ត្រី ចាប់ផ្ដើមត្រូវម្ដងទៀត

02/01/2025 3:11 pm ភ្នំពេញ

ភ្នំពេញ៖ ត្រីចាប់ផ្ដើមសម្បូរ ឬត្រូវម្ដងទៀត នៅចន្លោះថ្ងៃទី២ ដល់១០ ខែមករា ឆ្នាំ២០២៥។ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋរួសរាន់ទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទុកសម្រាប់បរិភោគ។ នេះបើតាមយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចេញផ្សាយថ្ងៃទី២ ខែមករា។



រដ្ឋបាលជលផល បន្តបញ្ជាក់ថា បន្ទាប់ពីខ្នើត ខែមិគសិរ កាលពីខែធ្នូ ឆ្នាំ ២០២៤មក ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ការណ៍នេះ អំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេស គន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់១០ ខែមករា ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល អំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ។ 

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទនិងវារីវប្បកម្ម បានចំនួន ៩២៦ ៩៣៤តោន ក្នុងនោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និងផលវារីវប្បកម្ម ៣២០ ២៨០តោន។ បរិមាណនេះ កើនឡើង៦០ ៦៨៤តោន ស្មើ នឹង៧ភាគរយ បើប្រៀបធៀបឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍សង្ខេបលទ្ធផលអនុវិស័យជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផល៕ 


 

ព័ត៌មានទាក់ទង