លោក ស៊ិន ចាន់សាត រស់នៅភូមិទី០១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បានលែងត្រីរាជមួយ ក្បាលទម្ងន់២៦គីឡូក្រាម និងមានប្រវែង១,៥០ម៉ែត្រ ទៅក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ នៃបឹង ទន្លេសាបវិញ បន្ទាប់ពីចាប់បានកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ នេះបើតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ ខែវិច្ឆិកា។
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចាត់ទុកសកម្មភាពនេះ គឺជាគំរូល្អ និងមានតម្លៃបំផុត ក្នុងការរួមចំណែកដល់ការអភិរក្សប្រភេទត្រីជិតផុតពូជឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។
ត្រីរាជ ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះតាមរយៈក្រមនេសាទលេខ ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦។
រដ្ឋបាលជលផល កាលពីថ្ងៃទី១ ខែវិច្ឆិកា បានជូនដំណឹងដល់អ្នកធ្វើអាជីវកម្មនេសាទដោយប្រើឧបករណ៍ នេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបួ ស្ទឹង ព្រែកនានា កុំឱ្យនេសាទប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាអាទិ៍ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្ត្រប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត។ ការហាមប្រាមបែបនេះ គឺដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ សម្រាប់បង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរ និង និរន្តរភាពធនធានជលផល៕
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com