
ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ មានមនុស្ស ៩៥នាក់ បានស្លាប់ និង១៥៣នាក់ រងរបួស ដោយគ្រោះអគ្គិភ័យ រន្ទះ និងខ្យល់កន្រ្តាក់។ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប មានពលរដ្ឋស្លាប់ដោយសារគ្រោះរន្ទះច្រើនជាងគេ។
គ្រោះធម្មជាតិ និងគ្រោះអគ្គិភ័យ ក៏បានបណ្ដាលឱ្យមនុស្សជាច្រើនរងគ្រោះដល់អាយុជីវិតផងដែរ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៤ គ្រោះរន្ទះ បានកើតឡើងចំនួន ១២៥លើក ដែលបណ្ដាលឱ្យមនុស្សចំនួន ៦៨នាក់ស្លាប់ និង៥៥នាក់ រងរបួស។ ក្រៅពីបណ្ដាលឱ្យមនុស្សស្លាប់ រន្ទះក៏សម្លាប់សត្វគោក្របីចំនួន ៤៥ក្បាល និងខូចខាតផ្ទះ ៣១ខ្នង។
រីឯខ្យល់កន្រ្តាក់ បានកើតឡើងចំនួន ២៩៥លើក ដែលធ្វើឱ្យផ្ទះ ៥៤៨ខ្នងរលំ, ៤ ៦៣៧ខ្នង របើកដំបូល និងប៉ះពាល់សាលារៀន ៥១ខ្នង, តូបចំនួន ៤០ រួមទាំងអគាររដ្ឋបាល ២៣កន្លែង។ លើសពីនេះ ខ្យល់កន្រ្តាក់ បានសម្លាប់មនុស្សចំនួន ៧នាក់ និងរបួសចំនួន ៣៩នាក់។
ដោយឡែក គ្រោះអគ្គិភ័យវិញ បានកើតឡើងដល់ ៨២៣លើក សម្លាប់មនុស្ស២០នាក់ និងរបួស ៥៩នាក់។ ជាមួយគ្នានេះ ផ្ទះចំនួន ៨៣៧ខ្នង, តួបចំនួន ២៧៤តូប, ឃ្លាំងទំនិញ ២៤ឃ្លាំង, រោងចក្រ ២៥កន្លែង និងអគាររដ្ឋបាល ២៧កន្លែង ត្រូវបានខូចខាត និងបាត់បង់ដោយសារគ្រោះអគ្គិភ័យ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យច្រើនជាង និងខេត្តសៀមរាប មានអ្នកស្លាប់ដោយសារគ្រោះរន្ទះច្រើនជាងគេ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com

