ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានវិវឌ្ឍទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលខ្លាំងលើខ្យល់ មូសុងនិរតី ដែលបក់លើសមុទ្រ អានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាប គ្រប ដណ្តប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើកម្ពុជា បន្តធ្លាក់ភ្លៀង ចាប់ពីចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០ភាគរយ។
ខេត្តនៅតំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥៥ភាគរយ។
ចំណែកខេត្តតំបន់មាត់សមុទ្រ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី៤០ភាគរយ។ ខ្យល់បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម ៥ម៉ែត្រវិនាទី ខណៈរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,២៥ម៉ែត្រ៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com