បណ្ដារោងម៉ាស៊ីនស្រូវ ព្រមបង្កើនលទ្ធភាពទិញស្រូវពីកសិករក្នុងតម្លៃល្អ តាមសំណើរ ARDB

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង សហការីនៅ បានចុះពិនិត្យស្ថានភាពតម្លៃស្រូវ និងការប្រមូលទិញស្រូវជាក់ស្តែងរបស់ កសិករដែលលក់ឲ្យរោងម៉ាស៊ីនកិនស្រូវ កាលនៅថ្ងៃទី៩ ខែតុលា។ រូបភាព៖ ARDB

11/10/2024 9:46 am ភ្នំពេញ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាន​ស្នើឱ្យម្ចាស់រោងម៉ាស៊ីនជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារល្អ។ ការស្នើសុំបែបនេះ ធ្វើឡើងគោលដៅជួយទប់ស្កាត់កុំឱ្យស្រូវកសិករចាល់ ហើយលក់បានតម្លៃថោក នារដូវប្រមូលផលនេះ។


បើតាមលោក កៅ ថាច​ បច្ចុប្បន្ន ការបញ្ជាទិញស្រូវតាមរោងម៉ាស៊ីន គឺមានតម្លៃសមរម្យ ដែលអាចឱ្យកសិករចំណេញបាន។ លោកបានបញ្ជាក់ថា   ម្ចាស់រោងម៉ាស៊ីន ក៏បានយល់ព្រមបង្កើនលទ្ធភាពទិញស្រូវពីកសិករក្នុងតម្លៃល្អ ផងដែរ។ 
 
«ខ្ញុំចង់ឱ្យរោងម៉ាស៊ីនជួយទិញស្រូវឱ្យអស់ ហើយកុំឱ្យចុះថ្លៃជាងនេះទៀត។ ដូច្នេះ ខាងរោងម៉ាស៊ីនគេឆ្លើយតបថា អត់អីទេ គេនឹងទិញ ហើយតម្លៃនឹងឡើងរហូត ទាល់តែចប់រដូវប្រមូលផល»។ លោក កៅ ថាច បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទបែបនេះ ក្រោយកិច្ចប្រជុំជាមួយសហព័ន្ធស្រូវអង្ករ និងតំណាងរោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រុមហ៊ុននាំចេញអង្ករ ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែតុលា។
 
លោកបានបញ្ជាក់បន្ថែម ក្នុងករណីម្ចាស់រោងម៉ាស៊ីនមានតម្រូវការហិរញ្ញប្បទានបន្ថែ មសម្រាប់ការទិញស្រូវ ARDB នឹងផ្ដល់ឱ្យក្នុងអត្រាការប្រាក់អនុគ្រោះ។ បើតាម ARDB នៅថ្ងៃទី៩ ខែតុលា ស្រូវ មានតម្លៃចាប់ចន្លោះពី១០៣០រៀល ទៅ១១០០រៀល ក្នុងមួយគីឡូក្រាម។​
 
សូមជម្រាបថា រយៈពេល៨ខែមកនេះ កម្ពុជានាំចេញអង្ក​រ​ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤១២ពាន់តោន ខណៈការនាំចេញស្រូវ គឺមានប្រមាណ៣,៣លានតោន។ ​ការនាំចេញនេះ ធ្វើឱ្យកម្ពុជាទទួលបានចំណូល១,២២៣ពាន់លានដុល្លារ៕

ព័ត៌មានទាក់ទង