
សៀមរាប៖ ត្រីគល់រាំង (Giant Barb) ជាប្រភេទត្រី មានទំហំធំជាងគេ នៅដងទន្លេនៃទ្វីបអាស៊ី។ ត្រីនេះស៊ីសារ៉ាយ ប្លង់តុង និងផ្លែឈើ ជាអាហារ។ ត្រីនេះធំបំផុតអាចមានប្រវែង៣ម៉ែត្រ និងទម្ងន់ ៣០០គីឡូក្រាម។ នៅកម្ពុជាត្រីនេះ វាធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅក្នុងទន្លេមេគង្គ នៅក្នុងចុងរដូវប្រាំង។
ត្រីគល់រាំងនេះ ក៏ត្រូវបានដូនតាខ្មែរ ឆ្លាក់ជាប់នៅលើជញ្ជាំងប្រាសាទបាយ័នផងដែរ។ គួរឱ្យសោកស្តាយត្រីប្រភេទនេះ កំពុងតែរងគ្រោះថ្នាក់ជិតផុតពូជ។ អ្នកអភិរក្ស បារម្ភពីវត្តមានត្រីគល់រាំង ក្រែងលោមានវត្តមាន តែនៅលើជញ្ជាំងប្រាសាទតែប៉ុណ្ណោះ នាពេលអនាគត។
ស្ថានភាពរងគ្រោះនៃត្រីនេះ កាលពីឆ្នាំ២០០៥ ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ត្រីគល់រាំង ជាត្រីតំណាងជាតិ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងនិងលើកកម្ពស់ការអភិរក្សទៅលើត្រីប្រភេទនេះ។ ដើម្បីជួយសង្គ្រោះត្រីនេះ គឺគេបង្កាត់ពួកវានៅក្នុងអាងបង្កាត់ពូជ។ បន្ទាប់មកគេ នឹងព្រលែងចូលទៅក្នុងទន្លេដើម្បីបង្កើនចំនួនត្រីនេះ នៅក្នុងធម្មជាតិ បន្ទាប់ពីពួកវាធំធាត់។
សាធារណជន ក៏អាចឃើញវត្តមានរបស់ត្រីប្រភេទនេះបាន នៅ Angkor Wildlife and Aquarium ក្រុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ដើម្បីភាពងាយស្រួលទៅទស្សនាទីតាំងនេះ លោកអ្នកនាងអាចប្រើប្រាស់ Google map ដោយវាយ «Angkor Wildlife and Aquarium» ឬចុចតំណភ្ជាប់នេះ https://maps.app.goo.gl/bjQxB247BPbRfcnJ7?g_st=it៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

