សៀមរាប៖ សាងសង់ក្នុងអំឡុងសតវត្សរ៍ទី១២ បច្ចុប្បន្នកំពែងក្រុងអង្គរធំ ខូចខាតជាអន្លើៗ ដោយសារកត្តាអាយុកាល អាកាសធាតុ ឬការយាយីពីរុក្ខជាតិជាដើម។ ការណ៍នេះ តម្រូវឱ្យមានការសង្គ្រោះជាបន្តបន្ទាប់ ពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា។
បច្ចុប្បន្ននេះ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមការងារជួសជុលយ៉ាងសស្រាក់ នៅកំពែងក្រុងអង្គរធំ ចំណុចខាងជើងខ្លោងទ្វារដីឆ្នាំង ដែលមានប្រវែង២៥ម៉ែត្រ។ បើតាមបុរាណវិទ្យា លោក ម៉ៅ សុខនី ចំណុចជួសជុលនេះ ខូចខាតបណ្ដាលមកពីអាយុថ្ម ទឹកភ្លៀងហូរច្រោះ រុក្ខជាតិ ដុះចាក់ឫស បង្កឱ្យថ្មញែកចេញពីគ្នា និងកង្វះការថែទាំជាដើម។ កត្តាទាំងនេះ បណ្ដាលឱ្យជញ្ជាំងនេះដួលរលំ។
បន្ទាប់ពីវាយតម្លៃ និងចំណាយពេលសិក្សា រយៈពេលប្រមាណ២ខែរួចមក បច្ចុប្បន្នអំឡុងខែកញ្ញានេះ អ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្ដើមការជួសជុលកំពែងនេះ ឱ្យឈររឹងមាំឡើងវិញម្ដទៀត។
ក្នុងបទសម្ភាសន៍ជាមួយអាជ្ញាធរជាតិអប្សរា លោក សុខនី បញ្ជាក់ថា ការងារចម្បងរបស់ក្រុមការងារជួសជុល គឺការពង្រឹងគ្រឹះកំពែងឡើងវិញ បន្ទាប់មកគឺការរៀបចំជញ្ជាំងឡើងវិញ។ លោកបន្ថែមថា ដោយសារកម្រាសនៃជញ្ចាំងស្ដើង និងពុកផុយ ដូច្នេះអ្នកជំនាញនឹងបន្ថែមថ្មជញ្ចាំងពីផ្នែកខាងក្នុងកម្រាស២ម៉ែត្រ ដើម្បីទប់លំនឹងជញ្ចាំង។
កំពែងក្រុងអង្គរធំ ត្រូវបានកសាងឡើងព័ទ្ធជុំវិញក្រុងអង្គរធំ រៀងជាការ៉េ ដោយជ្រុងនីមួយៗមានប្រវែង៣គីឡូម៉ែត្រ។ វាត្រូវបានកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាអំឡុងសតវត្សរ៍ទី១២មក៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com