សៀមរាប៖ ប្រជាជនខ្មែរគ្រប់រូប មានបំណងប្រាថ្នាដូចគ្នាមួយក្នុងជីវិត គឺទស្សនាប្រាសាទអង្គរវត្តផ្ទាល់ភ្នែក។ បំណងប្រាថ្នានេះ មិនមែនមានតែជនជាតិខ្មែរទេ ពោលគឺជនបរទេស ក៏ចង់ឃើញផ្ទាល់ចក្ខុរបស់ពួកគេដែរ។ ប៉ុន្តែជនជាតិខ្មែរច្រើនលាននាក់ បានទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទល្បីៗជាច្រើនទៀត ច្រើនលើកច្រើនសាររាប់ភ្លេចទៅហើយ។
ទេសចរជាតិ អាចចំណាយពេលមួយព្រឹកទស្សនាប្រាសាទប្រាសាទដ៏ស្រស់ស្អាតនៅក្នុងក្រុងអង្គរធំ។ ប្រាសាទបាលិលេយ្យ ប្រៀបដូចត្បូងពណ៌ខៀវមួយដុះឡើងកណ្ដាលព្រៃជ្រៅ។ ដើម្បីដល់ប្រាសាទនេះ ទេសចរត្រូវចូលតាមវត្តទេព្យប្រណម្យ រួចដើរទៅក្រោយបន្តទៀត។ ប្រាសាទបាលិលេយ្យ ស្ថិតនៅខាងក្រោយវត្តនេះ និងនៅខាងជើងប្រាសាទភិមានអាកាស។
កូនប្រាសាទតូចច្រឡឹងមួយនេះ ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តថតរូប។ ទីនោះ មានប្លង់ថតរូបស្អាតៗជាច្រើនកន្លែង។ ទេសចរបរទេស ទៅទស្សនាប្រាសាទនេះច្រើនជាងទេសចរជាតិ។ បច្ចប្បន្ន អាជ្ញាធរជាតិអប្សរា មិនបានកំណត់ឆ្នាំនៃការកសាងច្បាស់នោះទេ ព្រោះប្រាសាទនេះ មិនមានសិលាចារិក ឬឯកសារបញ្ជាក់នោះទេ។
ទស្សនាប្រាសាទនេះចប់ ទេសចរមានជម្រើសច្រើន ពោលគឺអាចទស្សនាប្រាសាទភិមានអាកាស ព្រះលានជល់ដំរី ប្រាសាទនាងទាំង១២ ឬទៅថតរូបនៅខ្លោងទ្វារដីឆ្នាំង។ ប៉ុន្តែខ្ញុំសូមណែនាំប្រាសាទចំនួន ៥នៅក្រុមប្រាសាទព្រះពិធូរ។ ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទកោរសក់ ប្រាសាទជម ប្រាសាទតាទូត ប្រាសាទដូនមារ និងប្រាសាទកណ្ដកយក្ស។
ក្រុមប្រាសាទទាំង៥នេះ ស្ថិតនៅខាងក្រោមកន្លែងពិសារអាហារជិតព្រះលានជល់ដំរី។ ទេសចរ អាចដើរទស្សនាប្រាសាទកោរសក់មុនគេ រួចបន្តដំណើរនៅខាងក្រោយប្រាសាទនេះ។ ប្រាសាទកោរសក់ ត្រូវបានសាងសង់អំឡុងសតវត្សរ៍ទី១២។ ប្រាសាទកោរសក់ ក៏មានកន្លែងថតរូបប្លែកពីគេ។
ខ្លោងទ្វារប្រាសាទកោសក់ ត្រូវបានព័ទ្ធជុំវិញដោយដើមឈើ និងឬសឈើធំៗ។ កន្លែងនេះហើយ ដែលទេសចរ ចូលចិត្តថតរូបជាងគេ។ ខាងមុខប្រាសាទកោរសក់ មានរានហាលធំមួយដូចប្រាសាទអង្គរវត្ត។ ចម្លាក់នាគ ដែលបែរមុខមកស្រះទឹក បង្កើតបានជាទស្សនីយភាពដ៏ប្លែក។
ទេសចរ អាចរំលងប្រាសាទជម ដោយសារអ្នកជំនាញខ្មែរ និងអ្នកជំនាញកូរ៉េ កំពុងជួសជុលប្រាសាទនេះ។ ដើរហួសប្រាសាទជម ទេសចរនឹងទៅដល់ប្រាសាទតាទូត ដែលជាប្រាសាទព្រះពុទ្ធសាសនាដ៏ធំមួយ។ ប្រាសាទតាទូតនេះ ធំជាងគេក្នុងចំណោមប្រាសាទនៅក្រុមប្រាសាទព្រះពិធូរ។ ជិតប្រាសាទតាទូត មានប្រាសាទដូនមារ និងប្រាសាទកណ្ដកយក្ស។ ទេសចរ អាចទស្សនាប្រាសាទទាំងនេះត្រឹមមួយព្រឹកប៉ុណ្ណោះ រួចអាចពិសារអាហារនៅខាងមុនប្រាសាទកោរសក់ ក៏បាន ឬទៅពិសារនៅព្រះដាក់។
ប្រសិនទេសចរពិសារអាហារនៅជិតព្រះលានជល់ដំរី ទេសចរ អាចធ្វើដំណើរចេញតាមខ្លោងទ្វារដីឆ្នាំង រួចឆ្ពោះទៅកាន់ប្រាសាទកណ្ដាលបារាយណ៍មួយ គឺប្រាសាទនាគព័ន្ធ។ ប្រាសាទនាគព័ន្ធ ក្លាយជាកន្លែងទស្សនាថ្ងៃលិច និងថ្ងៃរះដ៏ល្អឯកមួយនាពេលបច្ចុប្បន្ន។ ទេសចរ ត្រូវដើរតាមស្ពានឈើទៅកាន់កណ្ដាលបារាយណ៍។
ទេសចរ ក៏អាចជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ឬបារាយណ៍ប្រាសាទនាគព័ន្ធ ក្នុងរមណីយដ្ឋានអង្គរ ដែលជាផលិតផលទេសចរណ៍មួយក្នុងខេត្តសៀមរាប។ នេះជាបទពិសោធថ្មីមួយសម្រាប់ទេសចរ ក្រៅពីគយគន់សម្រស់ធម្មជាតិ និងសត្វស្លាបកម្រនៅទីនេះ។ ការជិះទូកនេះ ក៏ចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍ផងដែរ។
ទេសចរអាចទិញសំបុត្រជិះទូក នៅទីតាំងផ្ទាល់បាន ដែលស្ថិតនៅផ្នែកខាងកើត នៃប្រាសាទព្រះខ័ន ឬវាយពាក្យ «Baray Reach Dak Community Tour» នៅលើ Google Map។ លោកអ្នកនាងក៏អាចកក់មុនបានដូចគ្នាតាមរយៈលេខទំនាក់ទំនង ០៨៩ ២១១ ៧៣៧។
ការទស្សនាប្រាសាទតូចៗ ជាការលើកតម្លៃប្រាសាទរបស់បុព្វបុរស និងចូលរួមលើកកម្ពស់ជីវភាពប្រជាជនរស់នៅជិតទីនោះ។ ដូច្នេះទេសចរជាតិគួរចំណាយពេលទស្សនាប្រាសាទផ្សេងៗឱ្យបានច្រើន ដើម្បីយល់ដឹងកាន់តែច្បាស់ពីរតនសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានទាំងនេះ៕
-
© រក្សាសិទ្ធិដោយ thmeythmey25.com