
ភ្នំពេញ៖ ក្ដីស្រឡាញ់ចំពោះម្ហូបខ្មែរ ជំរុញឱ្យក្រុមការងារមាតុភូមិ ចងក្រងស្នាដៃសិល្បៈអរូបី គឺសៀវភៅ«មរតកម្ហូបប្រពៃណីជាតិ» ដែលជាបណ្ណសាររូបភាពម្ហូបចំនួន ៤៣៣មុខ។ កញ្ញា មាស ដាណា អ្នកស្រាវជ្រាវ និងរចនារូបភាពនៃសៀវភៅនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ព្រោះតែគុណតម្លៃ និងសេចក្តីស្រឡាញ់ចំពោះម្ហូបប្រពៃណីជាតិខ្មែរ បានជំរុញកម្លាំងចិត្តដល់ក្រុមការងារ ខិតខំប្រឹងប្រែង ស្រាវជ្រាវ ចងក្រងសៀវភៅនេះឡើង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិការងនៃសារព័ត៌មានឌីជីថលថ្មីៗ ជាមួយកញ្ញា មាស ដាណា អ្នកស្រាវជ្រាវ និងរចនារូបភាពសៀវភៅ«មរតកម្ហូបប្រពៃណីជាតិ»ដូចតទៅ៖
ជាអ្នកដែលទទួលទានម្ហូបខ្មែរតជំនាន់ពីឪពុកម្ដាយ កញ្ញា មាស ដាណា បានឃើញពីភាពសម្បូរបែបរបស់ខ្មែរ ទើបឈានដល់ការចុះប្រមូលព័ត៌មាននៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ ក្រោយចំណាយ ពេលវេលា ថវិកា និងកម្លាំង លើការស្រាវជ្រាវ ចងក្រងម្ហូបខ្មែរ ទីបំផុតសៀវភៅ «មរតកម្ហូបប្រពៃណីជាតិ» ក៏លេចរូបរាងឡើង។
សៀវភៅនេះ បានផ្សារភ្ជាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាតិខ្មែរ តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ ដ្បិតមិនមែនជាស្ថាប័នផ្នែកស្រាវជ្រាវ ប៉ុន្តែក្រុមការងារកញ្ញា មាស ដាណា នៅតែជម្នះឧបសគ្គ ប្រឹងប្រែងចងក្រង ប្រមូលឯកសារដែលតំណាលពីចាស់ៗ។
បើតាមកញ្ញា មាស ដាណា ក្នុងសៀវភៅនេះ បានរំលេចពីការបែងចែកថ្នាក់របស់ម្ហូបខ្មែរ ជាពិសេសមានរចនាសម្ព័ន្ធត្រឹមត្រូវ។ «មរតកម្ហូបប្រពៃណីជាតិ» ជាបណ្ណសារ និងរចនាសម្ព័ន្ធម្ហូបប្រពៃណីចំនួន ៤៣៣មុខ ដែលបានចំណាយពេល៨ឆ្នាំ សម្រាប់ចងក្រង។ ក្នុងសៀវភៅនេះ បានបង្ហាញពីមុខម្ហូបប្រពៃណីជាតិខ្មែរ ដោយបានចាត់ថ្នាក់ទៅតាមជំពូក តំបន់ ក្រុម កម្រិត ប្រភេទ និងយថាប្រភេទ នៃមុខម្ហូបនីមួយៗផងដែរ។
ក្រៅពីជាសៀវភៅដែលប្រមូលផ្ដុំនូវម្ហូបប្រពៃណីជាតិ «មរតកម្ហូបប្រពៃណីជាតិ» ក៏ជាផ្នែកមួយលើកស្ទួយម្ហូបអាហាររបស់ប្រជាជាតិខ្មែរ ជាពិសេសថែរក្សាវប្បធម៌ប្រពៃណីផង។ ម្ហូបអាហារជាអត្តសញ្ញាណរបស់ជាតិមួយ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ កញ្ញា មាស ដាណា បរិយាយដូច្នេះ៖ «ពេលយើងចាប់ផ្ដើមចងក្រង យើងមានអារម្មណ៍រីករាយទៅលើមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរ»។
មិនត្រឹមចូលរួមចំណែកថែរក្សាអត្តសញ្ញាណខ្មែរ តែសៀវភៅនេះ ក៏ផ្នែកជួយទាក់ទាញទេសចរបរទេស តាមរយៈអាហារដ៏ឆ្ងាញ់ ដែលជួយដល់សុខភាព។ «យើងចង់ណែនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ស្គាល់ និងទទួលទានម្ហូបខ្មែរឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់»។ នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា មាស ដាណា។
សៀវភៅនេះ មិនបង្ហាញពិស្ដារទៅលើវិធីសាស្រ្តក្នុងការធ្វើនោះទេ ប៉ុន្តែបានបង្ហាញនូវបណ្ណសាររូបថតមុខម្ហូបប្រពៃណីជាតិខ្មែរច្រើនបំផុតមិនធ្លាប់មាន។ លើសពីនេះ សៀវភៅនេះ ក៏មានបង្ហាញពីម្ហូបតាមតំបន់នានារបស់នៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយត្រី សាច់ និងបន្លែប្លែកៗ។
សៀវភៅ «មរតកម្ហូបប្រពៃណីជាតិ» ជាភាសាខ្មែរសុទ្ធសាធមានគោលដៅទៅរកប្រជាជាតិខ្មែរទូទៅតាមទម្រង់អំណានងាយៗសាមញ្ញសរសេរតិច-រូបភាពច្រើន ប៉ុន្តែបានបង្ហាញឱ្យឃើញពីការប្រមូលផ្តុំគ្រប់មុខម្ហូបប្រពៃណីជាតិខ្មែរដោយញែក កំណត់និយមន័យច្បាស់ៗ។ ក្នុងសៀវភៅនេះ ក៏បានទាញចេញនូវសេចក្តីសន្និដ្ឋាននូវរូបមន្តទូទៅ និងប្រមូលផ្តុំពីរាយប៉ាយឱ្យមានលក្ខណៈជា «ប្រព័ន្ធ» និងជា «រចនាសម្ព័ន្ធ» និងមានសណ្តាប់ធ្នាប់ត្រឹមត្រូវ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

