ភ្នំពេញ៖ សត្វព្រៃចំនួន ១០៨ ប្រភេទ ក្នុងនោះមានប្រភេទសត្វកំពុងរងការគំរាមកំហែងជាសាកលផង ដូចជា សត្វពង្រូល សត្វដំរីអាស៊ី និងសត្វឆ្កែព្រៃដែលជាមំសាសីចុងក្រោយមួយនៅកម្ពុជា កំពុងមានវត្តមាននៅតំបន់ជួរភ្នំក្រវាញកណ្តាល។ សត្វទាំងនោះ ត្រូវបានថតជាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ នេះបើសេចក្តីសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថានជាមួយអង្គការដៃគូអភិវឌ្ឍន៍ នាថ្ងៃទី៣០ ខែតុលា។
របាយការណ៍ និងកំណត់ត្រា ជារូបភាពដំបូងបង្អស់ដែលកើតពីការស្រាវជ្រាវនៅតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល បានបង្ហាញពីសត្វព្រៃសំខាន់ចំនួន ១០៨ ប្រភេទ។ ក្នុងនោះ មាន២៣ ប្រភេទត្រូវបានចុះបញ្ជី(ពីប្រភេទសត្វងាយរងគ្រោះ រហូតដល់ប្រភេទជិតផុតពូជបំផុត) ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ វត្តមាននៃសត្វទាំងនេះ បានបង្ហាញពីសារៈសំខាន់ នៃតំបន់ជួរភ្នំក្រវាញកណ្តាល ដែលជាទីជម្រកសំខាន់បំផុតមួយសម្រាប់ជីវចម្រុះ និងប្រភេទសត្វកម្រមានតម្លៃជាសាកល និងកំពុងរងការគំរាមកំហែង។
របាយការណ៍ប្រភេទសត្វនៅតំបន់ជួរភ្នំក្រវាញកណ្តាលនេះ ត្រូវបានចេញផ្សាយ ដោយក្រសួងបរិស្ថាន, ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), អង្គការអភិរក្សអន្តរជាតិកម្ពុជា និងដៃគូ នាថ្ងៃទី៣០ ខែតុលា។ របាយការណ៍នេះ បានបង្ហាញពីប្រភេទសត្វសំខាន់ៗដែលត្រូវកត់ត្រាបានចំនួន ១០៨ ប្រភេទ ក្នុងនោះ មានសត្វស្លាប៦៥ប្រភេទ, ថនិកសត្វមាន ៣៨ ប្រភេទ និងសត្វល្មូនមាន ៥ ប្រភេទ។
ក្នុងកំណត់ត្រារូបភាពទាំងនោះអ្នកស្រាវជ្រាវក៏កត់ត្រាបាននូវហ្វូងសត្វឆ្កែព្រៃ ដែលជាប្រភេទសត្វស៊ីសាច់ជាអាហារ(មំសាសី)ចុងក្រោយបង្អស់មួយនៅកម្ពុជា និងមានប្រភេទសត្វចំណីនានា៖ ដូចជាសត្វជ្រូកព្រៃ និង សត្វឈ្លូស...ជាដើម។ ការសិក្សានេះ ក៏បានរកឃើញនូវប្រភេទសត្វកម្រៗដទៃទៀត រួមមាន ដំរីអាស៊ី ខ្លាពពក ខ្លាភ្ញីថ្មកែវ ខ្លាលឿងមាស ខ្លាឃ្មុំតូច និងខ្លាឃ្មុំធំ។
តំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៅរក្សាបាន៩៥ភាគរយនៃព្រៃឈើទម្រង់ដើម ហើយវានៅតែជាទីក្នុងចំណោមតំបន់ដែលរងការកាប់បំផ្លាញព្រៃឈើតិចតួចបំផុតនៅក្នុងប្រទេស។ តំបន់នេះត្រូវបានគេទទួលស្គាល់ថាជាតំបន់អេកូឡូស៊ីសំខាន់មួយក្នុង ចំណោមតំបន់អេកូសាស្ត្រសំខាន់ជាសកលទាំង២០០ ជាជម្រកនៃសត្វព្រៃជាង៥០០ប្រភេទ ហើយវាក៏ជាលំនៅនៃជនជាតិដើមភាគតិចផង និង ព័រដែលមានចំនួនជិត៤ពាន់នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែលដោយបានបញ្ជាក់ថា ៖ « តំបន់ជួរភ្នំក្រវាញកណ្តាលនេះ ជាកន្លែងស្តុកទុកបរិមាណកាបូនច្រើន និងមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋជាង៣ម៉ឺននាក់ ដែលរស់នៅអាស្រ័យទឹកពីតំបន់នោះ ក្នុងការទ្រទ្រង់កសិកម្ម និងនេសាទ។ ប្រភពទឹកទាំងនោះក៏ជាធនធានសំខាន់ដែលហូរបំពេញបឹងទន្លេសាប ដែរ»។
