ជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
ត្បូងឃ្មុំ ក្លាយជាខេត្តទី១១របស់កម្ពុជា ដែលប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីប្រកាសនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែវិច្ឆិកា។ នេះយោងតាមការប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ការប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តត្បូងឃ្មុំ នាពេលនេះ គឺបានឆ្លើយតបនឹងផែនការសកម្មភាពជាតិ ស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យជនបទ នៅឆ្នាំ២០៣០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ត្បូងឃ្មុំ ក្លាយជាខេត្តទី១១របស់កម្ពុជា ដែលប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី និងខេត្តសៀមរាប។
លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា៖ « បច្ចុប្បន្ន ក្រសួងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ពីការផ្គត់ផ្គង់ទឹកការសម្អាត និងអនាម័យជនបទដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០ភាគរយ។ ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩ភាគរយ និងអនាម័យ ៩១,៤៧ភាគរយហើយនឹងសម្រេចឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០៣០»។
បើតាមលោក ឆាយ ឫទ្ធិសែន ក្រសួងអភិវឌ្ឍន៍បទបទ មានផែនការសម្រេចឱ្យបាននូវរាជធានី-ខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ចំនួន៣ទៀត នៅត្រឹមដំណាច់ឆ្នាំ២០២៤។ ក្នុងនោះ គឺមានខេត្តតាកែវ និងខេត្តស្ទឹងត្រែង។ លោករដ្ឋមន្រី្តអភិវឌ្ឍន៍ជនបទបានបញ្ជាក់ថា ភ្នំពេញ នឹងទទួលពានជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ ដែលនឹងប្រកាសឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com