ក្រុងបាត់ដំបង​ ក្លាយជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

30/10/2024 10:32 am ភ្នំពេញ

ការចូលរួមអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារី ការហាមឃាត់ការជក់បារីស្របតាមច្បាប់ ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់តាមរយៈយុទ្ធនាការសាធារណៈនានា និងមិនសហការជាមួយឧស្សាហករថ្នាំជក់ បានធ្វើឱ្យក្រុងបាត់ដំបង ក្លាយជា« ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» នាពេលបច្ចុប្បន្ន។ ការប្រកាសទទួលស្គាល់ជាផ្លូវការនូវក្រុងបាត់ដំបងជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បានធ្វើឡើង នាថ្ងៃទី២៨ ខែតុលា។


ពិធីប្រកាសជាផ្លូវការនេះ បានធ្វើឡើងក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នៅសាលាខេត្តបាត់ដំបងផ្ទាល់តែម្តង។​ ក្នុងឱកាសនោះ ក្រុងបាត់ដំបង ទទួលបានពានទីក្រុងទេសចរណ៍គ្មានផ្សែងបារីនៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ រួមទាំងវិញ្ញាបនបត្រនៃការចូលរួមក្រុងបាត់ដំបងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីរបស់អង្គការសុខភាពពិភពលោកកម្ពុជា។ ជាមួយគ្នានេះ ក្រុងបាត់ដំបង ក៏ទទួលបានពានជ័យលាភី និងវិញ្ញាបនបត្រទទួលស្គាល់ក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។


 
« ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី» គឺជាប្រសិទ្ធនាមមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ។   លោករដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកការសម្រេចបាននូវសមិទ្ធផលរបស់ក្រុងបាត់ដំបងនាពេលនេះ គឺជាភាពជោគជ័យមួយទៀតក្នុងវិស័យទេសចរណ៍។

យោងតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍ ពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី  កាលពីឆ្នាំ២០២២ គ្រប់ក្រុង ស្រុក ខណ្ឌ គឺអាចរៀបចំខ្លួនឱ្យក្លាយជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ។ ក្នុងនោះ ទី១. អាជ្ញាធរត្រូវជំរុញឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងដែនសមត្ថកិច្ច ទេសចរណ៍ និងទី២ ក្រុង ស្រុក របស់ខ្លួន ត្រូវអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។ ជាពិសេស គឺត្រូវធ្វើជាគំរូតាមរយៈការអនុវត្តវិធានការហាមឃាត់ការជក់បារីស្របតាមច្បាប់, លើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃផលិតផលថ្នាំជក់តាមរយៈយុទ្ធនាការសាធារណៈនានា និងមិនសហការជាមួយឧស្សាហករថ្នាំជក់។


 
កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបងដាក់ចេញយុទ្ធនាការ «គ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍»។ ការណ៍នេះធ្វើឡើងក្នុងគោលដៅប្រែក្លាយក្រុងបាត់ដំបង ជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» តាមរយៈការចូលរួមអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ នៅក្នុងចំណោមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នៅក្នុងក្រុង។ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា  តាមរយៈយុទ្ធនាការនេះ ការអនុវត្តវិធានការហាមជក់នៅកន្លែងដែលច្បាប់ហាមឃាត់ ត្រូវបានលើកកម្ពស់ការអនុវត្តបានល្អប្រសើរ និងគួរឱ្យកត់សម្គាល់។​ ជាពិសេសការបិទស្លាក ហាមជក់ ការមិនសហការ និងមិនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាដើម នៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។
 
កន្លងមក ក្រុងកំពង់ចាម ក្រុងកំពត ក្រុងព្រះសីហនុ និងក្រុងសៀមរាប ក៏ធ្លាប់ទទួលបានជ័យលាភីជា«ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ផងដែរ៕ 

ព័ត៌មានទាក់ទង