អ្នកស្រី ថោង រ៉េត ជាអ្នកដឹកនាំការស្រាវជ្រាវនៃរបាយការណ៍នេះបានអះអាង ការណ៍នេះ គឺជាភស្តុតាងវិទ្យាសាស្ត្រមួយអាចបញ្ជាក់ពីតំបន់ជួរភ្នំក្រវាញកណ្តាល គឺជាទីជម្រកសំខាន់នៃជីវៈចម្រុះដ៏សំខាន់ ដែលមានតម្លៃជាសាកល និងជាទីតាំងអាទិភាពក្នុងការអភិរក្ស។ « យើងបានថតជាប់នូវសត្វព្រៃចំនួន ១០៨ប្រភេទ។ ហើយពួកវា តំណាងឱ្យតែផ្នែកខ្លះនៃសត្វដែលមានវត្តមាននៅទីនេះប៉ុណ្ណោះ។ យ៉ាងណាម៉ាស៊ីនថតស្វ័យប្រវិត្តរបស់យើង មិនអាចចាប់យករូបភាពសត្វល្អិត សត្វថ្នាក់កង្កែប និងមច្ឆាកម្រៗដទៃទៀតដែលរស់នៅទីនេះបានឡើយ។ យើងត្រូវការការស្រាវជ្រាវយ៉ាងទូលំ ទូលាយបន្ថែមទៀត ដើម្បីស្វែងយល់ពីភាពសម្បូរបែបនៃប្រភេទសត្វ និងផ្តល់ព័ត៌មានវិទ្យាសាស្ត្រដើម្បីរក្សាការពារឱ្យបាននូវទី មនោរម្យនៃជីវៈចម្រុះដ៏សំខាន់នេះ»។ នេះការលើកឡើងរបស់លោកស្រី ថោង រ៉េត។
បើតាម លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លទ្ធផលនៃរបាយការណ៍នេះ សបញ្ជាក់ជាថ្មីថា ព្រៃ ឈើកម្ពុជាមិនត្រឹមតែជាតំបន់ទេសភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដែនជម្រកដ៏សំខាន់សម្រាប់ប្រភេទជីវៈចម្រុះនៃភពផែនដី ផងដែរ។ របាយការណ៍នេះឆ្លុះបញ្ចាំង ពីសមិទ្ធផលជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងដែលក្រសួងបរិស្ថាន កំពុងអនុវត្ត ពិសេសក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើការការពារជីវៈចម្រុះ និងការស្តារទីជម្រកឡើងវិញ។
« ការសិក្សានេះក៏បង្ហាញពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ទៀត ដែលមានឧត្តមប្រយោជន៍ និងរួមចំណែកក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងការប្តេជ្ញាចិត្តរបស់យើងក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ»។ លោក អ៊ាង សុផល្លែត បានអះអាងបែបនេះដោយបានបន្ថែមថា ៖ « ការការពារជីវៈចម្រុះ មិនត្រឹមតែជាកាតព្វកិច្ចរួម របស់យើងប៉ុណ្ណោះទេ វាគឺជាសក្ខីភាពនៃការរួមគ្នាជាធ្លុងមួយដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព និងរក្សាបាននូវ បរិស្ថានធម្មជាតិ»។
ការស្រាវជ្រាវនេះ ជាឯកសារជំនួយសំខាន់ ដើម្បីពង្រឹងការយល់ដឹងរបស់អ្នកពាក់ព័ន្ធអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី នៅតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល។ ការសិក្សាថ្មីនេះ ក៏បានបង្ហាញពីការពង្រឹងការអភិរក្សជីវៈចម្រុះ កាត់បន្ថយការប្រែប្រួលអាកាសធាតុ រក្សាទីជម្រកធម្ម ជាតិដែលផ្តល់នូវទឹកសាប និងធនធាន សម្រាប់ការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជាតិ។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេស នៃអង្គការអភិរក្សអន្តរជាតិ កម្ពុជា បាននិយាយថា ការសិក្សានេះ បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការតាមដានចំនួនសត្វព្រៃនាពេលអនាគត។ ជាពិសេស ការសិក្សានេះបានបង្ហាញនូវតម្រូវការនៃការអភិរក្សយូរអង្វែងនៅតំបន់នោះ ដែលអង្គការអភិរក្សអន្តរជាតិ បកំពុងចូលរួមយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង និងអនុវត្តយុទ្ធសាស្ត្រអភិរក្សប្រកបដោយប្រសិទ្ធភាពនៅតំបន់ជួរភ្នំក្រវាញកណ្តាលនេះ។
« យុទ្ធសាស្ត្ររបស់យើង គឺផ្តោតផងលើការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ដោយនិរន្តរភាព បង្កើតភាពជាដៃគូវិស័យសាធារណៈ និងឯកជន រួមនិងការប្រើប្រាស់ហិរញ្ញប្បទានចម្រុះដើម្បីជំរុញឱ្យមានដំណោះអាកាសធាតុ»។ នេះបើតាមលោក អ៊ុំ សូនី៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com