កសិដ្ឋានផលិតពូជស្រូវប្រណិត «ទួលសំរោង» កំពុងជំរុញការនាំចេញ​អង្ករ​ខ្មែរទៅ​​អន្តរជាតិ

28/11/2024 11:11 am ភ្នំពេញ

កសិដ្ឋានផលិតពូជស្រូវទួលសំរោង​ គឺជាទីតាំងផលិតគ្រាប់ពូជស្រូធំជាងគេនៅកម្ពុជា។ កសិដ្ឋានចំណាស់មួយនេះ កំពុងផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួល និងសែនក្រអូប០១ លើផ្ទៃ២២០ហិកតា សម្រាប់ផ្គង់ផ្គង់ឱ្យកសិករ និងសហគមន៍កសិកម្មក្នុងតម្លៃសមរម្យ ក្នុងទិសដៅជំរុញការផលិត និងនាំចេញអង្ករ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។


បើតាម លោក អ៊ឹង ស៊ីណា ប្រធានកសិដ្ឋានផលិតពូជស្រូវទួលសំរោង បច្ចុប្បន្ន អង្ករផ្ការំដួល និងសែនក្រអូប០១ កំពុងពេញនិយម និងទទួលបានតម្លៃទីផ្សារខ្ពស់ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។  ដូច្នេះហើយបានជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការផលិតពូជ និងកៀរគរឱ្យកសិករដាំដុះកាន់តែច្រើន ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ​ជាពិសេសទៅអឺរ៉ុប។ 
 
លោក ស៊ីណា  ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)  នៅថ្ងៃទី២៦ ខែវិច្ឆិកា នេះ ថា ៖ «យើងចង់ផ្គត់ផ្គង់អង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់ច្រើន ជាពិសេស សហគមន៍អឺរ៉ុប ដែលគេត្រូវការអង្ករប្រណិតបែបនេះ។ ដូច្នេះ យើងដាំដុះពូជស្រូវនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ស្ដីពី ការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ » ។

កសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានផ្ទៃដីផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួល ១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។ កសិដ្ឋានមួយនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦២ ដែលកាលនោះ មានឈ្មោះថា « មជ្ឈមណ្ឌលបច្ចេកទេសកសិកម្មកម្ពុជា-ជប៉ុន»។ សព្វថ្ងៃ កសិដ្ឋាននេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 


 លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ រូបភាព៖ ក្រសួងកសិកម្ម


កន្លងមក កញ្ញា អ៊ឹម រចនា​ អ្នកនាំពាក្យក្រសួងកសិកម្ម បានលើកទឹកចិត្តឱ្យ ប្រជាកសិករងាកមកដាំដុះពូជស្រូវ សែនក្រអូប០១ និង ផ្ការំដួល នេះដែរ។ បើតាមកញ្ញា ពូជស្រូវជាតិទាំងពីរប្រភេទនេះ គឺមានកិច្ចព្រមព្រៀងទិញច្បាស់លាស់ ពីរោងម៉ាស៊ីកិនស្រូវក្នុងតម្លៃខ្ពស់ ជាងពូជស្រូវនាំចូលពីបរទេស ដែលតម្លៃភាគច្រើនស្ថិតលើមាត់ឈ្មួញ។
 
ពូជស្រូវ «ផ្ការំដួល» ទទួលបានពានរង្វាន់អង្ករល្អដាច់គេលើលោករហូតដល់៥ដង។ ចំណែក ពូជស្រូវ«សែនក្រអូប០១» ក៏ទទួលបានពានរង្វាន់មាសចំនួន២ផងដែរ ក្នុងឆ្នាំ២០២៣ និង២០២៤ ពីប្រទេសចិន តាមរយៈការវាយតម្លៃពីលក្ខណៈពិសេស ទាំងក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសា។
 
សូមជម្រាបថា ចាប់ពីខែមករា ដល់តុលា កម្ពុជាបាននាំចេញអង្ករប្រមាណ៥០៧តោន ដែលមានទំហំទឹកប្រាក់ ៣៧៦,៦៣លានដុល្លារ។ ការនាំចេញនេះ ធ្វើឡើងតាមរយៈវិស័យឯកចំនួន ៥៥ក្រុមហ៊ុន ដោយបានចែកចាយទៅកាន់៦៦គោលដៅ ក្នុងនោះ មានប្រទេសក្នុងតំបន់អឺរ៉ុប បញ្ជាទិញច្រើនជាងគេ លើទំហំ២៥៤ ៩៤៥តោន ស្មើនឹង​១៩៦,៩៣លានដុល្លារ។    
 
ប្រទេស៧នៅតំបន់អាស៊ាន ឈលេខ២ ដែលបានទទួលទិញ១០០ ៩៩៦តោន ស្មើ ៦៦,៦១លានដុល្លារ។ ចិន ឈលេខ៣ បញ្ជាទិញក្នុងទំហំ ៩៣ ១៩៧តោន​ មានតម្លៃ​ ៦១,៤៨លានដុល្លារ។  រីឯ តំបន់អាហ្រ្វិក និងមជ្ឈឹមបូព៌ាចំនួន៣០ប្រទេស បានបញ្ជាទិញ ៥៧ ៨៩១តោនពីកម្ពុជា ដែលស្មើ ៥១,៦១លានដុល្លារ។ 
ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវ ៤ ០៣៦ ៣៣៦តោន ឬស្មើទឹកប្រាក់ ១ ១៨៤,១៦លានដុល្លារ ទៅកាន់ប្រទេសប្រទេសវៀតណាម និងថៃ ផងដែរ៕

ព័ត៌មានទាក់ទង