បុរាណវិទូ បញ្ជាក់ទីតាំង និងរឿងរ៉ាវព្រះបរមរាជវាំង៣ នាសម័យអង្គរ

11/09/2024 2:14 pm សៀមរាប

សៀមរាប៖ នៅពេលគេនិយាយអំពីរាជធានីសម័យអង្គរ គេតែងតែនិយាយអំពីភ្នំគូលែន និងរាជធានីហរិហរាល័យ នាដើមសម័យអង្គរ និងរាជធានីយសោធរ។ អ្នកស្រាវជ្រាវខ្មែរមួយចំនួន បានហៅរាជធានីយសោធរ ថា យសោធរ១ និងយសោធរអង្គរធំ។ បើយើងនិយាយជារួម នៅពេលព្រះបាទយសោវរ្ម័នទី១ បានផ្លាស់ប្ដូររាជធានីពី ហរិហរាល័យ មកកាន់ រាជធានីយសោធរ ព្រះអង្គ បានយកយកភ្នំបាខែងជាផ្ចិតរាជធានី និងសង់ប្រាសាទភ្នំបាខែងលើកំពូលភ្នំតែម្ដង។ ដំបូងឡើយ ប្រាសាទភ្នំបាខែង មានឈ្មោះថា យសោធរគិរី ដែលពាក្យ គិរី មានន័យថា ភ្នំ។ ក្រុងអង្គធំនាពេលបច្ចុប្បន្ននេះ ក៏ស្ថិតនៅក្នុងកំពែងរាជធានីយសោធរ របស់ព្រះបាទយសោវរ្ម័នទី១ផងដែរ។
 


លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បាននាំអ្នកសារព័ត៌មានឌីជីថលថ្មីៗ ទៅកាន់ប្រាសាទភិមានអាកាស និងទីតាំងព្រះរាជបរមវាំងនៅក្នុងក្រុងអង្គរធំ។ អ្នកស្រាវជ្រាវវ័យក្មេងរូបនេះ ដើរតម្រង់ទៅកាន់ខ្លោងទ្វារខាងកើត នៃប្រាសាទភិមានអាកាស និងកាន់ឯកសារមួយចំនួនជាប់ដៃជានិច្ច។ ទៅដល់ភ្លាម អ្នកជំនាញរូបនេះ បានបង្ហាញសិលាចារិក២ផ្ទាំងនៅខ្លោងទ្វារខាងកើតនេះ។ សិលាចារិកទាំង២ផ្ទាំងនេះ ត្រូវបានចារក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ ក្រោយពេលព្រះអង្គធ្វើសង្គ្រាមឈ្នះ ព្រះបាទជ័យវិរវរ្ម័ន នៅចន្លោះឆ្នាំ១០០៨ ដល់ឆ្នាំ១០១០។ 

តើព្រះបរមរាជវាំងសម័យអង្គរ ស្ថិតនៅកន្លែងណាខ្លះ? អ្នកជំនាញបុរាណវិទ្យា និងប្រវត្តិវិទ្យា ជាច្រើន យល់ថា  ភ្នំគូលែន ជារាជធានីមួយ ដោយសារនៅទីនោះ មានព្រះបរមរាជវាំង ប្រាសាទ និងប្រជាជន។ ភ្នំគូលែន ជាចំណុចចាប់ផ្ដើមសម័យអង្គរ នាឆ្នាំ៨០២ នៃគ្រិស្តសករាជ។ ក្រោយពីព្រះបាទជ័យវរ្ម័នទី២ បានវាយឈ្នះ ជ្វា ព្រះអង្គបានប្រកាសឯករាជ្យក្នុងឆ្នាំ៨០២នៅលើកំពូលភ្នំគូលែន។

បណ្ឌិតនរវិទ្យា អាំង ជូលាន បានថ្លែងថា មហិន្ទ្របព៌ត (ភ្នំគូលែន) មិនមែនជារាជធានីធំនោះទេ ពោលគឺភ្នំគូលែន អាចជាផ្នែកមួយនៃរាជធានី និងជាទីសក្ការធំនាសម័យនោះប៉ុណ្ណោះ។ នាដើមសម័យអង្គរ ហរិហរាល័យ ជារាជធានីធំ ដែលព្រះបាទជ័យរវ្ម័នទី២ បានគង់នៅ និងសុគតនៅទីនោះ។  
 


រាជធានីហរិហរាល័យ នៅតំបន់រលួស ស្រុកប្រាសាទបាគង នាពេលបច្ចុប្បន្ននេះ ជារាជធានីដ៏ធំមួយ ដែលមានប្រាសាទបាគង ប្រាសាទព្រះគោ ព្រះលលៃ និងប្រាសាទជាច្រើនទៀតនៅទីនោះ។ ព្រះបរមរាជវាំង ក៏ស្ថិតនៅតំបន់រលួសនាពេលបច្ចុប្បន្ននេះដែរ។ អ្នកស្រាវជ្រាវ យល់ថា ព្រះបរមរាជវាំងរាជធានីហរិហរាល័យ ស្ថិតនៅម្ដុំប្រាសាទព្រៃមន្ទីរ។ 

