CMAC បោសសម្អាតផ្ទៃដីចម្ការមីនបាន១,២៥៦ចម្ការ ក្នុងឆ្នាំ២០២៤

13/01/2025 10:54 am ភ្នំពេញ

ពេញមួយឆ្នាំ២០២៤ ​មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)  បោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បាន១,២៥៦ចម្ការ។ ចំនួននេះ  ស្មើនឹងផ្ទៃដីជិត ២០០ គីឡូម៉ែត្រក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ៩៩,៨៧៤គ្រាប់។



តួលេខខាងលើនេះ​ត្រូវបានបង្ហាញដោយ ហេង រតនា ប្រធានCMAC នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រតិបត្តិការឆ្នាំ២០២៤ និងការលើកទិសដៅផែនការសមាហរណកម្មឆ្នាំ២០២៥ នាថ្ងៃទី១០ ខែមករា។ បើតាមCMAC ក្នុងចំណោម គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទទាំង៩៩,៨៧៤គ្រាប់ ដែលត្រូវបានរកឃើញ និងកម្ចេចចោលកាលឆ្នាំ២០២៤នោះ គឺមាន​គ្រាប់មីនប្រឆាំងមនុស្ស១៦,១៥៦គ្រាប់,​ មីនប្រឆាំងរថក្រោះ១៥៧គ្រាប់, មីនកែច្នៃ៤គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន ៧៥,៤៩១ គ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោមផងដែរ។ 
 
សម្រាប់ទិសដៅការងារនៅឆ្នាំ២០២៥ CMAC នឹងបន្តអនុវត្តផែនការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមទូទាំងប្រទេស រួមទាំងអប់រំការយល់ដឹងពីគ្រោះថ្នាក់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមដល់ប្រជាជនគោលដៅប្រមាណ២លាននាក់។ លើសពីនេះ CMAC  នឹងស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីនៅតាមបណ្តោយព្រំដែន ដើម្បីឆ្លើយតបទៅនឹងផែនការក្រោយឆ្នាំ២០២៥។ ឆ្នាំ២០២៥ គឺជាឆ្នាំនៃការកំណត់របស់រដ្ឋាភិបាលក្នុងការសម្រេចនូវគោលដៅ «កម្ពុជាគ្មានមីន»៕

ព័ត៌មានទាក់ទង