
ភ្នំពេញ៖ វៀតណាម ជាប្រទេសជិតខាងដែលប្រមូលទិញនូវផលិតផលកសិកម្មពីកម្ពុជាច្រើនគេ។ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ ប្រទេសមួយជិតខាងមួយនេះ បានប្រមូលទិញគ្រាប់ស្វាយចន្ទី ម្រេច ដំឡូងមី និងជ័រកៅស៊ូ ដែលមិនទាន់កែច្នៃពីកម្ពុជា បានក្នុងទំហំទឹកប្រាក់ ១ ៤០០ លានដុល្លារអាម៉េរិក។
បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ប្រទេស វៀតណាម គឺជាទីផ្សារធំជាងគេរបស់កម្ពុជាលើផលិតផលកសិកម្ម ម្រេច ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញយ៉ាងលម្អិតថា ក្នុងរយៈពេល១១ខែមកនេះ កម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីបានប្រមាណ ៥០២.៩៩លានដុល្លារ។ ក្នុងនោះ ការនាំទៅប្រទេសវៀតណាមមានរហូតដល់៤៩៦.៥៥លានដុល្លារ ស្មើនឹង៩៨,៧២ភាគរយ នៃការនាំចេញគ្រាប់ចន្ទីសរុបរបស់កម្ពុជា។
សម្រាប់ជ័រកៅស៊ូវិញ វៀតណាមបានទិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ ៤៥៧.៣០លានដុល្លារ ដែលស្មើនឹង៨៧.៣៧ភាគរយ នៃទំហំនាំចេញជ័រកៅស៊ូសរុបរបស់កម្ពុជា៥២៣.៤៣លានដុល្លារ។
ជាមួយគ្នានេះ វៀតណាមក៏ជាទីផ្សារធំរបស់កម្ពុជាលើផលិតផលដំឡូងមីផងដែរ។ ក្នុងរយៈពេល១១ខែមក វៀតណាមបានប្រមូលទិញប្រភេទដំណាំនេះពីកម្ពុជាក្នុងទំហំទឹកប្រាក់ ៤២២.៩៦លានដុល្លារ ស្មើនឹង៦៧,៩៤ភាគរយ នៃការនាំចេញដំឡូងមីសរុបមានទំហំទឹកប្រាក់៦២២.៥៣លានដុល្លារ។
ការនាំចេញម្រេចរបស់កម្ពុជាសម្រេចបានក្នុងទំហំទឹកប្រាក់៣៤.៨៣លានដុល្លារ។ ក្នុងនោះ វៀតណាមបានបញ្ជាទិញពីកម្ពុជាក្នុងទំហំទឹកប្រាក់២៣.៤៦លានដុល្លារ ស្មើនឹង៦៧ភាគរយ នៃការនាំចេញម្រេចសរុប។
ក្រៅពីវៀតណាម, ថៃ និងចិន ក៏ជាទីផ្សារធំលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនដែរ។ ក្នុងនោះ ប្រទេសថៃ ជាទីផ្សារកម្ពុជាលើដំណាំស្វាយ និងផ្លែមៀន ដែលមានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ។ រីឯប្រទេសចិន ជាទីផ្សារធំរបស់កម្ពុជាលើដំណាំចេក ដោយរយៈពេល១១ខែមកនេះ ចិនបានបញ្ជាទិញផ្លែចេកពីកម្ពុជាក្នុងទំហំទឹកប្រាក់១៣១.៤១លានដុល្លារ ស្មើនឹង៩៤,៧៤ភាគរយ នៃការនាំចេញផ្លែចេកសរុប។
គួរជម្រាបថា ផលិតផលកសិកម្មខាងលើដែលវៀតណាម ថៃ និងចិន ប្រមូលទិញពីកម្ពុជា គឺសុទ្ធសឹងជាប្រភេទទំនិញស្រស់ ដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រទេសរបស់ខ្លួន និងនាំចេញជាផលិតផលសម្រេចនានាទៅកាន់ទីផ្សារពិភពលោក។
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូនានាក្នុងពិភពលោក សម្រេចបានក្នុងទំហំទឹកប្រាក់ ៥០,៤៥ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ កើន១៥,៩៥ភាគរយ។ ក្នុងនោះ ការនាំចេញមាន២៤,៣៤ប៊ីលានដុល្លារ កើន១៤,៣៦ភាសគរយ ខណៈការនាំចេញមាន២៦,១០ប៊ីលានដុល្លារ កើន១៧,៤៨ភាគរយ៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com

