រដូវប្រាំង ទេសចរ គួរឡើងខ្នងផ្សារតាមផ្លូវក្នុងព្រៃ

13/01/2025 3:01 pm ភ្នំពេញ

កំពង់ស្ពឺ៖ វស្សា វាលស្មៅ និងរុក្ខជាតិនានា ខៀវស្រងាត់ ស្រស់ស្អាតគួរជាទីគយគន់។ រដូវវស្សា បានកន្លងផុតទៅ តំបន់ដែលធ្លាប់តែគ្របដណ្តប់ដោយវាលស្មៅពណ៌ខៀវស្រងាត់ ក៏បានផ្លាស់ប្តូរ។ វាលស្មៅពណ៌មាស ក៏បានចូលខ្លួនមកជំនួសវាលស្មៅពណ៌ខៀវវិញម្ដង។ វាលស្មៅពណ៌មាស ក៏ស្រស់ស្អាតខ្លាំងនៅតំបន់ខ្នងសំពៅ ខ្នងផ្សារ។ ខ្យល់អាកាសត្រជាក់ៗលើកំពូលភ្នំ កាន់តែធ្វើឲ្យតំបន់នេះទទួលបានការទាក់ទាញ។



ខ្នងផ្សារ មិនមែនស្វាគមន៍ទេសចរ តែរដូវវស្សានោះទេ។ រដូវប្រាំង ក៏មានសម្រស់មិនចាញ់រដូវវស្សានោះដែរ។ ជាការពិត ប្រសិនបើទេសចរ ទៅទស្សនាខ្នងផ្សារទាំងពីររដូវនោះពិតជាទទួលបានអារម្មណ៍ប្លែង និងទទួលបាននូវទស្សនីយភាពទាំងពណ៌មាស និងពណ៌ខៀវ។ 
 
នារដូវប្រាំង ទេសចរ គួរឡើងភ្នំតាមផ្លូវព្រៃ ដែលមានម្លប់ឈើត្រជាក់កាយ ដើរមិនណាយចិត្តនោះឡើយ។ ផ្លូវព្រៃ ចំណាយពេលយូរជាងផ្លូវសម្រាប់ឡានធ្វើបង្គោលភ្លើងក៏ពិតមែន ប៉ុន្តែផ្លូវព្រៃ ជាដំណើរកម្សាន្តឡើងភ្នំយ៉ាងពិតប្រាកដ។ ទេសចរ មិនពូកែឡើងភ្នំអាចចំណាយពេល៤ម៉ោង តាមផ្លូវព្រៃ ដោយមានមគ្គុទេសក៍ដើរជាមួយ។ 
 
ឆ្លងកាត់ដើមឈើតូចធំ ជ្រលងភ្នំ អូរនានា ទេសចរ នឹងមិនសូវមានអារម្មណ៍ហត់នឿយនោះទេ។ សំឡេងសត្វយំ បំពេអារម្មណ៍អ្នកដំណើរ ដូចដាក់កាសស៊កក្នុងរន្ធត្រចៀក ស្ដាប់សំឡេងសត្វក្នុងយូធូប។ បើអ្នកមានសំណាង អ្នកនឹងបានឃើញសត្វកេងកង ហើរជាគូផង ជាក្រុមផង លើអាកាសមិនខាន។ 
 
ប្រសិនបើទេសចរ ចង់ដើរផ្លូវព្រៃ សូមដាក់បាយតាមខ្លួន ព្រោះថា ដំណើរឡើងភ្នំតាមផ្លូវព្រៃនេះ នឹងចំណាយពេលយូរ ទៅតាមកម្លាំងសមាជិកក្រុម។ នៅតាមផ្លូវព្រៃនេះ មានដើមឈើដ៏ធំមួយ ដែលភាគច្រើនជាងកន្លែងពិសាបាយរបស់អ្នកដំណើរ។ ដើរតាមផ្លូវព្រៃ ទេសចរ នឹងមិនខកបំណងឡើយនារដូវប្រាំង៕ 

 

ព័ត៌មានទាក់ទង