ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានការដ្ឋានរ៉ែមាសចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តបាត់ដំបង។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ការដ្ឋានទាំង៥កន្លែងនេះ ផលិតជាដុំមាសបានប្រមាណ១៣តោន។ នេះបើយោងតាមរបាយការណ៍ ស្តីពី ការវឌ្ឍនភាពវិស័យរ៉ែរបស់ក្រសួងធនធានរ៉ែ និងថាមពល។
ក្រសួងរ៉ែ បានបញ្ជាក់ថា សម្រាប់រយៈពេល៩ខែ (ខែមករា ដល់កញ្ញា) ឆ្នាំ២០២៤ កម្ពុជា នាំចេញដុំមាសដែលផលិតដោយការដ្ឋានចម្រាញ់មាសទាំង៥ខាងលើបានចំនួន ៣,៣៦១គីឡូក្រាម។ ពាក់ព័ន្ធនឹងរ៉ែមាសនេះ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ព្យាយាមទាក់ទង លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ តាមប្រព័ន្ធតេលេក្រាម និងទូរសព្ទ ដើម្បីទទួលបានបន្ថែម ប៉ុន្តែមកទល់ពេលនេះ គឺមានមិនការឆ្លើយតបឡើយ។
ក្នុងចំណោមការដ្ឋានរ៉ែមាសទាំង៥កន្លែង ខាងលើនោះ ការដ្ឋានចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី គឺមានទំហំធំជាងគេ។ ក្រុមហ៊ុនអូស្ត្រាលីមួយនេះ បានបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ «រ៉ែមាស» នៅតំបន់នេះ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ រោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុននេះ អាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។
Renaissance Minerals ជាក្រុមហ៊ុនទីមួយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញ ជាមាសដុំពាក់កណ្តាលសម្រេចដែលបានអត្រាមាស៩០ភាគរយ (Gold Dore Bars) ។ កន្លងមក អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ដែលបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា ការផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុន Renaissance Minerals នោះ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ។ ក្នុងចំណោមចំណូលដុលទាំងនេះ គឺមានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។
គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់ «រ៉ែមាស» របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដំណើរការបានរយពេលជាង៣ឆ្នាំហើយ ក្រោមទុនវិនិយោគ ១២០លានដុល្លារ។
ក្រៅពីរ៉ែមាសទាំងនេះ កម្ពុជាក៏ផលិតបាននូវរ៉ែខ្សាច់ទន្លេ រ៉ែថ្មអារប្លុក រ៉ែថ្មអារសន្លឹក រ៉ែដែកឆៅ និងរ៉ែម៉ង់កាណែសឆៅ ផងដែរ។ របាយការណ៍ដដែលពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤ កម្ពុជានាំចេញខ្សាច់ទន្លេបាន ១៩,០១៤,១៦៨ ម៉ែត្រគូប, ថ្មអារប្លុកបាន ២២១,១៥១ ម៉ែត្រគូប, ថ្មអារសន្លឹកបាន ៣,៤៩២១៨០ម៉ែត្រការ៉េ, រ៉ែដែកឆៅបាន ៥២៧,៦៩៥តោន និងរ៉ែម៉ង់កាណែសឆៅ បានចំនួន ៤០,០១២តោន។
គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ ប្រតិបត្តិការធនធានរ៉ែ ត្រូវបានធ្វើឡើងក្រុមអាជ្ញាបណ្ណធនធានរ៉ែចំនួន៥៥៥ មានទុនវិនិយោគសរុប ២,៧៦៤.២លានដុល្លារអាម៉េរិក។ បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុនវិនិយោកទាំងនោះ ផ្តល់ការងារដោយផ្ទាល់ដល់ពលរដ្ឋបាន១១, ៣០៦នាក់ (ស្រី ៩៧៨នាក់)។
លោកបានបញ្ជាក់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងរ៉ែ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ថា ៖ « ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ កើនឡើងដល់ប្រមាណ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤ ស្មើនឹង ១៥០ភាគរយ ធៀបច្បាប់ថវិកា និង១៧០ភាគរយ ធៀបឆ្នាំ២០២៣ដែលចំណូលមានប្រមាណ៦៥,៤លានដុល្លារ»។
ទីតាំងជម្របធនធានរ៉ែរបស់កម្ពុជា ស្ថិតនៅក្នុងខេត្តចំនួន។ ក្នុងនោះ ស្ទឹងត្រែងមានរ៉ែធ្យូងថ្ម, ក្រចេះមានរ៉ែថ្មក្រានីត, មណ្ឌលគិរី មានរ៉ែមាស និងអាលុយមីញ៉ូម, រតនគិរីមានរ៉ែមាស, ព្រះវិហារមាន ក្រៅពីមានរ៉ែមាសហើយនោះ ក៏មានរ៉ែប្រាក់ ផងដែរ។
ខេត្តឧត្តរមានជ័យ និងបាត់ដំបងមានរ៉ែមាស។ ក្រៅពីមាស បាត់ដំបងក៏មាននូវរ៉ែថ្មកំបោរសម្រាប់ផលិតស៊ីម៉ងត៍ ខណៈកំពង់ឆ្នាំង មានរ៉ែសំណង់។ រ៉ែសំណង់ និងធ្យូងថ្ម ក៏មាននៅកំពង់ស្ពឺ ដែរ។ ខេត្តកំពត មានរ៉ែថ្មកំបោរសម្រាប់ស៊ីម៉ងត៍។ សម្រាប់រ៉ែខ្សាច់សំណងរ់បស់កម្ពុជា គឺមាននៅតាមដងទន្លេ និងស្ទឹង។ នេះបើតាមរបាយការណ៍ក្រសួងរ៉ែ និងថាមពល៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com