បាត់ដំបង ជាខេត្តមួយសម្បូរបែបផ្នែកស្ថាបត្យកម្ម មានទាំងវត្តអារាមចាស់ៗ អគារសម័យបារាំង រួមទាំងផ្ទះបុរាណជាច្រើន ដែលបន្សល់ទុកដល់បច្ចុប្បន្ន។ ដោយឡែក នៅក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបងវិញ ហាក់នៅសល់ផ្ទះបុរាណជាច្រើន ដែលទេសចរជាតិ និងអន្តរជាតិ អាចទៅទស្សនា និងសិក្សាស្រាវជ្រាវបាន។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក គឹម នូ ម្ចាស់សណ្ឋាគារ «ផ្ទះវត្តគរ» ក្នុងខេត្តបាត់ដំបងដូចតទៅ៖
នៅពេលធ្វើដំណើរឆ្លងកាត់ភូមិវត្តគរ ឬក្នុងភូមិសាស្រ្តសង្កាត់វត្តគរ ក្រុងបាត់ដំបង លោកអ្នក ប្រាកដជាឃើញផ្ទះបុរាណចាស់ៗជាច្រើនខ្នង ខ្លះអាយុជាង១០០ឆ្នាំទៅហើយ តែនៅឈរបង្ហាញដល់ភ្ញៀវទេសចរ។ លោក គឹម នូ ម្ចាស់សណ្ឋាគារ «ផ្ទះវត្តគរ» ដែលមានសង់ផ្ទះខ្មែរ ជាសណ្ឋាគារទទួលទេសចរ បានឱ្យដឹងថា តំបន់សង្កាត់វត្តគរនេះ នៅសល់ផ្ទះបុរាណច្រើន ជាពិសេសផ្ទះបុរាណរបស់ពលរដ្ឋ។
ហេតុអ្វី«សង្កាត់វត្តគរ»ខេត្តបាត់ដំបង សម្បូរផ្ទះបុរាណ? លោក គឹម នូ បានឆ្លើយប្រាប់អ្នកសារព័ត៌មានឌីជីថលថ្មីៗថា តំបន់សង្កាត់វត្តគរនេះ ប្រៀបដូចតំបន់ទួលគោក ដែលជាតំបន់សម្បូរទៅឥស្សរជនជាន់ខ្ពស់រស់នៅ។ បើទោះបីនាពេលបច្ចុប្បន្ន សង្គមប្រែប្រួលដែលពលរដ្ឋភាគច្រើន រៀបចំផ្ទះបែបទំនើប ប៉ុន្តែពលរដ្ឋនៅក្នុងសង្កាត់វត្តគរ នៅតែរក្សាផ្ទះបុរាណ និងបន្តរស់នៅក្នុងផ្ទះបុរាណនោះ។
ក្រៅពីរក្សាទុកផ្ទះបុរាណខ្មែរមកដល់បច្ចុប្បន្ន អ្នកភូមិវត្តគរ ឬក្នុងសង្កាត់វត្តគរ ក៏រក្សាទំនៀមទម្លាប់ និងអត្តសញ្ញាណនៃការរស់នៅផងដែរ។ ការរស់នៅដែលមានផាសុកភាព និងភាពសុខស្រួល នាំឱ្យពលរដ្ឋក្នុងសង្កាត់នេះថែផ្ទះចាស់ៗ។ ផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង និងផ្ទះ ខ សង ជាផ្ទះបុរាណដែលបើកទ្វារទទួលទេសចរជាតិ និងអន្តរជាតិ ទស្សនា ជាពិសេសបង្ហាញរឿងរ៉ាវ និងប្រវត្តិរបស់ផ្ទះនីមួយផងដែរ៕
-
ដោយ៖ ញឹក ស្រីល័ក្ខ
-
© រក្សាសិទ្ធិដោយ thmeythmey25.com