ពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងអូសាកាកាន់សៃ ប្រទេសជប៉ុន នឹងធ្វើពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ពិព័រណ៍ពិភពលោកដែលមានរយៈពេល៦ខែនេះ គឺមាន១៦១ប្រទេសចូលរួម។ ក្នុងឱកាសនេះ កម្ពុជា នឹងនាំផលិតផលសំខាន់ៗរបស់ខ្លួនទាំងវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម វប្បធម៌ និងទេសចរណ៍...ជាដើម តាំងបង្ហាញនៅក្នុងពិព័រណ៍កម្រិតពិភពលោកនេះ។
បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យពាណិជ្ជកម្ម នៅក្នុងពិពិរណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅប្រទេសជប៉ុននេះ កម្ពុជាបានត្រៀមលក្ខណៈសម្បតិ្តរួចរាល់ហើយក្នុងការចូលរួម។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី១១ ខែកញ្ញា ថា កម្ពុជាទទួលបានពន្លាជាតិប្រភេទB ក្នុងទំហំ ៣០០ម៉ែត្រការ៉េដែលមានតំបន់ពាណិជ្ជកម្ម (Commercial Area) មួយនៅក្នុងពន្លាជាតិនោះ(ទំហំប្រមាណ២០ភាគរយនៃទំហំពន្លាជាតិកម្ពុជាសរុប)។
សម្រាប់ឱកាសផ្សព្វផ្សាយផលិតផលខ្មែរគ្រប់ប្រភេទ ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជានេះ ក្រសួងពាណិជ្ជកម្ម បានចុះកិច្ចសន្យាផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាតំណាងក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរក្នុងតំបន់ពាណិជ្ជកម្មនៃពន្លាជាតិកម្ពុជា។ បើតាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ក្រុមហ៊ុនផ្លូវការមួយនេះ នឹងប្រមូលទិញ និងនាំយកផលិតផលខ្មែរផលិតដោយក្រុមហ៊ុនផ្ទាល់ផង និងពីក្រុមហ៊ុន/សហគ្រាសក្នុងស្រុកមួយចំនួនផ្សេងទៀតផងដែរ។
ក្រុមហ៊ុននោះ នឹងប្រមូលប្រភេទផលិតផលខ្មែរ ដាក់តាំងបង្ហាញក្នុងពិព័រណ៍ពិភពលោក នៅទីក្រុងអូសាកាកាន់សៃ។ ដូចជា វត្ថុអនុស្សារីយ៍ អាហារនិងភេសជ្ជៈ សិប្បកម្មសូត្រ សម្ភារប្រើប្រាស់ក្នុងផ្ទះ ផលិតផលសិប្បកម្មដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក (ថ្ម ឈើ រពាក់ ផ្តៅ និងស្បែក) ផ្ទាំងគំនូរ ផលិតផលសុខភាព គ្រឿងអលង្ការ និងស្នាដៃសិល្បៈ ជាដើម។ល។
«ការរៀបចំតុបតែងពន្លាជាតិកម្ពុជា គឺនឹងបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ និងរួមបញ្ចូលគ្នានៃការរចនាបែបសហសម័យទាំងបែបប្រពៃណីនិងបែបទំនើប ដែលបំផុសគំនិតពីការរីកចម្រើន និងការអភិវឌ្ឍប្រកបដោយភាពធន់របស់កម្ពុជាលើគ្រប់វិស័យ ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ ទេសចរណ៍ ពិពិធកម្មទីផ្សារនាំចេញ និងផលិតផលសក្ដានុពលរបស់កម្ពុជា។ រួមមាន ស្រូវ, អង្ករ, ម្រេច, ស្វាយចន្ទី, និងដំណាប់ស្វាយ...ទៅចូលរួមផ្សព្វផ្សាយជាអន្តរជាតិ ក្នុងអំឡុងពេលពិព័រណ៍ពិភពលោកនេះ ដែលមានរយៈពេល៦ខែ»។ នេះជាការអះអាងបន្ថែមរបស់លោក ប៉ែន សុវិជាតិ ដែលរំពឹងទទួលបានប្រយោជន៍ជាច្រើនពីការចូលរួមក្នុងពិព័រណ៍ពិភពលោក នៅទីក្រុងអូសាកា កាន់សៃ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
