អ្នកជំនួញ​ចិន ចង់កែច្នៃស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ

11/09/2024 3:54 pm ភ្នំពេញ

ក្រុម​គណៈប្រតិភូក្រុង Zhengzhou នៃ​ខេត្តហឺណាន ប្រទេសចិន បាន​ចាប់​អារម្មណ៍​លើ​ផលិតផលសក្តានុពលរបស់កម្ពុជាដូចជាស្រូវអង្ករ ដែលមាន​គុណភាពខ្ពស់ រស ជាតិ ឆ្ងាញ់។ នា​ជំនួប​នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ភាគីចិន បាន​បង្ហាញ​បំណងកែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។



ជំនួបពិភាក្សា​រវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួង​កសិកម្ម ជាមួយ​គណៈប្រតិភូ ក្រុង Zhengzhou នៃខេត្តហឺណាន ប្រទេសចិន កាលពី​ថ្ងៃទី​៩ ខែកញ្ញា មាន​គោលបំណងពិភាក្សាលើ​កិច្ចសហប្រតិបត្តិការឧស្សាហកម្មដំណាំស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ ការបង្កើនសមត្ថភាពកែច្នៃដំណាំស្រូវ ការផ្លាស់ប្តូរបច្ចេកវិទ្យា។
 
ជំនួបនេះ ក៏​ពិភាក្សា​ពី​ការអនុវត្តកិច្ចសហប្រតិបត្តិការលើសេវាកម្មហិរញ្ញវត្ថុសម្រាប់ឧស្សាហកម្មដំណាំស្រូវ តាម​រយៈផែនការគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ខេត្តហឺណានលើវិស័យដំណាំស្រូវផងដែរ​។​ ទំព័រហ្វេសប៊ុក​ក្រសួង​កសិកម្ម ក៏​បាន​បង្ហាញ​លទ្ធផល​នៃ​ជំនួបខាង​លើ ដោយ​ភាគី​ចិន បង្ហាញចំណាប់អារម្មណ៍ចង់​កែច្នៃ ស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើងថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៃប្រទេសទាំងពីរ ជាកិច្ចសហប្រតិបត្តិការគំរូដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក និង​ជួយឱ្យ​វិស័យកសិកម្មមានភាពល្អប្រសើរឡើង តាមរយៈច្រករបៀងមច្ឆា និងអង្ករ។ 
 
រដ្ឋលេខាធិការរូបនេះ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ គឺសហគមន៍កសិកម្មទំនើប ដែលភាគីចិនអាចពិនិត្យលទ្ធភាពក្នុងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីចូលរួមគាំទ្រ។ បើតាមលោក ប្រាក់ ដាវីដ សហគមន៍ទំនើបនេះ អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតផលគុណភាពល្អ និងមានតម្លៃបន្ថែមខ្ពស់។
 
លោក ប្រាក់ ដាវីដ បាន​វាយ​តម្លៃខ្ពស់នូវការអភិវឌ្ឍខេត្តហឺណាន ដែលពោរពេញទៅដោយបច្ចេកវិទ្យាកែច្នៃ វេចខ្ចប់ ជាមួយនឹងធនធានមនុស្សក្នុងវិស័យកសិកម្ម ព្រមទាំងធនធានហរិញ្ញវត្ថុ។ សម្រាប់​ចំណុចនេះ  រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ ចាត់ទុក​ជាអ្វីដែលកម្ពុជាត្រូវការ ដើម្បីវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា ឱ្យមានភាពល្អប្រសើរ។

សូម​បញ្ជាក់ថា​ រយៈពេល៨ខែមកនេះ កម្ពុជានាំចេញអង្ក​រ​ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤១២ពាន់តោន ខណៈការនាំចេញស្រូវ គឺមានប្រមាណ ៣,៣លានតោន។ ​ប្រទេសដែលជាទីផ្សារអង្ករធំរបស់កម្ពុជា រួមមានប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត បានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ ៧៧ ៧៩២ តោន ស្មើនឹ​ងទឹកប្រាក់ ៤៨,៨៧លានដុល្លារ៕

ព័ត៌មានទាក់ទង