តស់! ទស្សនាការប្រណាំងដ្រូន នៅតារាងបាល់​ទ្យាល័យបឹងត្របែក ​នៅថ្ងៃទី២៤ ខែវិច្ឆិកា

22/11/2024 9:46 am ភ្នំពេញ

ភ្នំពេញ៖ ការប្រកួតលើវិញ្ញាសាប្រណាំងដ្រូន នឹងត្រូវរៀបចំ​ឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅ​តារាងបាល់ទាត់វិទ្យាល័យបឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ការប្រកួតនេះ ចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច ដែលជាផ្នែកមួយនៃនៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍ យន្តហោះ និងបច្ចេកវិទ្យា ដែលនឹងប្រារព្ធឡើងនៅខែធ្នូខាងមុខ។



ការប្រកួតស្នាដៃបច្ចេកវិទ្យា Air & Tech Competition ឆ្នាំ ២០២៤ មានវិញ្ញាសាធំៗចំនួន ៤ រួមមាន ការប្រកួតមនុស្សយន្ត, ការប្រកួតរ៉ូបូតចម្បាំង, ការប្រកួតយន្តហោះបញ្ជា និងការប្រកួតប្រណាំងដ្រូន។ ពិព័រណ៍នេះ ចង់បង្ហាញពីសក្តានុពលរបស់យុវជន លើជំនាញបច្ចេកវិទ្យា ការច្នៃប្រឌិត ជាក់ស្តែងដូចជាការប្រណាំងដ្រូនជាដើម។ 

សាធារណជន អាចចូលរួមទស្សនាដោយសេរី ដោយមានការចូលរួមប្រកួតពីបេក្ខជនមានសមត្ថភាព និងមានសក្ដានុពលលើផ្នែកបច្ចេកវិទ្យា ជាពិសេសការប្រណាំងដ្រូន។ ក្នុងនោះដែរមានបេក្ខជនមកពីបណ្ដាវិទ្យាល័យ និងសកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ប្រមាណ ១០ ក្រុម ដែលត្រូវចូលរួមប្រកួតយ៉ាងស្វិតស្វាញ ដើម្បីស្វែងរកជើងខ្លាំងទៅដណ្ដើមពានរង្វាន់ លើវិញ្ញាសាប្រណាំងដ្រូន នាពេលខាងមុខនេះ។  បេក្ខជនជ័យលាភីទាំង ៤វិញ្ញាសា នឹងទទួលបានមេដាយ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំង ប្រាក់រង្វាន់សរុបរហូត ២១លានរៀល។ 

សូមជម្រាបថា បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដំបូងក្រុមការងារ ATC Lab បានធ្វើការបណ្តុះបណ្តាល និងតម្រង់ទិសបន្ថែម ដល់បេក្ខជនដែលបានជាប់ឈ្មោះក្នុងការប្រកួតទៅលើវិញ្ញាសាទាំង ៤ ដោយឆ្លងកាត់ ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរឹង ពីគណៈកម្មការនៃកម្មវិធី Air & Tech Competition ដើម្បីឆ្ពោះទៅកាន់វគ្គប្រកួតដណ្ដើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅចុងឆ្នាំ២០២៤នេះ៕

ព័ត៌មានទាក់ទង