ការចូលរួមពិព័រណ៍ពិភពលោកនេះ កម្ពុជា នឹងបង្កើនបាននូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយម្ចាស់ផ្ទះជប៉ុន និងប្រទេសចូលរួមទាំងអស់ដែលមានរហូត១៦១ ប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៩។ ជាពិសេស ពិព័រណ៍នេះ នឹងជំរុញចលនាឱ្យពាណិជ្ជករ និងផលិតករកម្ពុជា ខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និងសោភណ្ឌភាពនៃការវេចខ្ចប់ បានល្អត្រឹមត្រូវតាមស្តង់ដា ដើម្បីចូលទីផ្សារ និងបង្កើនលទ្ធភាពប្រកួតប្រជែងក្នុងកម្រិតទីផ្សារអន្តរជាតិ។
លោក ប៉ែន សុវិជាតិ បន្តនិយាយថា ពិព័រណ៍នេះនឹងពង្រីកឱកាសរបស់កម្ពុជាទៅកាន់វិនិយោគិនក្នុងជំនួបធុរកិច្ច និងការចាប់យកដៃគូរពាណិជ្ជកម្ម, ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងកម្ពុជាជាមួយម្ចាស់ផ្ទះជប៉ុន និងប្រទេសចូលរួម។ « ជាពិសេស គឺធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ ជាប្រទេសមានវ័យចំណាស់មានមរតកវប្បធម៌ អរិយធម៌ ដ៏សម្បូរបែប និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរទាំងនោះនៅលើឆាកអន្តរជាតិ និងទាក់ទាញទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាកាន់តែច្រើនឡើង ខណៈម្ចាស់ផ្ទះជប៉ុន រំពឹងថានឹងមានភ្ញៀវចូលទស្សនាពិព័រណ៍នេះ ប្រមាណ២៨,២ លាននាក់ ដោយក្នុងនោះមាន៣,៥លាននាក់ មកពីបរទេស»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
ក្រៅពីអត្ថប្រយោជន៍ខាងលើហើយនោះ ការចូលរួមពិព័រណ៍ពិភពលោករបស់កម្ពុជានៅជប៉ុន ក៏នឹងបង្កើនការតភ្ជាប់រវាងកម្ពុជា និងពិភពលោក ដោយបង្ហាញពីកាលានុវត្តសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលទទួលបានពីការបន្តធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា។ ជាពិសេស គឺតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញការវិនិយោគផ្ទាល់មកកាន់កម្ពុជាបន្ថែមទៀត រួមទាំងជំរុញការនាំយកផលិតផលសក្ដានុពលកម្ពុជាទៅកាន់ទីផ្សារពិភពលោក។ ជាមួយគ្នា កម្ពុជាទទួលបានលើកតម្កើងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈកម្ពុជាបច្ចុប្បន្ន គឺជាប្រទេសសមាជិករបស់ការិយាល័យ ពិព័រណ៍អន្តរជាតិ (Bureau International des Expositions: BIE)។
របាយការណ៍ពាណិជ្ជកម្មដែលសារព័ត៌មានឌីជីថលថ្មីៗទទួលបានពីលោក ប៉ែន សុវិជាតិ បានបង្ហាញថា ក្នុងរយៈពេល៨ខែមកនេះ(ពីខែមករា-ខែសីហា ឆ្នាំ២០២៤) ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១ ៤០០លានដុល្លារអាម៉េរិក កើន១៦,៨៩ភាគរយ ធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២៣។ ក្នុងនោះ ទំហំនាំចេញរបស់កម្ពុជា មានជាង៩០០លានដុល្លារ កើន១៩,៩៧ភាគរយ ខណៈវិញមានប្រមាន៤៧៩លានដុល្លារ កើន១១,៤០ភាគរយ៕
-
ដោយ៖ អ៊ូ សុខមាន
-
© រក្សាសិទ្ធិដោយ thmeythmey25.com