ខុសបច្ចេកទេស និងគ្មានច្បាប់! អាជ្ញាធរ​ខេត្ត​តាកែវ ​ផ្អាក​ការសាងសង់សំណង់នៅផ្ទះលោក ធាន វុទ្ធី

07/01/2025 2:42 pm ភ្នំពេញ

ថ្មីៗនេះ អាជ្ញាធរ​ខេត្ត​តាកែវ បាន​ចុះ​ពិនិត្យ​សំណង់ និង​រូប​បដិមា​ នៅទីតាំងផ្ទះរបស់លោក ធាន វុទ្ធី ដែល​តាំងខ្លួន​ជា​ព្រះសិរអារ្យមេត្រីយ៍។ ក្រោយ​ចុះដល់ទីតាំង​នៅស្រុក​ព្រៃកប្បាស អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ការ​សាងសង់​សំណង់នានា ព្រោះគ្មានច្បាប់អនុញ្ញាត គ្មានបច្ចេកទេស និង​ខុស​រចនាបថវប្បធម៌​ខ្មែរ​។


លោក វ៉ី សំណាង អភិបាលខេត្ត​តាកែវ បាន​បញ្ជាក់​ប្រាប់សារព័ត៌មាន​ឌីជីថល​ថ្មីៗតាមទូរសព្ទថា កាលពីថ្ងៃទី៦ មករា អាជ្ញាធរ​ពិតជា​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ផ្ទះ​លោក ធាន វុទ្ធី ដែលស្ថិត​នៅស្រុក​ព្រៃកប្បាស។ ក្នុង​ដំណើរ​ការ​ចុះ​ពិនិត្យនេះ អាជ្ញាធរ​ខេត្ត រួមទាំង​​តំណាង​មន្ទីរវប្បធម៌, មន្ទីរធម្មការ និង​មន្ទីររៀបចំដែនដី បាន​សម្រេចផ្អាកភ្លាមៗនូវការសាងសង់សំណងនានា ដោយ​សារគ្មានច្បាប់អនុញ្ញាត និងមិន​ត្រឹមត្រូវតាមបច្ចេកទេសសំណង់។
 
អភិបាលខេត្ត​តាកែវ រៀបរាប់​ដូច្នេះ៖«យើង​ផ្អាក​គាត់សិន ព្រោះ​សំណង់​មិនត្រូវ​ជាមួយ​រចនាបថ។ យើង​ចង់​ឱ្យ​គាត់​ធ្វើ​យ៉ាងណា​ ជ្រើសរើស​ជាង​ដែល​មាន​ចំណេះជំនាញ​ខាងសូន្យរូប​ឱ្យ​បាន​ត្រឹមត្រូវ»។ នៅទីតាំង​ផ្ទះ​របស់លោក ធាន វុទ្ធី ដែល​មាន​ផ្ទៃដី​ ១៤ហិកតា បានចាប់ផ្ដើម​សាងសង់សំណង់ និង​រូប​បដិមាតាំង​ពីឆ្នាំ​២០១៤មក។

សាងសង់តាំងពីឆ្នាំ២០១៤ ហេតុអ្វី​អាជ្ញាធរ​ទើប​តែ​ដឹង​រឿង? ត្រង់ចំណុចនេះ អភិបាលខេត្ត​តាកែវ បញ្ជាក់ថា ដោយសារ​ការចាប់ផ្ដើម​សំណង់​នៅទាប មើល​មិន​ទាន់ឃើញ ម៉្យាងលោកទើបមកកាន់តំណែងជា​អភិបាលខេត្ត​។ បើតាម​លោក វ៉ី សំណាង ​ទីតាំង​ខាង​លើ មាន​សណ្ឋាន​ជា​ទីអារាម ទើប​បញ្ជាឱ្យ​ចុះទៅ​ពិនិត្យ។ «ទីតាំងនោះខ្ញុំ​ឃើញ​ដូចជាវត្ត ខ្ញុំឃើញដូចជាចម្លែក ទើបបានឱ្យ​ទៅ​មើល​»។ 
 
ក្រោយ​ចុះ​ពិនិត្យ​មន្រ្តី​ជំនាញ​ រកឃើញថា​ទីតាំង​ខាង​លើ សាង​សង់​មិនត្រូវ​តាម​បច្ចេកទេស និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​ពីអ្នក​បច្ចេកទេស។ ជា​អាជ្ញាធរ​ដែនដី លោក វ៉ី សំណាង គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ ប៉ុន្តែ​ត្រូវ​គោរព​ក្រម​បច្ចេកទេស​វិជ្ជាជីវៈ​ទាំង​សំណង់ និង​សិល្បៈ​។

បើតាម​មន្ទីរ​ព័ត៌មានខេត្ត​តាកែវ នៅទីតាំងខាងលើ ​មាន​សំណង់ដូចជា អគារគុណមាតាបិតា ប្រាសាទជល់មុន្នី១៨សែនកោដ អគារកម្ពស់៥ជាន់ ដែល​មិនបានឆ្លងកាត់ជំនាញវិស្វករ និងមិនមាន​ច្បាប់អនុញ្ញាត ដោយ​ធ្វើតាមការបញ្ជាពីលោក ធាន វុទ្ធី។ ក្រៅ​ពីនេះ ក៏​មាន​រូបបដិមា​ជាច្រើន ដែល​គ្មានការពិនិត្យពីជំនាញ និងមិនមានក្បួនខ្នាតត្រឹមត្រូវផងដែរ។
 
សូម​បញ្ជាក់ថា លោក ធាន វុទ្ធី ក៏ធ្លាប់បាន​ផ្ដើម​គំនិត​សាង​សង់​សំណង់ និង​​រូប​បដិមា​ធំៗ នៅ​វត្ត​ទួលព្រះរាជា ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល​ផងដែរ៕

ព័ត៌មានទាក់ទង