អាថ៌កំបាំង នៃសត្វសំពោច ដែលគេមិនសូវបានដឹង!

23/12/2024 10:39 am សៀមរាប

សៀមរាប៖​ សំពោច​ ជាសត្វព្រៃដែលចូលចិត្តរស់នៅក្នុងព្រៃរុក្ខសាស្រ្ដ ព្រោះក្នុងតំបន់នេះសត្វសំពោចអាចគ្រប់គ្រងលើសីតុណ្ហភាពក្តៅបានយ៉ាងល្អ​ ហើយពួកវាអាចសម្របខ្លួនទៅនឹងសំណើមខ្ពស់នៅតំបន់ត្រូពិចផងដែរ។ សត្វសំពោចត្រូវបានគេឃើញមាននៅទ្វីបអាហ្រ្វិក អឺរ៉ុបខាងត្បូង និងនៅតាមបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ 


ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក យឹម យ៉េត មគ្គុទ្ទេសក៍នៃ Angkor Wildlife and Aquarium (AWA) លើកឡើងថា សំពោចជាសត្វក្នុងអម្បូរសត្វឆ្មា ហើយវាមានប្រហែល១៥ទៅ២០ប្រភេទ។ ពីមួយប្រភេទទៅមួយប្រភេទ វាមានភាពខុសគ្នាដោយសារពណ៌សម្បុររបស់ពួកវា ដោយសត្វសំពោចខ្លះសម្បុរពណ៌ក្រម៉ៅ ពណ៌ប្រផះ និងខ្លះមានចំណុចខ្មៅលើដងខ្លួនជាដើម។ 

បើយើងក្រឡេងមកមើលរូបរាងសត្វសំពោចវិញ ដងខ្លួនវាអាចមានប្រវែងពី៤០សង់ទីម៉ែត្រ ទៅ៨៥សង់ទីម៉ែត្រ, កន្ទុយចាប់ពី១៣សង់ទីម៉ែត្រ ទៅ៦៦សង់ទីម៉ែត្រ និងមានទម្ងន់ចាប់ពី១,៥គីឡូក្រាម ទៅ១១គីឡូក្រាម។ នេះបើតាមការរៀបរាប់របស់លោក យឹម យ៉េត។ 

សត្វសំពោចតែងចេញប្រមាញ់សត្វ និងចំណីអាហារនៅពេលយប់ និងសម្រាកនៅពេលថ្ងៃ។ វាស៊ីថនិកសត្វតូចៗ បន្លែ និងផ្លែឈើ​ ជាពិសេសស្លឹកកាហ្វេ គ្រាប់កាហ្វេ និងផ្លែឆេរី (Cherry)ជាអាហារ។ 

សត្វប្រភេទនេះ មានសមត្ថភាពម្យ៉ាងដែលអាចផ្ដល់សញ្ញាឱ្យគ្នាទៅវិញទៅមកតាមរយៈការកំណត់សម្គាល់ក្លិន លាមក និងទឹកនោម។ លោក យឹម យ៉េត ថាការផ្ដល់សញ្ញានេះគឺមានសារៈសំខាន់ផងដែលដល់ការរស់នៅរបស់សត្វសំពោច។ ទោះបីវាមានលក្ខណៈពិសេសក្នុងការទាក់ទងគ្នា ប៉ុន្តែលោក យឹម យ៉េត សត្វប្រភេទនេះមិនចូលចិត្តរស់នៅជាក្រុម ជាហ្វូងឡើង ពោលគឺពួកវាចូលចិត្តរស់នៅតែឯងៗ។ 




បើនិយាយពីការបន្តពូជវិញ ពួកវាអាចបន្តពូជបានរយៈពេលមួយឆ្នាំពេញ ដោយមិនរើសរដូវ ឬខែឡើយ។ ការបង្កកំណើតម្តងមានរយៈពេល២ខែ ហើយសត្វសំពោចអាចបង្កើតកូនបានពី២ ទៅ៥ក្បាល។ ក្រោយបង្កើតកូន សំពោចញីមានតួនាទីជាអ្នកមើលថែរក្សាកូន។ នេះជាការបញ្ជាក់របស់លោក យឹម យ៉េត អំពីការបង្កកំណើតរបស់សត្វសំពោច។​ 

លោក យឹម យ៉េត ក៏បានលើកឡើងដែរថា សត្វសំពោចអាចផលិតកាហ្វេមួយប្រភេទដែលមានតម្លៃខ្ពស់ គេហៅថាកាហ្វេលាមកសត្វសំពោច ឬkopi luwak។ តម្លៃថ្លៃ នៃប្រភេទកាហ្វេនេះបានជះឥទ្ធិពលអាក្រក់ដល់ការរស់នៅរបស់សត្វសំពោច។ សត្វសំពោចត្រូវបានគេជួញដូរ បង្ខាំងក្នុងទ្រុង ដើម្បីឱ្យពួកវាស៊ីគ្រាប់កាហ្វេ ដើម្បីផលិតជាប្រភេទកាហ្វេ kopi luwakនេះ។

បច្ចុប្បន្នវត្ដមានសត្វសំពោចនៅប្រទេសកម្ពុជា គឺស្ថិតនៅក្នុងចំណោមសត្វកម្រ​ និងអាចឈានទៅរកការផុតពូជ។ នេះជាការលើកឡើងលោក យឹម យ៉េត ដោយបន្ថែមថា  មានជនខិលខូចមួយចំនួនចូលចាប់សត្វព្រៃនៅក្នុងធម្មជាតិយកមកបង្ខាំងទុកដើម្បីចិញ្ចឹម ជួញដូរខុសច្បាប់ បរបាញ់សម្លាប់ជាអាហារ។ ការណ៍នេះជាកត្តាជះឥទ្ធិពលដ៏អាក្រក់ មកលើសត្វព្រៃក្នុងប្រទេសកម្ពុជាក៏ដូចជាសត្វសំពោចនេះដែរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និង​ ក្រសួងកសិកម្ម​ បានសហការជាមួយអង្គការផ្សេងៗដើម្បីសង្រ្គោះសត្វព្រៃតាមតំបន់នានា។​ បន្ទាប់ពីសង្រ្គោះ សត្វព្រៃទាំងនោះត្រូវបានបញ្ជូនទៅតំបន់អភិរក្សភ្នំតាម៉ៅ។ ក្នុងនោះក៏មានសត្វសំពោចនេះផងដែរ ដែលត្រូវបានសង្គ្រោះពីជនជួញដូរខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីលោក យឹម យ៉េត៕ 


ដោយ៖ អោត រត់, ថោង ប្រណី




 

ព័ត៌មានទាក់ទង