មណ្ឌល​បុប្ផាណា មាន វិទ្យុម៉ាញេ និង​នាឡិកា ក្នុងដើមទសវត្សរ៍ឆ្នាំ​១៩៨០

14/10/2024 4:08 pm ភ្នំពេញ

មនុស្សម្នាកាន់តែច្រើនបា​នចាប់អារម្មណ៍វត្ថុប្រើប្រាស់ចាស់ៗ ហើយបានយកវត្ថុបុរាណ​ទាំងនោះតាំងលម្អនៅតាម គេហដ្ឋាន ទីតាំងអាជីវកម្មជាដើម។ មជ្ឈ​មណ្ឌល​ធនធានសោតទស្ស​បុប្ផាណា ដែល​មាន​សកម្មភាពក្នុងវិស័យ​ភាពយន្ដ ក៏មានដាក់​តាំងវត្ថុបុរាណ​ទាក់ទងនឹងការថត និងឧបករណ៍សូសំឡេងដែរ។ នៅទីនោះ មាន​វិទ្យុម៉ាកអាម៉េរិកាំង GENERAL ELECTRIC ប្រភេទ​ 7-4950A មួយគ្រឿង ផលិត​ក្នុង​ដើមទសវត្សរ៍​១៩៨០ នា​ប្រទេស​សាំងហ្គាពួរ។



សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

​ធ្វើ​អំពី​ជ័រ មាន​ផ្ទៃ​ពណ៌ដូច​ឈើ។ មាន​រាង​ដូច​ដី​ឥដ្ឋ​ធំ​មួយ​ដុំ ជាមួយ​គែម​មុត និង​ជ្រុង​ស្រួច។ វា​មានកម្ពស់ ១៥​សង់ទីម៉ែត្រ ទទឹង៣០សង់ទីម៉ែត្រ និង​ជម្រៅ​១៥​សង់ទីម៉ែត្រ។ តាម​ពិត លើស​ពី​វិទ្យុ​មួយ​ គឺ​ជា​ឧបករណ៍​មួយ​ដែល​ផ្ដុំ​គ្នា​ទាំង​វិទ្យុ ទាំង​ម៉ាញេ ទាំង​នាឡិកាថែម​ទៀត​។ សម្រាប់​វិទ្យុ​មានប៊ូតុង៤ ស្ថិត​នៅ​ខាង​មុខមួយ​ដើម្បី​ជ្រើសរើស​រលក AM ឬ FM មួយ​ដើម្បី​សេរេ​សំឡេង​ធ្ងន់ ឬ​ស្រាល មួយដើម្បីសេរេ​សំឡេង​ខ្លាំង​ ឬ​តិច និង​មួយដើម្បី​ជ្រើសរើស​ប៉ុស្តិ៍​​វិទ្យុ។ 
 
សម្រាប់ម៉ាញេមាន​ប៊ូតុង​៤​ដែរ ស្ថិត​នៅ​ខាង​លើ​វិញ : មួយដើម្បីស្ដាប់​កាស៊ែត មួយដើម្បី​ទៅ​ក្រោយ មួយដើម្បីទៅ​មុខ ហើយមួយដើម្បី​ឈប់ និង​ដក​កាស៊ែត​ចេញ។ ក្រោម​ក្រប​ខាង​លើ​ក៏​មាន​ប៊ូតុង​៦ថែមទៀត សំរាប់​ការ​សេរេ​ទូទៅ។ រីឯនាឡិកា​វិញ វា​អាច​រោ​បាន​តាម​ការ​សេរេ ដោយ​​បញ្ចេញ​សំឡេង​វិទ្យុ។ លើ​ទីផ្សារ​វត្ថុបុរាណ​ វិទ្យុ​​ប្រភេទនេះមាន​តម្លៃ​ពី​ ៧ដុល្លារ ទៅ៣០ ដុល្លារ​ អាស្រ័យ​លើ​សភាព​ស្អាត​ មិន​ស្អាត និង​ដើរ មិន​ដើរ។
 
