រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំតុបតែងទីក្រុង ជាពិសេសនៅម្តុំព្រះបរមរាជវាំង ស្វាគមន៍ការចូលមកដល់នៃព្រះរាជពិធីបុណ្យអុំទូក ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ ទន្ទឹមនឹងដាក់ផែនការគ្រប់គ្រងសណ្តាប់ធ្លាប់ និងសុវត្ថិភាពជូនពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់អាជីវករ ដែលមានទីតាំងផ្ញើម៉ូតូ រថយន្តជាដើម កុំដំឡើងថ្លៃហួសហេតុ នាពេលបុណ្យអុំទូក។
បរិវេណមាត់ទន្លេចតុមុខ គឺជាទីតាំងប្រមូលម្តុំមនុស្សច្រើនជាងគេ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ គ្រប់ផ្លូវនៅតាមទីតាំងសំខាន់ៗចូលទៅតំបន់បណ្ដោយមាត់ទន្លេ ជាទីប្រណាំងអុំទូកនោះ ត្រូវបានដាក់រនាំងហាមឃាត់ មិនឱ្យឡាន និងម៉ូតូ ចេញ-ចូលដោយសេរីនោះទេ ពោលគឺទាល់តែមានការអនុញ្ញាតពីអាជ្ញាធរ។ ដូច្នេះពលរដ្ឋដែលជិះម៉ូតូ ឬយានជំនិះផ្សេងៗ ត្រូវរកទីតាំងផ្ញើឲ្យបានត្រឹមត្រូវ ខណៈដែលតម្លៃផ្ញើក៏មានការកើនឡើងផងដែរ។
ការឡើងថ្លៃសេវាផ្ញើម៉ូតូ បានធ្វើឱ្យពលរដ្ឋមួយចំនួនធំ មិនពេញចិត្តនឹងអាជីវករ ដែលមិនបានកំណត់ថ្លៃច្បាស់លាស់ ឬដំឡើងថ្លៃផ្ញើចំថ្ងៃបុណ្យ។ ទីតាំងខ្លះ បានដំឡើងថ្លៃរហូតដល់៥ពាន់រៀល ឬ១ម៉ឺនរៀល សម្រាប់ម៉ូតូមួយគ្រឿង។ ចំណែកកន្លែងខ្លះ មិនបញ្ជាក់តម្លៃផ្ញើត្រឹមត្រូវនោះឡើយ។ យ៉ាងណាមិញ រដ្ឋបាលរាជធានីភ្នំពេញ តែចេញសេចក្តីណែនាំជារៀងរាល់ឆ្នាំ និងចុះដល់ទីតាំងអាជីវករផងដែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអ្នកផ្ញើម៉ូតូទាំងអស់ឱ្យទទួលខុសត្រូវ និងធ្វើច្បាប់ជូនដំណឹងរដ្ឋបាលខណ្ឌ ដើម្បីធានាថាការផ្ញើនេះ មិនមានការបាត់បង់ម៉ូតូរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង កន្លែងផ្ញើមួយចំនួន បានបញ្ជាក់ថាផ្ញើម៉ូតូ ប៉ុន្តែប័ណ្ណផ្ញើម៉ូតូមិនទទួលខុសត្រូវរាល់ការបាត់បង់នោះឡើយ។
លោក ឃួង ស្រេង បញ្ជាក់ដូច្នេះ៖ «ទាក់ទងនឹងបញ្ហាតម្លៃ ឃើញថាមានការកើនខ្លះ ប៉ុន្តែយើងបានណែនាំតាមរយៈរដ្ឋបាលខណ្ឌចុះទៅទីតាំងតែម្តង ដើម្បីធ្វើកំណត់ហេតុយកតម្លៃ កុំឱ្យហួសហេតុ។ ប៉ុន្តែយើងក៏មិនអាចទៅកំណត់គាត់ថាឱ្យយកតម្លៃណាមួយនោះឡើយ។ បើនិយាយពីក្របខណ្ឌភាស៊ីម៉ូតូ ត្រឹមតែ ៣០០រៀលទេ។ អ៊ីចឹង បើកំណត់តម្លៃបែបនេះ គឺមិនកើតឡើយ។ តែយើងអំពាវនាវ កុំឱ្យយកថ្លៃហួសហេតុ ធ្វើឱ្យបាត់បង់នូវការចូលរួមរបស់ប្រជាពលរដ្ឋ។»
ដើម្បីកាត់បន្ថយការចំណាយថ្លៃផ្ញើ លោក ក៏បានអំពាវនាវឱ្យពលរដ្ឋ ផ្ញើ និងទុកដាក់ម៉ូតូឱ្យឆ្ងាយពីទីតាំង ឬធ្វើដំណើររួម ជាការប្រសើរ។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានសហការជាមួយកងរាជអាវុធហត្ថ និងអគ្គស្នងការនករបាលរាជធានីភ្នំពេញ ពីការត្រៀមកងកម្លាំងរក្សាសណ្តាប់ធ្នាប់ និងការពង្រឹងសន្តិសុខ ដើម្បីសម្រួលដល់ពលរដ្ឋ មកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា៕
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com