
ភ្នំពេញ៖ ការធ្លាក់ថ្លៃស្រូវនៅពេលនេះ ដោយសារឈ្មួញវៀតណាម ផ្អាកការបញ្ជាទិញ។ នេះជាការបញ្ជាក់របស់ កញ្ញា អ៊ឹម រចនា ដោយពន្យល់បន្ថែមថា ស្រូវដែលធ្លាក់ថ្លៃភាគច្រើនជាប្រភេទពូជស្រូវស្រាលដូចជា អូអឹម ដែលនាំចូលពីប្រទេសវៀតណាម មកដាំដុះនៅកម្ពុជា ហើយលក់ចេញ ឬមានទីផ្សារសម្រាប់តែវៀតណាមមួយគត់។
ក្នុងបរិបទដែលប្រទេសវៀតណាមកំពុងចាល់ស្រូវដូចគ្នា ឈ្មួញវៀតណាម ដែលធ្លាប់ចូលទិញស្រូវពីកសិករខ្មែរ នឹងផ្ដល់អាទិភាពប្រមូលទិញស្រូវ ពីពលរដ្ឋពួកគេ(វៀតណាម) មុន។
កញ្ញា អ៊ឹម រចនា ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «កសិករយើង ទិញពូជពីប្រទេសវៀតណាម មកដាំនៅលើដីយើង។ ហើយបន្ទាប់មកទៀត លក់ចេញ ឬមានទីផ្សារតែប្រទេសវៀតណាមមួយគត់។ ដោយឡែកប្រទេសផ្សេងទៀត គេមិននិយមទទួលទិញនោះទេសម្រាប់ប្រភេទស្រូវនេះ។ ដូច្នេះមានន័យថា យើងទិញពូជពីគេ (វៀតណាម) ហើយដាំដុះឱ្យគេ លក់ទៅឱ្យគេវិញ។ ហើយនៅពេលគេចាល់ស្រូវរបស់គេ គេ នឹងមិនទទួលទិញទេ ស្រូវពីកម្ពុជាមុននោះទេ។ ក្នុងករណីដែលគេទទួលទិញ ក៏គេទម្លាក់ថ្លៃខ្លាំងដែរ»។ ។
«ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយ ចំពោះការត្អូញត្អែររបស់កសិករ ជុំវិញ បញ្ហាធ្លាក់ថ្លៃស្រូវនោះទេ»។ នេះជាការឆ្លើយតបរបស់ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពេលប្រជាកសិករមួយចំនួន នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបិទផ្លូវជាតិលេខ៥រយៈពេលខ្លី ស្រែករកអន្តរាគមន៍ពីក្រសួងកសិកម្ម កាលពីថ្ងៃទី១៣ ខែមករា។
ទាក់ទិនបញ្ហានេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានវាយតម្លៃថា ស្រូវ OM ប្រហែលមិនងាយឡើងថ្លៃវិញនោះទេ ដូច្នេះ បើសិនជាកសិករដែលជួលដីគេ ដើម្បីធ្វើស្រែនឹងទទួលការខាតបង់ ប៉ុន្តែ ចំពោះអ្នកមានដីផ្ទាល់ខ្លួនអាចទប់ទល់បាន ឬរួចខ្លួនបាន។
យ៉ាងណាក៏ដោយ ក្រសួងបានត្រៀមជួយក្នុងលក្ខខណ្ឌចាំបាច់មួយចំនួន ប៉ុន្តែក៏មិនបានពេញដៃពេញជើង ដូចប្រភេទស្រូវយុទ្ធសាស្រ្តមួយចំនួន មានជាអាទិ៍ ផ្ការំដួល និងសែនក្រអូបឡើយ។ ប្រភេទស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា មានការបញ្ជាទិញពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃទីផ្សារនៅលើឆាកអន្តរជាតិ ផ្ទុយពី ស្រូវអូអឹម និងអ៊ីអ៊ែ ត្រូវបានកសិករខ្មែរ ដាំសម្រាប់តែផ្គត់ផ្គង់ឱ្យប្រទេសវៀតណាមប៉ុណ្ណោះ ហើយតម្លៃ និងទីផ្សារ ត្រូវបានកំណត់ដោយមាត់ឈ្មួញ ឬតម្រូវការជាក់ស្ដែងរបស់គេ។
លោក ថ្លែងដូច្នេះថា៖ «ឥឡូវយើងឃើញហើយថា បញ្ហាធ្លាក់ថ្លៃរបស់ស្រូវ អូអឹមនេះ ប្រហែលជាមិនងាយឡើងវិញ។ ដូច្នេះ យើងត្រៀមជួយក្នុងលក្ខខណ្ឌមួយចំនួន តែយើងក៏មិនអាចជួយដូចស្រូវខ្មែរ ដែលមានទីផ្សារក្នុងស្រុកបានដែរ។ តាមតួលេខដែលយើងគណនាមើលទៅ អ្នកដែលជួយដីគេ ដឹងតែខាតហើយ ប៉ុន្តែបើអ្នកមានដីផ្ទាល់ខ្លួន អាចទប់ទល់បាន។»។
សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម កាលពីចុងឆ្នាំ២០១៩។ ស្រូវប្រភេទថ្មីនេះ មានរូបរាងស្រឡូនស្អាត, អង្ករមានពណ៌ថ្លារលើប, គ្រាប់អង្ករវែងៗ។ បើជាបាយវិញ វាមានក្លិនក្រអូបប្រហើរ, រសជាតិឆ្ងាញ់, មិនទន់ ឬរាំងពេក ដែលលក្ខណៈទាំងអស់នេះ ពេញនិយមបំផុតនៅលើទីផ្សារជាតិ និងអន្តរជាតិ។
កាលពីចុងឆ្នាំ២០២៣ និង២០២៤ ពូជស្រូវប្រភេទថ្មីនេះ ទទួលបានពានរង្វាន់មាសមួយពីប្រទេសចិន តាមរយៈការវាយតម្លៃពីលក្ខណៈពិសេសដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសា។
ជុំវិញវិស័យស្រូវ-អង្ករនេះដែរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ស្រូវ គឺជាដំណាំយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល បាន និងកំពុងជំរុញឱ្យមានឧត្តមភាពប្រកួតប្រជែង។ នៅក្នុងជំនួបជាមួយប្រតិភូនៃសហព័ន្ធស្រូវអង្ករ-កម្ពុជា កាលពីថ្ងៃទី ៨ខែមករា សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជំរុញឱ្យស្ថាប័ននេះ បន្តសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់។
សម្ដេច ហ៊ុន ម៉ាណែត ក៏ជំរុញសហព័ន្ធស្រូវអង្ករកម្ពុ ឱ្យចូលរួមផ្តល់ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយឱ្យទូលាយ ពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១ ៩៨៧,១៩លានដុល្លារ ពីការនាំចេញស្រូវជាង ៥លានតោន និងអង្ករជាង ៦៥ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com

