«ចាណាម» ជាឈ្មោះកូនដំរីព្រៃញីមួយក្បាល ដែលវង្វេងម្ដាយ និងត្រូវបានគេជួយសង្រ្គោះចេញពីភាពអត់ឃ្លានកាលពីដើមខែវិច្ឆិកា នៅខេត្តមណ្ឌលគិរី។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្ន កូនដំរីដ៏កម្សត់នេះមានសុខភាពល្អ ហើយវាទំនងបន្តស្នាក់នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ខេត្តតាកែវ រហូតដល់ធំ។
កញ្ញា អ៊ឹម រចនា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី២៥ ខែវិច្ឆិកា នេះថាសព្វថ្ងៃ «ចាណាម» អាចសម្របខ្លួនរស់នៅជាមួយហ្មង ក្នុងសួនសត្វភ្នំតាម៉ៅបានយ៉ាងល្អ។ ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏ដូចជាអង្គការដៃគូ បានយកចិត្តទុកដាក់ និងព្យាយាមថែទាំវាឱ្យមានសុខភាពរឹងមាំឡើងវិញផងដែរ។
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រូបនេះ «ចាណាម» ទើបតែមានអាយុចន្លោះពី ៦ទៅ៨ខែប៉ុណ្ណោះ។ ផ្អែកតាមស្ថានភាពនេះ គេមិនអាចលែងវាឱ្យរស់នៅក្នុងព្រៃធម្មជាតិតែម្នាក់ឯងបាននោះទេ ដូច្នេះ វាទំនងបន្តស្នាក់នៅ និងថែទាំដោយអ្នកជំនាញផ្នែកសត្វ នៃមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ រហូតដល់ធំ។
កញ្ញា អ៊ឹម រចនា ប្រាប់ដូច្នេះថា៖«បើតាមអ្នកជំនាញ ចាណាមអាចមានអាយុចន្លោះពី៦ ទៅ៨ខែប៉ុណ្ណោះ ដូច្នេះតាមលក្ខណៈជីវសាស្រ្តរបស់សត្វព្រៃដែលមានអាយុតិចបែបនេះ គឺពួកវាត្រូវការរស់នៅជាមួយហ្វូង និងមានមេដំរី ជាអ្នកមើលថែ។
ផ្អែកតាមលក្ខណៈជីវសាស្រ្ត កូនដំរីដ៏កម្សត់នេះ ទំនងមិនអាចលែងទៅឱ្យរស់នៅក្នុងព្រៃតែឯងបានទេ ដូច្នេះ ចាណាម ទំនងជាត្រូវរក្សាទុក និងថែទាំដោយជំនាញសត្វ នៅសួនសត្វភ្នំតាម៉ៅ បណ្ដោះអាសន្ន រហូតដល់ធំ»។ «ចាណាម» ត្រូវបានក្រសួងកសិកម្ម សហការជាមួយ ក្រសួងបរិស្ថាន និងអង្គការដៃគូ ជួយសង្រ្គោះកាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងជាងមួយសប្តាហ៍នៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំឡុងពេលជួយសង្រ្គោះនោះ គេបានផ្ដល់ចំណី និងទឹកដោះគោមួយចំនួន ដើម្បីឱ្យវាមានកម្លាំងឡើងវិញ ហើយរង់ចាំមើលពីចម្ងាយ ដោយសង្ឃឹមថាហ្វូងដំរី នឹងមករកកូនរបស់វាវិញ។ ប៉ុន្តែក្រោយរង់ចាំជាងមួយ សប្តាហ៍ ដោយគ្មានតម្រុយពីការជួបជាមួយហ្វូងរបស់វាវិញ ហើយស្របពេលដែរ ស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផងនោះ ក្រុមការងារពាក់ព័ន្ធក៏សម្រេចបញ្ជូនវាទៅថែរក្សា និងបំប៉ន នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដើម្បីធានានូវសុវត្ថិភាព។
សូមជម្រាបថា ដំរីព្រៃ ឬដំរីអាស៊ី ត្រូវបានចាត់ក្នុងឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស (CITES) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ (EN) ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទសត្វជិតផុតពូជក្នុងចំណាត់ថ្នាក់ និងបញ្ជីឈ្មោះសត្វព្រៃកម្ពុជា។ បើតាមក្រសួងបរិស្ថាន ខេត្តមណ្ឌលគិរី មានដំរីព្រៃប្រមាណ៣៥០ក្បាល។ ចំណែក នៅទូទាំងប្រទេសកម្ពុជា មានប្រមាណពី៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើតខេត្តមណ្ឌលគិរី៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com