ថម្ភបច្ច័យដល់លាភីសំណេរអង្គ៦រូប ម្នាក់៤០ម៉ឺនរៀល បន្ថែមពីលើរង្វាន់ដែលគណៈកម្មការផ្ដល់ជូន។ បេក្ខជនជ័យលាភីទាំង៦នាក់នោះ មាន៣នាក់បេក្ខជនអាយុ១៨ចុះក្រោម និង៣នាក់បេក្ខជនអាយុ១៩ឆ្នាំឡើង។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិ សំណេរអង្គរ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា វេលាម៉ោង៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទសម្រាប់បេក្ខជន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

