លោកស្រី ខៃ ចិន្ដា ចង់ឃើញវត្តមានដំរីស្រុកកាន់តែច្រើននៅកម្ពុជា

17/09/2024 9:35 am ភ្នំពេញ

ភ្នំពេញ៖ សមាគមអភិរក្សដំរីអៃរាវត្តា រៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកា លើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរ ដែលត្រូវការការជួយសង្រ្គោះ និងបន្តពូជដំរីនៅខេត្តរតនគិរី។


បើតាមលោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា កន្លងមកនេះ អៃរាវត្តាបានធ្វើសកម្មភាពច្រើនទាក់ទងនឹងផ្នែកបរិស្ថាន ទេសចរណ៍ ពិសេសការអភិរក្សដំរីស្រុកនៅខេត្តរតនគិរី។ យ៉ាងណាលោកស្រី ប្ដេជ្ញាបន្តសកម្មភាពគាំពារ និងអភិរក្សដំរីខ្មែរឲ្យមានវត្តមានកាន់តែច្រើននៅកម្ពុជា។ 
 
លោកស្រី ខៃ ចិន្ដា លើកឡើងយ៉ាងដូច្នេះថា៖«គោលបំណងធំរបស់យើងគឺចង់ឱ្យកូនដំរីស្រុកកើនឡើងបានច្រើន អុីចឹងវិធីមានតែមួយគត់គឺការបង្កាត់ពូជដំរីស្រុក»។ លោកស្រីបន្តថា ការបង្កាត់ពូជដំរី ជាមធ្យោបាយបង្កើនចំនួនដំរីស្រុក ក៏ព្រោះដំរីធំៗ ចាស់ៗ អាចនឹងបាត់បង់ម្ដងមួយៗ នៅពេលដល់អាយុកាលរបស់វា។
 
កម្មវិធីអង្គាសថវិកាសម្រាប់ការអភិរក្សដំរីឆ្នាំទី៦នេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា នៅសណ្ឋាគារ Sun & Moon ភ្នំពេញ ដែលមានសប្បុរសជនចូលរួមប្រមាណ៤០០នាក់ និងវត្តមានរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ៕

ព័ត៌មានទាក់ទង