ដូចបានរៀបរាប់ខាងលើ ភ្នំគូលែន ក៏មានព្រះបរមរាជវាំង នាពេលដែលព្រះបាទជ័យវរ្ម័នទី២ បានយាងទៅកាន់ទីនោះ។ លោក សួម សុភា ថ្លែងថា ចាប់ពីឆ្នាំ៨០២ ដល់ឆ្នាំ៨៥០ ព្រះអង្គបានយាងទៅកាន់ភ្នំគូលែន ដែលមានព្រះបរមរាជវាំង និងប្រាសាទជាច្រើនទៀតនៅលើកំពូលភ្នំដ៏អស្ចារ្យមួយនេះ។ បន្ទាយគ្រូចារ្យ ត្រូវបានអ្នកជំនាញកំណត់ថា ជាព្រះបរមរាជវាំងលើភ្នំគូលែន។ 
 


មកដល់រជ្ជកាលព្រះបាទយសោវរ្ម័នទី១ ព្រះអង្គ បានប្ដូររាជធានីពី ហរិហរាល័យ មកកាន់ យសោធរ ឬយសោធរៈបុរៈ។ បើតាមលោក សួម សុភា ព្រះបាទយសោវរ្ម័នទ១ បានឡើងគ្រងរាជ្យសម្បត្តិចាប់ពីឆ្នាំ ៨៨៩ ដល់ ៩១០។ ព្រះអង្គ បានគង់នៅរាជធានីយសោធរ និងបានកសាងប្រាសាទភ្នំបាខែង ប្រាសាទភ្នំបូក និងប្រាសាទភ្នំក្រោម។ កាលគង់នៅហរិហរាល័យ ព្រះអង្គ ក៏បានកសាងប្រាសាទលលៃ ដែលជាប្រាសាទឥដ្ឋដ៏ត្រកាលមួយផងដែរ។

ក្រោយពេលព្រះបាទយសោវរ្ម័នទី១ បានសោយទិវង្គត ក្រុងយសោធរនេះ មានព្រះមហាក្សត្រ ២អង្គ បានបន្តគ្រងរាជនៅតំបន់អង្គរនេះ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី១។ ក្រោយមកទៀត ព្រះបាទជ័យវរ្ម័នទី៤ បានយាងទៅតាំងរាជធានីនៅតំបន់កោះកេរមួយរយៈពេលយូរ។ 

បើតាមអាជ្ញាធរជាតិព្រះវិហារ ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមកសាងរាជធានីនៅកោះកេរនាឆ្នាំ៩២១ នៃគ្រិស្តសករាជ ហើយបានគ្រងរាជជាផ្លូវការពីឆ្នាំ ៩២៨ ដល់ ៩៤១ នៃគ្រិស្តសករាជ។ បន្ទាប់មក ព្រះរាជបុត្រព្រះអង្គ ព្រះបាទហសវរ្ម័នទី២ បានឡើងគ្រងរាជរយៈពេលខ្លី រហូតដល់ឆ្នាំ ៩៤៤ នៃគ្រិស្តសករាជ។ រាជធានីរបស់ព្រះអង្គឈ្មោះ លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និងឆោកគគ៌្យរ (ស្រះគរគី) ជាភាសាខ្មែរ ដែលសព្វថ្ងៃហៅថា កោះកេរ។ សិលាចារឹក ៧៣ ផ្ទាំងនៅទីកន្លែងប្រាសាទផ្ទាល់បានចារឡើងដោយអក្សរទំហំធំៗ ដែលអ្នកជំនាញសន្និដ្ឋានបានថា មានមនុស្សប្រហែលមួយម៉ឺននាក់ រស់នៅរាជធានីកោះកេរក្នុងចន្លោះឆ្នាំ ៩២៨ដល់ ៩៤៤ នៃគ្រិស្តសករាជ។ 

ក្រោយមក ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានយាងត្រឡប់មកកាន់រាជធានីយសោធរអង្គរធំវិញ។ ព្រះបាទព្រះបាទរាជេន្ទ្រវម៌្មទេវ បានកសាង ប្រាសាទប្រែរូប ដែលមានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១។ ប្រាសាទប្រែរូប ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ ព្រះបាទព្រះបាទរាជេន្ទ្រវរ្ម័នទី២ ក៏បានកសាងប្រាសាទមេបុណ្យខាងកើត។ 
 


ត្រឡប់មកកាន់ឆ្នាំ១០០១ លោក សួម សុភា បានបញ្ជាក់ថា នៅព្រះបាទជ័យវរ្ម័នទី៥ បានសោយទិវង្គត ព្រះបាទជ័យវិរវរ្ម័ន បានឡើងគ្រងរាជ្យបន្ត។ ព្រះបាទជ័យវិរវរ្ម័ន បានគង់នៅរាជធានីអង្គរនេះ មិនបានយាងទៅតាំងរាជធានីនៅតំបន់ផ្សេងនោះទេ។ ព្រះបរមរាជវាំងរាជធានីយសោធរ ត្រូវបានគេស្គាល់ថា ស្ថិតនៅខាងក្រោយ ប្រាសាទភិមានអាកាស។ 

កិត្តិនាមរបស់ព្រះបាទជ័យវរវរ្ម័ន មិនសូវល្បីសុះសាយនៅក្នុងប្រវត្តិសាស្រ្តខ្មែរប៉ុន្មាននោះទេ។ ប៉ុន្តែព្រះបាទជ័យវិរវរ្ម័ននេះហើយ ដែលបានគង់នៅព្រះបរមរាជវាំងក្នុងក្រុងអង្គរធំ និងបានកសាងប្រាសាទភិមានអាស។ សូមបញ្ជាក់ថា ប្រាសាទភិមានអាកាស ត្រូវបានកសាងបន្ថែមក្នុងរាជ្យព្រះមហាក្សត្របន្តបន្ទាប់ទៀត៕ 



 


 

ព័ត៌មានទាក់ទង