តើការថត ​និង​ផ្សាយសំឡេង​​​មាន​ប្រវត្តិ​អ្វី ? ​តាំងពីដើមមក មាន​មនុស្ស​ដែល​លេងភ្លេង​​។ កាល​ពី​បុរាណ​កាល គេ​ប្រើ​សំឡេង​ខ្លួនឯង គេ​ទាក់ដៃ គោះថ្ម ឬ​ឈើ។ ឆ្នាំ១៨៥៧ នៅប្រទេសបារាំង លោក SCOTT DE MARTINVILLE Édouard-Léon បង្កើតម៉ាស៊ីនថតសំឡេងមុនគេបង្អស់។ ឆ្នាំ១៨៧៧ នៅសហរដ្ឋអាម៉េរិក លោក EDISON Thomas បង្កើតម៉ាស៊ីនថត និងចាក់សំឡេងមុនគេទាំងអស់។ ឆ្នាំ​ដូចគ្នា ខែ​ធ្នូ នៅប្រទេស​អាល្លឺម៉ង់ លោក SIEMENS Werner បង្កើតអូប៉ាល័រ​មុន​គេ​បង្អស់។ អូប៉ាល័ររាង​ផ្កា​ត្រកួន ដែល​គេ​ហៅ​​មេក្រូ ត្រូវបាន​បង្កើត​តាម​ក្រោយ។​ ឆ្នាំ១៨៩៦ នៅប្រទេស​អ៊ីតាលី លោក MARCONI Guglielmo បង្កើត​ប្រដាប់​មួយ សម្រាប់​ទទួល​សំឡេង​ នៃ​វិទ្យុ​គម​នាគមន៍។ ដើម្បី​ផ្ទុក​សំឡេង រហូតដល់សង្គ្រាមពិភពលើកទី២ គេប្រើថាស៧៨ជុំ។ ចាប់ពីចុងទស្សវត្សរ៍១៩៤០ គេបែរទៅប្រើប្រព័ន្ធថាសតូចជាង : ៣៣ និង ៤៥ជុំវិញ រហូតដល់ចុងទស្សវត្សរ៍១៩៨០។
 
ឆ្នាំ​១៩៦៣ ក្រុមហ៊ុន​អឺរ៉ុប PHILIPS បង្កើត​កាស៊ែត។ កាលពី​ដំបូង មិនទាន់​មាន​ម៉ាញេ ដើម្បី​ថត​សំឡេងក្នុង​កាស៊ែត​ទេ មាន​តែ​ម៉ាញេដើម្បី​ស្ដាប់​ប៉ុណ្ណោះ។ បង្កើត​ម៉ាញេហើយ គេ​ផ្គុំ​ម៉ាញេ និង​វិទ្យុ​ជា​មួយ​គ្នា ធ្វើជាវត្ថុ​តែ​មួយ។ នៅ​ប្រទេស​ខ្មែរ នៅ​តែ​មាន​លោក​អាចារ្យ​វ័យ​ចំណាស់​មួយ​ចំនួន ដែល​បន្ត​ប្រើ​កាស៊ែត។ រីឯ CD វិញ គឺក្រុមហ៊ុន​ PHILIPS រួមជាមួយក្រុមហ៊ុនជប៉ុន SONY ដែល​ជា​អ្នក​បង្កើត ត្រឹម​ឆ្នាំ​១៩៧៩ ​ទើបមនុស្ស​ជាតិ​ចូល​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល។ វា​ពេញ​និយម ​នា​ទសវត្សរ៍​១៩៩០ និង២០០០។ នា​ពេល​បច្ចុប្បន្ន​ គេ​បែរ​ទៅលែង​​ប្រើ​វត្ថុផ្ទុក​សំឡេង​តែ​ម្ដង វា​ក្លាយ​ទៅ​ជា​ទិន្នន័យ​សុទ្ធ។
 
មជ្ឈមណ្ឌលធុនធានសោតទស្ស​បុប្ផាណា មាន​តួនាទី​ប្រមូល​បន្សំ​ទុកធនធាន​សោតទស្ស ពី​សម័យ​មុន និងសម័យបច្ចុប្បន្ន ដែលទាក់ទង​នឹង​ប្រទេស​កម្ពុជា បណ្ដុះបណ្ដាលវិជ្ជាជីវៈ​អំពី​ភាពយន្ដ ផលិត​រឿងកុន​ ហើយ​រៀបចំ​ព្រឹត្តិការណ៍​នានា ដូចជា​តាំងពិព័រណ៍ និង​ផ្សាយ​ខ្សែ​ភាព​យន្ដ។ មណ្ឌល​បុប្ផាណា នៅ​ក្នុង​អគារ​មួយ ស្ថាបនា​កាលពី៧០ឆ្នាំ​មុន។ វា​ស្ថិត​នៅលេខ៦៤ វិថី ឧកញ៉ា ម៉ែន (ផ្លូវ២០០) ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ។ ទីតាំងនេះ បើក​ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃសុក្រ ពី​ម៉ោង​៨ព្រឹក ដល់​ម៉ោង​​១២​ថ្ងៃ​ត្រង់ និង​ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ ថ្ងៃ​សៅរ៍ ពី​ម៉ោង​២រសៀល ដល់​ម៉ោង​៦​ល្ងាច។ សាធារណជន ​អាចចូលទស្សនា​បាន​​ដោយ​ឥត​គិត​ថ្លៃ៕

ព័ត៌មានទាក់ទង