លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះចែកពូជស្រូវចំនួន ២៩៨.៦តោន ដល់ប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន២ ៩៨៦គ្រួសារ នៅខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់កសិករទាំងអស់ ចូលរួមដាំនូវពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជា មានគុណភាពល្អ មានទីផ្សារលក់បានថ្លៃផងដែរ។
រដ្ឋមន្ដ្រីក្រសួងកសិកម្ម ត្រូវបានចាត់តាំងជាតំណាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីចុះចែកពូជស្រូវដល់ប្រជាកសិករ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តកំពង់ចាម។ នាពិធីចែកពូជស្រូវ កាលពីថ្ងៃទី២ វិច្ឆិកា លោក ឌិត ទីណា បានលើកឡើងថា រដ្ឋាភិបាល មានគោលបំណងបង្កើនផលិតភាពកសិកម្ម កែលម្អជីវភាព និងធានាបាននូវសន្តិសុខស្បៀង តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព។
បើតាមលោក ឌិត ទីណា រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាលំនឹងថ្លៃ កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និង ជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករ។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់កសិករទាំងអស់ ចូលរួមដាំនូវពូជស្រូវសែនក្រអូប ដែលជាពូជស្រូវកម្ពុជា មានគុណភាពល្អ មានទីផ្សារលក់បានថ្លៃ និងត្រៀមអ្នកទទួលទិញផងដែរ។ លោក ឌិត ទីណា ក៏បានណែនាំឱ្យកសិករត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនើប ដែលមានបច្ចេកទេសត្រឹមត្រូវ មានផែនការច្បាស់លាស់ មានធនធានមនុស្ស និងទុនគ្រប់គ្រាន់។
ជាមួយគ្នានេះ រដ្ឋមន្រ្តីកសិកម្ម ក៏ជំរុញឱ្យប្រជាកសិករ តាមដានការព្យាករធាតុអាកាស បម្រែបម្រួលអាកាសធាតុ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យ។ នេះបើតាមក្រសួងកសិកម្ម៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com